អាជ្ញាធរ​ប្រចាំ​តំបន់​របស់​ហ្វីលីពីន​បាន​​ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ ទី​ ៦ ខែ​ធ្នូ​ថា​ ឡាន​ក្រុង ​​១ ​គ្រឿង​​ ដែល​ដឹក​មនុស្ស​​ជាច្រើន​​នាក់ ​បាន​ដាច់​ហ្វ្រាំង ​ហើយ​​​បើក​​ធ្លាក់​ពី​លើ​​ថ្ម​ចោត​ក្នុង​ខេត្ត​ Antique ​ភាគ​កណ្តាល​នៃ​ប្រទេស​ ដោ​យ​​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៦ នាក់។​

អភិបាល​ខេត្ត Antique លោកស្រី​ RhodoraCadiao ​បាន​និយាយថា​ ​មនុស្ស​ ៨​ នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ហើយ​មនុស្ស​ ៤នាក់​​ទៀត​មាន​របួស​ស្រាល​។

សារព័ត៌មាន​ផ្សេង​ៗ​បាន​រាយការណ៍ពី​ដំបូង​​ថា​ ឡាន​ក្រុង​រង​គ្រោះ​បាន​ដឹក​អ្នក​ដំណើរ​រហូ​ត​ដល់​ ៥៣នាក់ប៉ុន្តែ​ចំនួន​​នេះ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ​​។


លោកស្រី​​ Cadiao ​បាន​និយាយ​ថា​​មុន​ពេល​កើត​ហេតុ​ ឡាន​​ក្រុង​នោះ​​កំពុង​​ដឹក​​​អ្នក​​ដំណើរ​​មក​​ពី​​ខេត្ត​​Iloilo ​​​​ធ្វើ​​ដំណើរ​ឆ្ពោះ​ទៅ​ទីក្រុង​Culasi ​នៃ​ខេត្ត​ ​Antique ​នា​រសៀល​ថ្ងៃ​អង្គារ​ ប៉ុន្តែ​​ដាច់​ហ្វ្រាំង​​នៅ​កន្លែង​ផ្លូវ​បត់​បែន​ខ្លាំង​ ហើយ​បើក​ធ្លាក់​ចូល​​ជ្រោះ​ថ្ម​ចោត​កម្ពស់​ ៣០ម៉ែត្រ​។

 ​មន្រ្តី​តំបន់​ដដែល​បន្ត​ថា​៖«​យើង​​ហៅ​​តំបន់​គ្រោះ​ថ្នាក់​​នោះ​​ថា​​ជា​​ផ្លូវ​​កោង​​ឃាត​ករ​។​ វា​​​ជា​​ឡាន​ក្រុង​​ទី​​​២​​ហើយ​​ដែល​​បាន​​ធ្លាក់​​នៅ​​ទីនោះ​។ ​ដោយ​​សារ​តែ​ចំនួន​អ្នក​ស្លាប់​​ច្រើន​ យើង​ត្រូវ​តែ​បោះ​បង់​ចោល​​ផ្លូវ​នោះ​ ​​ ហើយ​ធ្វើ​ផ្លូវ​មួយ​ទៀត​ ដើម្បី​ធ្វើ​ឱ្យ​តំបន់​នោះ​មាន​សុវត្ថិភាព​»។


​​ចំណែក​ឯ​ប្រធាន​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ខេត្ត​​ Antique  លោក Roderick Trainវិញ​​បាន​ប្រាប់​ទីភ្នា​ក់ងារ​សារព័ត៌មាន​​AFP ​ថា​​៖ «​ដោយ​វា​​​ជា​ផ្លូវ​ភ្នំ​ ដូច្នេះ​​ឡាន​ក្រុង​នោះ​​បាន​បើក​ធ្លាក់​ពី​កន្លែង​ខ្ពស់​»​។លោក​បន្ត​ថា​៖ «​យោង​​តាម​​សាក្សី​ វា​​​បណ្ដាល​មក​ពី​​បញ្ហា​​ម៉ាស៊ីន​​​។​​ ​អ្នក​​បើក​បរ​​​​​ទប់​ចង្កូត​លែង​ជាប់​​ ​អាច​​នឹង​​ដាច់​​ហ្វ្រាំង​»​។

គ្រោះ​ថ្នាក់​ចរាចរណ៍​​សាហាវ​ៗ​ បាន​កើត​ឡើង​ជា​ញឹក​ញយ​​​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ដោយ​សារ​តែ​អ្នក​បើកបរ​ជា​រឿយ​ៗ​មិន​គោរ​​ព​ច្បាប់​ចរាចរណ៍​ ហើយ​យាន​យន្ត​របស់​ពួក​គេ​មាន​​ការ​ថែ​ទាំ​មិន​បាន​ល្អ ​ឬ​ផ្ទុក​លើស​ទម្ងន់​ជា​ដើម​​៕​