អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បាន​​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ ថា​ លោក​នឹង​មិន​ក្លាយ​ជា​ជន​ផ្ដាច់​ការ​នោះ​ទេ​ ប្រសិន​បើ​លោក​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​​អាមេរិក​ម្ដង​ទៀត​។ នេះ​បើ​តាម​ការ​​ស្រង់​សម្ដី​​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រ៉យទ័រ​។

ការ​ប្រកាស​ក្ដែង​ៗ​យ៉ាង​បែប​នេះ​ធ្វើ​ឡើង​ ខណៈ​មាន​​ការ​ព្រមាន​ពី​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ និង​អ្នក​នៅ​ក្នុង​​​​គណបក្ស​​សាធារណរដ្ឋ​​​មួយ​ចំនួន​ថា​ អាមេរិក​ ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​ក្លាយ​ជា​ប្រទេស​ផ្តាច់ការ​ ប្រសិន​បើ​លោក​ ត្រាំ​ ​​ឈ្នះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៤ ខាង​មុខ​។

​ឆ្លើយ​ទៅ​នឹង​សំណួរ​ថា​តើ​លោក​នឹង​ក្លាយ​ជា​ជន​ផ្ដាច់​ការ​ឬ​យ៉ាង​ណា​? លោក​ ត្រាំ​ ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​អត់​ទេ​ៗ។ លើក​លែង​តែថ្ងៃ​ដំបូង​»​។ លោក​គូស​បញ្ជាក់​ថា​ ​នៅ​ថ្ងៃ​ទី​​១​​ លោក​នឹង​ប្រើ​អំណាច​ប្រធា​នាធិបតី​ ដើម្បី​បិទ​ព្រំ​ដែន​ភាគ​ខាង​ត្បូង​ជាមួយ​ម៉ិកស៊ិក​ និង​ពង្រីក​ការ​ខួង​យក​ប្រេង​។​


​ទម្រាំ​នឹង​ឆ្លើយ​យ៉ាង​ដូច្នេះ​ ​​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋដដែល​​ ត្រូវ​បាន​គេ​សួរ​​​រហូត​ដល់ទៅ​​​ ២ ដង​ ​ថា​លោក​នឹង​ប្រើ​​អំណាច​ដើម្បី​​សង​សឹក​លើ​គូ​ប្រជែង​នយោបាយ​របស់​ខ្លួន ​ឬ​យ៉ាង​ណា​ប្រសិ​ន​បើ​ជាប់​ឆ្នោត​​ ​​​ក្នុង​អំឡុង​កម្ម​វិធី​ឆ្លើយ​សំណួរ​​​ផ្សាយ​តាម​ទូរទស្សន៍​​​ពី​សាល​​​​រដ្ឋ​ Iowa កាល​ពី​ថ្ងៃ​អង្គារ​។

​កន្លង​មក​ លោក​ ត្រាំ​ ដែល​អាច​នឹង​ប្រកួត​យក​តំណែង​​នៅ​​សេតវិមាន​ឡើង​វិញ​ជាមួយ​ប្រធានាធិបតី​​ពី​បក្ស​ប្រជាធិបតេយ្យ​ លោក​ ចូ​ បៃដិន​ ក្នុង​ការ​បោះ​ឆ្នោត​នា​ខែ​វិច្ឆិកា​ខាង​មុខ​ បាន​លើក​ឡើង​ជា​រឿយ​ៗ​ពី​ការ​​ដាក់​​ទោស​ ​លើ​គូ​ប្រជែង​​នយោបាយ​​​ប្រសិន​បើ​​ឈ្នះ​ឆ្នោត​។ ​



​​លោក​ ត្រាំ​ បាន​និយាយ​ក្នុង​សុន្ទរកថា​​ និង​ការ​បង្ហាញ​ខ្លួន​ផ្សេង​ៗ​តាម​​ទូរទស្សន៍​នៅ​ឆ្នាំ​នេះ​ ថា​ ​​គោលដៅ​​របស់​លោក​រួម​មាន​​លោក​ បៃដិន​​រដ្ឋអាជ្ញា​ដែល​​ចោទ​ប្រកាន់​​លោក​ពី​បទ​ឧក្រិដ្ឋកម្ម​រាប់​សិប​ក្រសួង​យុត្តិធម៌ ​និង​ការិយាធិបតេយ្យ​សហព័ន្ធ​​។

លោក​ ត្រាំ​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចន្លោះ​ឆ្នាំ​២០១៧​ ដល់​ឆ្នាំ​២០២១​ ហើយ​​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ថា​ លោក​បាន​ចាញ់​លោក​ បៃដិន​ ក្នុង​ការ​បោះឆ្នោតឆ្នាំ​២០២០ នោះ​ទេ​។

 ​ចាប់​តាំង​ពី​ពេល​នោះ​មក​ អ្នក​នយោបាយ​​រូប​នេះ​​ បាន​ផ្សព្វ​ផ្សាយ​ការ​អះ​អាង​មិន​ពិត​ដែល​ថា​ ការ​បោះឆ្នោ​ត​ឆ្នាំ​២០២០​ មាន​ការ​លួច​បន្លំ​ រហូត​ដល់​បង្ក​ឱ្យ​មាន​ការ​បះ​បោរ​ដ៏​សាហាវ​ពី​អ្នក​​​គាំទ្រ​របស់​លោក​នៅ​វិមាន​កាំពីតូល​ ថ្ងៃ​ទី​៦ ខែ​មករា​ ឆ្នាំ​២០២១​។ ការ​អះ​អាង​ថា​ ការ​បោះ​ឆ្នោត​​អាណត្តិ​មុន​ពេញ​ដោយ​ការ​លួច​បន្លំ​ ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក​ ត្រាំ​ នា​ពេល​នេះ​ផង​ដែរ​។

យ៉ាង​ណា​ក៏​ដោយ​ លោក​ ត្រាំ​ ក៏​មាន​ដៃ​គូ​ប្រកួត​ប្រជែង​​ក្នុង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ ផ្ទាល់​ ដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ផ្លូវ​ការ​។ ក្នុង​នោះ​រួម​មាន​ ​​អភិបាល​រដ្ឋ​ហ្វ្លរីដា​ លោក ​Ron DeSantis និង​អតីត​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​​អង្គការ​សហប្រជាជាតិ លោក​ស្រី​​ Nikki Haley។

 ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ ក៏​ដូច​ជាសុន្ទរកថា​នា​​ពេល​កន្លង​មក​ អ្នក​នយោបាយ​ពី​បក្ស​ប្រជាធិបតេយ្យ​ រួម​មាន​​​លោក​បៃដិន​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា​ លោក​ ត្រាំ​គឺ​ជា​ការ​គំរាម​កំហែង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ ​ហើយ​ថា​ អាណត្តិ​ទី​​២​របស់​លោក​​អាច​ឈាន​ទៅ​ដល់​សម័យ​កាល «ផ្ដាច់​ការ​អាមេរិក​» ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ និង​គ្រោះ​ថ្នាក់​៕​