ប្រទេស​តួកគី​នៅថ្ងៃ​ទី​៦ ខែ​ធ្នូ​ បានប្រកាសថា​ ខ្លួន​បាន​ចាប់​ខ្លួន​​ជន​ជាតិ​អង់គ្លេស​ម្នាក់​ ដែល​ជាប់​ឈ្មោះ​ថា​ជា​​មេក្លោង​នៃ​ក្រុម​ឧក្រិដ្ឋ​កម្ម​ពាក់​ព័ន្ធ​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ ការ​ជួយ​ដូរ​​កាំ​ភ្លើង​ខុស​ច្បាប់​ និង​ប្រតិបត្តិការ​ចារកម្ម​ក្នុង​​ទីក្រុង​អ៊ីស្ដង់​ប៊ុល​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

រដ្ឋ​មន្ត្រី​មហាផ្ទៃ​តួកគី​ លោក​ Ali Yerlikaya ​បាន​និយាយ​ថា​ លោក​ Shaun Monaghan ​មេ​ដឹក​នាំ​ក្រុម​ឧក្រិដ្ឋកម្ម​ ​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​​អង់គ្លេស​ ត្រូវ​បាន​​ប៉ូលិស​អន្តរជាតិ​ Interpol តាម​ចាប់​ខ្លួន។ ​លោក​Yerlikaya​ បាន​និយាយ​ថា​លោក​ Monaghan ​បាន​មក​ដល់​ប្រទេសតួកគី​ក្នុង​ខែ​តុលា ​ហើយ​ដីកា​របស់​ប៉ូលិស​ Interpol បាន​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​។

 រដ្ឋ​មន្រ្តី​ដដែល​បន្ត​ថា​ ប៉ូលិស​តួកគី​បាន​រក​ឃើញ​ លោក​ Monaghan ​រស់​នៅ​ក្នុង​សង្កាត់​Fatih​ នៃ​ទីក្រុង​​អ៊ីស្ដង់​ប៊ុល​ ហើយ​បាន​ចាប់​​ខ្លួន​លោក​នៅ​ថ្ងៃ​ពុធ​នេះ​។


បើ​តាម​លោក Yerlikaya លោក​​ Monaghan ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ចែក​ចាយ​កូកាអ៊ីន ​និង​ហេរ៉ូអ៊ីន​ ក៏​ដូច​ជា​ការ​ប្លន់​ប្រដាប់​អាវុធ​ជា​ដើម​​។ 

ការ​ចាប់​ខ្លួន​ លោក​ Monaghan ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​គ្នា​ លើ​​ប្រតិកម្ម​ផ្ដោត​លើ​​​​ក្រុម​​ឧក្រិដ្ឋកម្ម​​អន្តរជាតិ​​របស់​រដ្ឋាភិបាល​តួកគី​។


កាល​ពី​ខែ​មុន​ លោក Yerlikaya​បាន​និយាយ​ថា​ ប្រទេស​តួកគី​បាន​ចាប់​ខ្លួន​ លោក​HakanAyik​ ដែល​ជា​អ្នក​រត់​គេច​ខ្លួន​កំពូល​ ដែល​គេ​​តាម​ចាប់​ខ្លួន​​ក្នុង​ប្រទេស​អូស្ត្រាលី​​ចំពោះ​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ និងចាប់​ខ្លួន​ ៣៦ នាក់​ផ្សេង​ទៀត​​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​រង្វង់​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ដែល​​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ និង​​នូវែលសេឡង់​តាម​ចង់​ខ្លួន​៕