​សារព័ត៌មាន​កូរ៉េខាងត្បូង ​បាន​រាយការណ៍​ថា រដ្ឋាភិបាល​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​ ៥​ ខែធ្នូ បានដាក់​ចេញ​ផែន​ការ​ដ៏​ទូលំទូលាយ​មួយ​ដែល​តម្រូវឱ្យ​យុវជន​កូរ៉េ​ចាប់ពី​អាយុ​ ២០ ​ទៅ​ ៣៤ ​ឆ្នាំ ទៅ​ពិនិត្យ​សុខ​ភាព​ផ្លូវចិត្ត និង​ទទួល​សេវា​ប្រឹក្សា​ផ្សេងៗ​ទៀត ដែលជា​វិធានការ​មួយ​ដើម្បី​ទប់ស្កាត់​ការធ្វើអត្តឃាត​ដែល​កើនឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​។​

​សារព័ត៌មាន Korea Herald បាន​រាយការណ៍​ថា ប្រទេស​កូរ៉េ​បាន​កត់ត្រា​អត្រា​ធ្វើអត្តឃាត​ខ្ពស់បំផុត​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រតិ​ប​ត្តិ​ការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) ក្នុង​រយៈពេល​ជិត​ ២០ ​ឆ្នាំ​ជាមួយនឹង​ការស្លាប់ ២៥,២​ នាក់​ក្នុង​ចំនួន​១ ០​ ម៉ឺន​នាក់់​ក្នុង​ឆ្នាំ​ ២០២២ ច្រើនជាង​ទ្វេដង​នៃ OECD ជា​មធ្យម​នៃ​ការស្លាប់​ ១០,៦ ​នាក់​ក្នុង​ ១០​ ម៉ឺន​នាក់​។​

​ទិន្នន័យ​ពី​ក្រសួងសុខាភិបាល និង​សុខុមាលភាព និង​ទីភ្នាក់ងារ​គ្រប់គ្រង និង​បង្ការ​ជំងឺ​កូរ៉េ​បាន​បង្ហាញថា ប្រជាជន​កូរ៉េខាងត្បូង ជិត ៤ ​ម៉ឺន​នាក់​បានបញ្ចប់​ជីវិតរ​បស់​ពួកគេ​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ចុង​ក្រោយនេះ​ដោយ​ការធ្វើអត្តឃាត ជាមួយនឹង​ការធ្វើ​អត្ត​ឃាត​កើនឡើង​ក្នុងចំណោម​មនុស្ស​វ័យក្មេង​។​


​ដើម្បី​ដោះស្រាយ​សុខភាព​ផ្លូវចិត្ត​ដែល​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​របស់​ប្រទេស​នេះ រដ្ឋាភិបាល​នឹង​អនុវត្ត​ការត្រួតពិនិត្យ​សុខ​​ភាព​ផ្លូវចិត្ត​ ១ ​ដង​រៀងរាល់​ ២​ ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​អ្នក​ដែលមាន​អាយុ​ចន្លោះ​ពី​ ២០ ​ឆ្នាំ​ដល់ ៣៤ ​ឆ្នាំ ហើយ​ក្រោយមក​ពង្រីក​ដល់​គ្រប់​ក្រុម​អាយុ​ដើម្បី​ស្វែង​រក​សញ្ញា​ព្រមាន​ជាមុន​។​

​បញ្ជី​ជំងឺ​គោលដៅ​ដែល​បានធ្វើ​បច្ចុប្បន្នភាព​នឹង​រួមបញ្ចូល​ជំងឺ​បាក់​ទឹកចិត្ត​ (depression) ជំងឺ​វិកលចរិត (schizophrenia) និង​ជំងឺ​បាយ​ប៉ូ​​ឡា ​(bipolar disorder)​។​


​បច្ចុប្បន្ននេះរដ្ឋ​ផ្តល់​ការពិនិត្យ​សុខភាព​ផ្លូវចិត្ត​ ដល់​ជនជាតិ​កូរ៉េ​​ ដែលមាន​វ័យអាយុ​ចន្លោះ​ពី ២០​ ទៅ​ ៧០ ​ឆ្នាំ​រាល់​ ១០ ​ឆ្នាំ​ម្តង​៕​