​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​​ទីន (Vladimir Putin) ចេញទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​មជ្ឈិមបូព៌ា​លើកដំបូង​ចាប់តាំងពី​សង្គ្រាម​អ៊ី​ស្រា​អែល​ហា​ម៉ាស់​ផ្ទុះឡើង​អស់​រយៈពេល ​២ ​ខែ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ចុះ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នៅ​ថ្ងៃ​ពុធ​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov)​​ បានប្រកាស​អំពី​ដំណើរ​ទស្សនកិច្ច​នេះ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​៖«​ភាគី​ដែល​ពាក់ព័ន្ធ​នឹង​ជួបប្រជុំគ្នា ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី និង​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន​-​អ៊ី​ស្រា​អែល​»​។​

​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត គឺជា​ដៃគូ​ដ៏​សំខាន់​របស់​រុស្ស៊ី​នៅក្នុង​អង្គការ​នាំចេញ​ប្រេង OPEC+ រីឯ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ក្លាយជា​មជ្ឈមណ្ឌល​​អន្តរជាតិ​ដ៏​សំខាន់​សម្រាប់​អាជីវកម្ម​របស់​រុស្ស៊ី និង​ដៃគូ​ដ៏​សំខាន់​សម្រាប់​គេច​ចេញពី​ការដាក់ទណ្ឌកម្ម​របស់​លោកខាងលិច​។​


​លោកពូ​ទីន​តែងតែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​នាំចេញ​ប្រេង​នៅ​ឈូង​សមុទ្រ​នេះ ដូចជា​អា​រ៉ា​ប៊ី​សា​​អ៊ូឌី​ត និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដោយ​ប្រទេស​ទាំង​​ ២ ​បាន​រក្សា​អព្យាក្រឹតភាព​ជុំវិញ​ជម្លោះ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ លើសពីនេះ​ទៀត​ប្រទេស​ទាំង​ ២ ​ក៏​មិនបាន​ផ្ដល់​សច្ចា​ប័នឱ្យ​សន្ធិសញ្ញា​តុលាការ​ឧក្រិដ្ឋ​​កម្ម​អន្តរជាតិ​នោះទេ ដូច្នេះ​ប្រទេស​ទាំង​ ២​ មិនមាន​កាតព្វកិច្ច​អនុវត្ត​ដីកា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដែល​បាន​ចោទប្រកាន់​លោកពូ​ទីន ពីបទ​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម​ទេ​។​

​កន្លងមក ព្រះអង្គម្ចាស់ ម៉ូ​ហាំ​មេ​ដ ប៊ិន​សាល​ម៉ាន (Mohammed bin Salman)​ ដែលជា​រាជទាយាទ​អា​រ៉ា​ប៊ី​សា​​អ៊ូ​ឌី​ត និង​លោក ម៉ូ​ហាំ​មេ​ដ ប៊ិន ហ្សា​យិ​ត​អាល់​​ណា​យ៉ាន (Mohammed bin Zayed alNahyan)​ មេដឹកនាំ​នៃ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ពូ​ទីន ហើយ​ក៏បាន​តាំងខ្លួន​ជា​អ្នក​សម្រុះសម្រួល​រវាង​រុស្ស៊ី និង​លោកខាងលិច​ទៀតផង​។ ម្យ៉ាងទៀត ប្រទេស​ទាំង​២​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​សម្រុះសម្រួល និង​រៀបចំ​ឱ្យមាន​ការផ្លាស់ប្តូរ​អ្នកទោស​អំឡុងពេល​មាន​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។​


​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​អា​រ៉ា​ប៊ី​សា​​អ៊ូឌី​ត និង​រុស្ស៊ី ក៏បាន​ជះ​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ទីផ្សារ​ប្រេង​ក្នុង​សកលលោក​ផងដែរ​។​

​ព្រះអង្គម្ចាស់​ម៉ូ​ហាំ​មេ​ដ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​វែកផ្លូវ​ឱ្យ​ទីក្រុង​​ម៉ូស្គូ​ចូលទៅក្នុង​សម្ព័ន្ធភាព OPEC+ ហើយ​ថ្មីៗ​នេះ ក្រុម​ប្រទេស​ក្នុង​ប្លុក​មួយ​នេះ​ក៏បាន​នាំគ្នា​កាត់បន្ថយ​ការផលិត​ប្រេង​តាម​សំណូមពរ​របស់​រុស្ស៊ី​ដែរ​៕