​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ UNICEF ដែល​ធ្វើ​កិច្ច​ការផ្តោត​សំខាន់​លើ​កុមារ និង​ការអប់រំ រកឃើញថា កុមារ​ចំនួន ​៦៩ ​លាន​នាក់ ឬ​ច្រើនជាង ​១ ​នាក់​ក្នុងចំណោម​ ៥ ​នាក់ រស់នៅក្នុង​ភាពក្រីក្រ​នៅក្នុង​ប្រទេស​ដែលមាន​ជាងគេ​បំផុត​ទាំង​ ៤០ របស់​ពិភពលោក​។​

​អង្គការ​ UNICEF​ បាន​និយាយ​នៅក្នុង​របាយការណ៍​ថ្មី​មួយ​ដោយ​រិះគន់​យ៉ាងខ្លាំង​លើ​ចក្រភព​អង់គ្លេស និង​បារាំង​ចំពោះ​ចំណាត់ថ្នាក់​អាក្រក់​របស់​ប្រទេស​ទាំង​ ២ ដែល​ត្រូវគេ​ដឹងថា មានការ​អភិវឌ្ឍ​ជឿនលឿន និង​មាន​ប្រព័ន្ធ​អប់រំ​ដ៏​ខ្លាំង​។​

​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បានឱ្យដឹងថា​ការរកឃើញ​នេះ​កើតឡើង​បើទោះបីជា​មានការ​ធ្លាក់ចុះ​នៃ​អត្រា​ភាពក្រីក្រ​របស់​កុមារ​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ​ ២០១៤ និង​ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២១ ដោយ​ប្រហែល​៨​ភាគរយ​នៅ​ប្រទេស ​៤០ ​ក្នុង​តំបន់​សហភាព​​អឺរ៉ុប និង​ប្រទេស​អ្នកមាន​ជាច្រើន​ទៀត​នៃ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ដែល​ត្រូវបាន​វាយ​តម្លៃ​ក្នុងការ​សិក្សា​កន្លងមក​។​


Unicef Innocenti ដែលជា​ផ្នែក​ស្រាវជ្រាវ​នៃ​ទីភ្នាក់ងារ​កុមារ​របស់​អង្គការសហប្រជាជាតិ ​(UNICEF) បាន​និយាយថា​៖«​នេះ​គឺ​ស្មើនឹង​កុមារ​ប្រហែល​ ៦​ លាន​នាក់​ក្នុងចំណោម​កុមារ​សរុប​ចំនួន​ ២៩១​ លាន​នាក់​»​។​

​ប៉ុន្តែ​នៅ​ចុងឆ្នាំ​ ២០២១ នៅតែមាន​កុមារ​ជាង ​៦៩ ​លាន​នាក់​នៅក្នុង​ភាពក្រីក្រ​នៅក្នុង​ប្រទេស​ទាំងនោះ​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ​៦ ខែធ្នូ​។​


​ដោយ​ការលើកឡើង​ពី​ផល​ប៉ះពាល់​នៃ​ការប្រឹងប្រែង​តស៊ូ​បែបនេះ​លើ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​យុវជន វេជ្ជ​​បណ្ឌិត Bo Viktor Nylund នាយក​អង្គការ Unicef Innocenti ដែលជា​ការិយាល័យ​ស្រាវជ្រាវ និង​ព្យាករណ៍ (Global Office of Research and Foresight) បានឱ្យដឹងថា​៖«​សម្រាប់​កុមារ​ភាគច្រើន នេះ​មានន័យថា ពួកគេ​ធំ​ឡើង​ដោយ​គ្មាន​អាហារ​បំប៉ន​គ្រប់គ្រាន់ សម្លៀកបំពាក់ សម្ភារ​សិក្សា ឬ​កន្លែង​កក់ក្តៅ នៅពេលដែល​ពួកគេ​ទៅផ្ទះ​»​។​

​តួលេខ​របស់​អង្គការ ​UNICEF គឺ​ផ្អែកលើ​ភាពក្រីក្រ​ដែល​ទាក់​ទង​គ្នា ដែលមាន​ប្រហែល ៦០ ភាគរយ​នៃ​ប្រាក់ចំណូល​មធ្យម​ជាតិ ដែលជា​រឿយៗ​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ដើម្បី​បង្កើត​កម្រិត​នៃ​ភាពក្រីក្រ​ផ្ទាល់​របស់​ពួកគេ​។​

​របាយការណ៍​នេះ​បាន​អំពាវ​​នាវ​ឱ្យមាន​សកម្មភាព​ដើម្បី​ធានា​សុខុមាលភាព​របស់​កុមារ និង​សម្រាប់​ឆន្ទៈ​នយោបាយ​ក្នុងចំណោម​ប្រទេស​ដែល​បាន​ស្ទង់​មតិ ដោយ​សង្កត់ធ្ងន់ថា​ទ្រព្យសម្បត្តិ​របស់​ប្រទេស ​១ មិនបាន​លើក​កុមារ​របស់​ប្រទេស​នោះ​ចេញពី​ភាពក្រីក្រ​ដោយ​ស្វ័យប្រវត្តិ​ទេ​។​

​ចាប់តាំងពី​ឆ្នាំ ​២០១២  ​មក ជំហាន​ថយក្រោយ​ដ៏​ធំ​បំផុត​ត្រូវបាន​គេ​ឃើញ​នៅក្នុង​ប្រទេស​អ្នកមាន​បំផុត​មួយចំនួន​។​

​ចក្រភព​អង់គ្លេស​បានឃើញ​ការកើនឡើង​ ១៩,៦ ​ភាគរយ​នៅក្នុង​ភាពក្រីក្រ​របស់​កុមារ  ​ឬ​កុមារ​កន្លះ​លាន​នាក់​បន្ថែម ហើយ​អត្រា​របស់​ប្រទេស​បារាំង​បាន​កើនឡើង ១០,៤​ ភាគរយ​។​

​នៅ​សហរដ្ឋអាមេរិក ចំនួន​កុមារ​ក្រីក្រ​បាន​ធ្លាក់ចុះ ​៦,៧ ភាគរយ ប៉ុន្តែ​កុមារ​ច្រើនជាង ១ ​នាក់​ក្នុងចំណោម​ ៤​ នាក់​នៅតែ​រស់នៅក្នុង​ស្ថានភាព​ពាក់ព័ន្ធ​ភាពក្រីក្រ​នៅឡើយ​។​

​អត្រា​នៃ​ភាពក្រីក្រ​ក្នុង​ឆ្នាំ ២០១៩-២០២១ ​គឺ​ខ្ពស់ជាង​ ២ ​ដង​ដូច​នៅ​ប្រទេស​ដា​ណឺ​ម៉ាក ដែលជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ប្រហាក់ប្រហែលគ្នា​សម្រាប់​មនុស្ស​ម្នាក់​។​

​ដោយ​គូសបញ្ជាក់​ទំនាក់​ទំនង​រវាង​ភាពក្រីក្រ​របស់​កុមារ និង​វិសមភាព​លើ​វិស័យសេដ្ឋកិច្ច របាយការណ៍​ថ្មី​មួយ​នេះ​ក៏បាន​លើកឡើង​ពី​ហានិភ័យ​កាន់តែ​ខ្ពស់​នៃ​ភាពក្រីក្រ​សម្រាប់​កុមារ​មកពី​គ្រួសារ​ដែលមាន​ឪពុក​ម្តាយ​តែ​ម្នាក់ និង​គ្រួសារ​នៃ​ជនជាតិដើម​ភាគតិច​៕