សមាជិកសភា​មកពី​គណបក្សឆ្ពោះ​ទៅ​មុខ (Move Forward) ដែល​ឈ្នះឆ្នោត​ប៉ុន្តែមិនបាន​ដឹកនាំ​ប្រទេស​ លោក​ រ៉ាង​ស៊ី​ម៉ាន រ៉ូម (Rangsiman Rome) បានទាមទារ​ឱ្យរដ្ឋាភិបាលថៃ​​ពន្យល់​ពី​ការដែល​មន្ត្រីប៉ូលិស​ម្នាក់​ដែលជា​ក្មួយប្រុស​របស់​អតីត​ភរិយា​លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អាច​ទទួលបាន​ឋានៈ​ជា​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​មួយរូប​នៅ​ការិយាល័យ​អន្តោប្រវេសន៍​ក្នុង​អាកាសយានដ្ឋាន​ភូ​កេ​ត។

តំណាងរាស្ត្រ​បក្សប្រឆាំង​រូបនេះ​បាន​ចោទ​សួរថា​ហេតុអ្វី​បានជា​លោក ថា​ណេ​ត​ស៊ុ​ក​ចៃ (Thanet​ Sukchai) អតីត​ស្នងការ​នគរបាល​អន្តោ​ប្រវេសន៍​នៅ​ភូ​កេ​ត​ត្រូវ​លាលែង​ពី​តំណែងភ្លាមៗមុនពេល​លោក​ត្រូវបាន​ផ្ទេរ​ទៅ​ខេត្ត ប្រា​ចួប គី​រី​ខាន់ (Prachuap Khiri Khan) និង​ជំនួស​ដោយ​ស្នងការ​ថ្មី​នៅ​ថ្ងៃទី២៩ខែវិច្ឆិកា កន្លងទៅ។

លោក​រ៉ាង​ស៊ី​ម៉ាន​បាន​សរសេរ​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កថា «ខ្ញុំ​គិតថា​ការិយាល័យ​ប៉ូលិស​ជាតិ​ថៃ ចាំបាច់​ត្រូវ​ឆ្លើយតប​នឹង​សំណួរ​ទាំងនេះ​និង​សំណួរ​ផ្សេងទៀត​ដែល​បានលើកឡើង​ជុំវិញ​ការរុះរើ​រចនាសម្ព័ន្ធ​ប៉ូលិស​លើកចុងក្រោយ​បង្អស់​នៅ​ការិយាល័យ​ប៉ូលិស​និង​ផ្នែក​អន្តោប្រវេសន៍​របស់​ខេត្ត​ភូ​កេ​ត»។


លោក​បាន​បន្ត​ចោទ​សួរថា​ហេតុអ្វី​បានជា ​លោក ថា​ណេ​ត ត្រូវបាន​ចាត់ទុកថា​ ជា​បុគ្គល​មិន​ស័ក្តិសម​សម្រាប់​តួនាទី​ជា​ប្រធាន​ប៉ូលិសអន្តោប្រវេសន៍​ភូ​កេ​ត? ហើយ​តើ​អ្វីដែល​ធ្វើឱ្យ​ស្នងការ​ថ្មី​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​តួនាទី​នេះ?

ការិយាល័យ​ប៉ូលិសអន្តោប្រវេសន៍​ភូ​កេ​ត​ស្ថិតនៅក្រោម​នាយកដ្ឋាន​អន្តោប្រវេសន៍​ទី៦ដែលមាន​ទីស្នាក់ការ​នៅក្នុង​ស្រុក​ហាត​យ៉ៃ (Hat Yai) នៃ​ខេត្ត​សុង​ខ្លា (Songkhla)។


សំណួរ​ដដែល​ខាងលើ​ក៏ត្រូវ​បាន​ចោទសួរ​ទៅកាន់​ការដំឡើង​តំណែង​របស់លោក​ផាដ​ថង​ធូ ដា​ម៉ា​ផុង (PadthongtewDamapong) ជា​ប្រធាន​អង្គភាព​ប៉ូលិសអន្តោប្រវេសន៍​ថ្មី​នៅ​ព្រលានយន្តហោះ​ភូ​កេ​ត។ លោក​រ៉ាង​ស៊ី​ម៉ាន បានចង្អុលបង្ហាញ​ថា​លោក​ផាដ​ថង​ធូ​គឺជា​ក្មួយប្រុស​របស់លោក​ស្រី ផុត​ចា​ម៉ាន ណា​ផូ​បេ​ច​រ៉ា (PotjamannaPombejra)ដែល​ធ្លាប់​រៀបការ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន​ស៊ីណាវ៉ាត្រា។

ឪពុក​របស់​លោកស្រី ផុត​ចា​ម៉ាន គឺជា​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​កំពូល ១រូប ហើយ​កាលនោះ លោក ថាក់ស៊ីន​ដំបូង​ឡើយ​ធ្វើការ​ជា​ប៉ូលិស​ក្រោយមក​បានក្លាយ​ជា​អ្នកមាន​ស្ដុកស្ដម្ភ​ដោយសារ​ការធ្វើ​ជំនួញ​បន្ទាប់មក​ក៏​ចូលធ្វើ​នយោបាយ។ ប៉ុន្តែ​សម្រាប់​លោក ផាដ​ថង​ធូ​ដែលមាន​អាយុ៤១ឆ្នាំ ស្រាប់តែ​បានទទួល​ការដំឡើងឋានៈ​នៅ​ខេត្ត​ភូ​កេ​ត​ពោលគឺ​ត្រឹមតែ ១០ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​បានធ្វើការ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ការិយាល័យ​អន្តោប្រវេសន៍។

លោក​រ៉ាង​ស៊ី​ម៉ាន បាន​ចោទសួរ​ដោយ​លើក​ហេតុផល​បន្ថែមទៀតថា​លោក​ផាដ​ថង​ធូ​អាចជា​មន្ត្រី​ពិសេស​ម្នាក់​ដែលមាន​ការគាំទ្រ​ខ្លាំង​ឈានទៅដល់​ការដំឡើងឋានៈ​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​លោក​ថា​ណេ​ត​ដែលជា​មេបញ្ជាការ​ប៉ូលិស​ម្នាក់ ពិតជា​គ្មាន​សមត្ថភាព​ស័ក្ដិសម​នឹង​ការដំឡើងឋានៈ​ឬក៏​យ៉ាងណា។

លោក​បាន​លើក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​រាយការណ៍​កាលពី​ខែ​មុន អំពី​សុន្ទរកថា​ដែល​លោកនាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ីន (SretthaThavisin) បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​សមាជិកសភា​គណបក្ស​ភឿ​ថៃ​ថា៖«មន្ត្រីនគរបាល​មួយចំនួន​នឹង​សប្បាយចិត្ត​ ខណៈ​ខ្លះទៀត​ខកចិត្ត​នឹង​លទ្ធផល​នៃ​ការរុះរើ​នាពេល​ខាងមុខនេះ»។ យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​បាន​បដិសេធថា​រូបលោក​មិនបាន​លើកឡើង​ដូច​ការរាយការណ៍​រប​ស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​នោះទេ។

លោក​ផាដ​ថង​ធូ​កើត​នៅ​ទីក្រុង​ឡូ​ស​អេ​ន​ជឺ​លេស (Los Angeles) ហើយ​បាន​ផ្លាស់​ទៅ​នៅ​ប្រទេស​ថៃ​នៅ​អាយុ១០ឆ្នាំ។ លោក​បានបញ្ចប់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ​ថាំ​ម៉ា​សាត (Thammasat) និង​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ​ពី​សាកលវិទ្យាល័យ​Southern California ។ លោក​បាន​រៀបការ មានគ្រួសារ និង​មានកូន ៤នាក់៕