អ្នកកាសែត​ហុងកុង​បាន​សម្ដែង​ការព្រួយបារម្ភ​ជាថ្មី​ចំពោះ​ករណី​ដាច់​ការទាក់ទង​អ្នកកាសែត ២ នាក់​ ដែល​បម្រើការ​នៅ​សារព័ត៌មាន South China Morning Post ជា​ភាសា​អង់គ្លេស​ក្នុងអំឡុងពេល​ពួកគេ​ទៅ​បំពេញការងារ​នៅ​ប្រទេស​ចិន។ ទាក់ទិន​នឹង​ករណី​នេះ សាធារណជន​បានដាក់​ការសន្និដ្ឋាន​ថា​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ចិន។

បើ​យោងតាម​ការរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ម្នាក់​ក្នុងចំណោម​អ្នកកាសែត​ដែល​បាន​បាត់​ខ្លួន​មាន​ឈ្មោះថា Minnie Chan។អ្នកកាសែត​រូបនេះ​ធ្វើការ​នៅ​សារព័ត៌មាន South China Morning Post ដែលមាន​ស្នាក់ការ​មូលដ្ឋាន​នៅ​ហុងកុង​និង​ជា​អ្នក​ដែល​តាមដាន​រឿង​សន្តិសុខ​និង​យោធា​របស់​ចិន។

លោកស្រី Minnie Chan បាន​បាត់​ការទាក់ទង​ក្នុងអំឡុង​ពេលធ្វើ​ទស្សនកិច្ច​ការងារ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ជាង ១ ខែ​មុន។យ៉ាងណាមិញ​លោកស្រី​គឺជា​អ្នកកាសែត​ទី២របស់​សារព័ត៌មាន South China Morning Post ដែល​បាន​បាត់​ខ្លួន​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ។


អ្នកយកព័ត៌មាន​ម្នាក់ទៀត​ដែល​សរសេរ​ព័ត៌មាន​ការទូត​និង​ការពារជាតិ​របស់​ចិន ជា​ភាសា​អង់គ្លេស​ក៏​មិនអាច​ទាក់ទង​បាន​អស់​រយៈ​ជាច្រើន​ខែ​ក្នុង​ឆ្នាំ២០២។ប៉ុន្តែ​អ្នកយកព័ត៌មាន​រូបនោះ​បាន​ត្រឡប់​មកកាន់​ប្រទេស​ហុងកុង​វិញ និង​នៅតែ​បន្តធ្វើ​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន។

ទោះជា​នៅ​បន្ត​ធ្វើការ​ក្នុង​វិស័យ​សារព័ត៌មាន​ក៏​ពិតមែនតែ​ចាប់តាំងពី​ពេលនោះ​មក​គេ​មិនទាន់​បានឃើញ​រូបលោក​រាយការណ៍​ព័ត៌មាន​ឡើងវិញ​នៅឡើយ។


ចំពោះមុខ​នៃ​បញ្ហា​នេះ​ប្រធាន​សមាគម​អ្នកកាសែត​នៅ​ហុងកុង​លោក​Ronson Chan បានឱ្យដឹងថា​លោក​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​អំពី​ព័ត៌មាន​នៃ​ការបាត់​ខ្លួន​ខាងលើ​ប៉ុន្តែ​យ៉ាងណា​លោក​សង្ឃឹមថា​អ្នកកាសែត​ផ្សេងទៀត​នឹង​រក្សា​ភាពស្ងប់ស្ងាត់​និង​ដោះស្រាយ​ដោយ​សន្តិវិធី។

លោក​Ronson Chan ក៏បាន​បន្ថែម​ដែរ​ថា៖ «អ្នកសារព័ត៌មាន​នៅ​ហុងកុង​និង​នៅ​ចិនដីគោក​សុទ្ធតែ​បានដឹង​ច្បាស់​ថា​បើសិនជា​ពួកគេ​ចង់​រាយការណ៍​ព័ត៌មាន​ដោយ​ឯករាជ្យ​ពួកគេ​នឹងត្រូវ​ប្រឈមមុខ​នឹង​ហានិភ័យ​មួយចំនួន​ព្រោះ​វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​សម្រាប់​វិស័យ​សារព័ត៌​មាននៅ​ប្រទេស​ចិន​សព្វថ្ងៃនេះ»។

ដោយឡែក​ព័ត៌មាន​អំពី​ការបាត់​ខ្លួន​អ្នកកាសែត​ទាំង២ ខាងលើ​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​ទៅដល់​អ្នក​ផ្សេងទៀត​ដែល​កំពុងតែធ្វើការ​នៅ South China Morning Post  ក៏ដូចជា​អ្នកកាសែត​ផ្សេងទៀត​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ដែល​រាយការណ៍​អំពី​ប្រទេស​ចិនដីគោក។

អ្នកកាសែត​ហុងកុង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា៖ «ក្នុងនាម​ជា​អ្នកយកព័ត៌មាន​ក្នុងស្រុក​ខ្ញុំ​មាន​អារម្មណ៍​ថា​អស់សង្ឃឹម​ជាខ្លាំង​ចំពោះ​ការបាត់​ខ្លួន​ជា​បន្តបន្ទាប់​របស់​អ្នកកាសែត​បែបនេះ»។

អ្នកកាសែត​រូបនេះ​បាន​គូស​បញ្ជាក់ទៀតថា​ការព្រួយបារម្ភ​អំពី​ការចាប់ខ្លួន​ដោយសារតែ​ការរាយការណ៍​របស់​យើង​ជា​បញ្ហា​ដែល​ចាក់​ស្រែះ​ក្នុងចំណោម​អ្នកកាសែត​នៅ​ហុងកុង​ជាច្រើន​ឆ្នាំ​មកហើយ​បូកផ្សំ​ជាមួយ​ករណី​ថ្មី​នេះ​ផង​វា​កាន់តែ​ធ្វើឱ្យ​ការព្រួយបារម្ភ​កាន់តែ​កើនឡើង៕