ប្រភព​រដ្ឋាភិបាល​អ៊ីតាលី​កាលពី​ថ្ងៃ​ពុធ​ទី៦ ខែធ្នូ​ឆ្នាំ២០២៣ ​បាន​និយាយថា ​ប្រទេស​អ៊ីតាលី​ បាន​ជូនដំណឹង​ជា​ផ្លូវការ​ថា ​​ខ្លួន​កំពុង​ចាក​ចេញពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ (BRI) បើទោះជា​មាន​ក្តីបារម្ភ​ថា​ ការផ្លាស់ប្តូរ​នេះ​អាចធ្វើឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង២ កាន់តែ​ជូរ​ចត់​​និង​ធ្វើឱ្យ​ខូច​ដល់​សេដ្ឋកិច្ច​អ៊ីតាលី​ក៏ដោយ។

ប្រទេស​អ៊ីតាលី​ក្នុង​ឆ្នាំ២០១៩ បាន​ក្លាយជា​ប្រទេស​លោកខាងលិច​ដំបូង​គេ​និង​ជា​ប្រទេស​តែ១គត់ ​មកទល់ពេលនេះ​ដែ​ល​បាន​ចូលរួម​គម្រោង​ពាណិជ្ជកម្ម​និង​ការវិនិយោគ BRI របស់​ចិន​នេះ​ ដោយ​ព្រងើយកន្តើយ​នឹង​ការព្រមាន​ពី​សហរដ្ឋអាមេរិក​ថា វា​អាច​នឹង​អនុញ្ញាតឱ្យ​ចិន​គ្រប់គ្រង​លើ​បច្ចេកវិទ្យា​ដ៏រសើប​និង​ហេដ្ឋារចនាសម្ព័ន្ធសំខាន់។

ទោះបីជា​យ៉ាងណាក៏ដោយ ​នៅពេលដែល​នាយករដ្ឋមន្ត្រី​ថ្មី​ លោកស្រី​ Giorgia Meloni ឡើងកាន់តំណែង​កាលពី​ឆ្នាំមុន​លោកស្រី​បាន​និយាយថា​លោកស្រី​ចង់​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ដែល​គ្រប់គ្រង​ដោយ​ប្រធានាធិបតី​ចិន Xi Jinpingដោយនិយាយ​ថា​វា​មិនបាន​នាំមក​នូវ​ផលប្រយោជន៍​អ្វី​ច្រើន​ដល់​ប្រទេស​អ៊ីតាលី​ឡើយ។


កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​នៅ​ឆ្នាំ២០១៩ នឹង​ផុតកំណត់​នៅ​ខែមីនា​ឆ្នាំ២០២៤ ហើយ​ប្រភព​រដ្ឋាភិបាល​អ៊ីតាលី​បាន​និយាយថា​ទីក្រុង​រ៉ូម​បាន​ផ្ញើលិខិត​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃថ្មីៗនេះ ​ប្រាប់​ប្រទេស​ចិន​ថា ​ខ្លួន​នឹងមិន​បន្ត​កិច្ចព្រមព្រៀង​នេះ​ទេ​ខណៈពេល​នេះ​ក៏​គ្មាន​ការអត្ថាធិប្បាយភ្លាមៗពី​ប្រទេស​ចិន​ដែរ។

បើតាម​ប្រភព​រដ្ឋាភិបាល​អ៊ីតាលី​ទី២ បាន​និយាយថា៖ «យើង​មាន​ចេតនា​ទាំងអស់​ក្នុងការ​រក្សា​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​ប្រទេស​ចិន​ទោះបីជា​យើង​លែង​ជា​ផ្នែក​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ហើយក៏​ដោយ»។


លោក​បាន​បន្ថែមថា៖ «ប្រទេស G7 ផ្សេងទៀត​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន ​ខ្លាំង​ជាង​យើង​បើទោះជា​ពួកគេ​មិនដែល​ចូលរួម​នៅក្នុង​គម្រោង BRI ក៏ដោយ»។

គិត​ត្រឹម​ពេលនេះ​ មាន​ប្រទេស​ជាង ១០០ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ហេដ្ឋារចនាសម្ព័ន្ធ BRI និង​គម្រោង​សាងសង់​ចាប់តាំងពី​គម្រោង​នេះ ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​តាំងពី​ឆ្នាំ២០១។ សម្រាប់​អ៊ីតាលី ​ការចុះហត្ថលេខា​ជាមួយ​ចិន ​ត្រូវបាន​ធ្វើឡើង​នៅ​ឆ្នាំ២០១៩ ក្រោម​អាណត្តិ​លោកនាយក​រដ្ឋមន្ត្រី Giuseppe Conte។

គួរ​ជម្រាប​ថា ចាប់តាំងពី​ការចុះហត្ថលេខា​ក្នុង​ឆ្នាំ២០១៩ មក ការនាំចេញ​របស់​អ៊ីតាលី​ ទៅកាន់​ប្រទេស​ចិន ​បាន​កើនឡើង​ពី​ក្នុង​រង្វង់​ទឹកប្រាក់ ១៣ ពាន់​លាន​អឺរ៉ូ ទៅដល់ ១៦.៤ ពាន់​លាន​អឺរ៉ូ។ ផ្ទុយទៅវិញ ក្នុង​រយៈពេល​ដូចគ្នានេះ ការនាំចេញ​របស់​ចិន​ទៅកាន់​ប្រទេស​អ៊ីតាលី​បាន​កើនឡើង​ពី ៣១.៧ ពាន់​លាន​អឺរ៉ូ ឡើងដល់ ៥៧.៥ ពាន់​លាន​អឺរ៉ូ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ប្រទេស​អ៊ីតាលី។

ដោយឡែក​ដៃគូ​ពាណិជ្ជកម្ម​តំបន់​ចាយប្រាក់​អឺរ៉ូ​របស់​អ៊ីតាលី​រួមមាន​បារាំង​និង​អាល្លឺម៉ង់​បាន​នាំចេញ​កាន់តែច្រើន​ទៅកាន់​ប្រទេស​ចិន​កាលពី​ឆ្នាំមុន​បើទោះបីជា​មិនមែនជា​ផ្នែក​នៃ​គម្រោង BRIក៏ដោយ៕