ប៉ូលិស​ទីក្រុង​ហូជីមិញ​កំពុង​ស៊ើប​អង្កេត​​លើ​មនុស្ស​ចំនួន​ ២៣៥ នាក់​ ដែល​​​ពាក់​ព័ន្ធ​​​នឹង​ករណី​​ជួញ​ដូរ​គ្រឿង​ញៀន​ ជុំ​វិញ​សំណុំ​រឿង​អ្នក​បម្រើ​ការ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន ​Vietnam Airlines ចំនួន​ ៤ ​នាក់ ​​​​​ដឹក​គ្រឿង​ញៀន​​តាម​ជើង​ហោះ​ហើរ​ពី​ក្រុង​ប៉ារីស​​នៃ​ប្រទេស​បារាំង​​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​​សារព័ត៌មាន​ VnExpress កាល​ពី​ថ្ងៃ​ពុធ​។

ប្រធាន​ការិយាល័យ​អយ្យការ​តុលាការ​ប្រជាជន​ក្រុង​ហូជីមិញ​ លោក ​Nguyen Duc Thai ​បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​​​កាល​ពី​ថ្ងៃ​ពុធ​ថា ​ទីភ្នាក់ងារ​ស៊ើប​អង្កេតវៀតណាម​​បាន​​​ពង្រីក​​ការ​ស៊ើប​អង្កេត​ ហើយ​ចាប់​បាន​ការ​ជាប់​​ពាក់​ព័ន្ធ​របស់​​មនុស្ស​​​ទាំង​​ ២៣៥​នាក់​នោះ។

លោក​បន្ថែម​ថា​ ជន​ជាប់​ចោទទាំង​​អស់​​ ស្ថិត​នៅ​​ក្រោម​ការ​ស៊ើប​អង្កេត​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​​បទ​ឧក្រិដ្ឋកម្ម​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់​ទិញ​-​លក់​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់​ លាក់​បាំង​ឧក្រិដ្ឋកម្ម​ និង​មិន​រាយការណ៍​ពី​បទ​ល្មើស​។​


អ្នក​បម្រើ​ការ​​យន្តហោះ​​របស់​ក្រុមហ៊ុន​Vietnam Airlines ​ចំនួន​៤​នាក់​​​ ត្រូវ​បាន​ចាប់​ខ្លួនភ្លាម​ៗ​​ បន្ទាប់​ពី​អាជ្ញាធរ​ត្រួត​ពិនិត្យ​សន្តិសុខ​វៀតណាម​ បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​៨​គីឡូក្រាម​​ក៏​ដូច​ជា​កូកាអ៊ីន​​ និង​ខេតាមីន​ចំនួន​៣​គីឡូក្រាម​ លាក់​ទុក​ក្នុង​បំពង់​ថ្នាំ​ដុស​ធ្មេញ​​បង្កប់​ក្នុង​វ៉ាលីស ​កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​។

អ្នក​ទាំង​៤​អះ​អាង​ថា​ ​​ពួក​គេ​បាន​យល់​ព្រម​ដឹក​ទំនិញចំនួន​​៦០​គីឡូក្រាម រួម​​ទាំង​បំពង់ថ្នាំ​ដុសធ្មេញ​ ​​ឱ្យ​ក្រុម​​មនុស្ស​ដែល​គេ​​ស្គាល់​គ្នា​នៅ​បារាំង​ និង​វៀតណាម​​​​​ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់​​ចំនួន​១០​លាន​ដុង​​ ប៉ុន្តែ​មិន​បាន​ពិនិត្យ​មើល​ត្រឹម​ត្រូវ​ដោយ​សារ​«អស់​កម្លាំង​ពេក​»។ ៦​ថ្ងៃ​ក្រោយ​មក​​ប៉ូលិស​វៀតណាម​ដោះ​លែង​ពួក​គេ​វិញ​ ដោយ​កំណត់​ថា​ ពួក​គេ​ពិត​ជា​មិន​ដឹង​ពី​គ្រឿង​ញៀន​ទាំង​នោះ​មែន។


 ​ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ​ លោក​ Thai ​បាន​និយាយ​ថា​ ករណី​របស់​អ្នក​បម្រើ​ការ​លើ​យន្តហោះ​ទាំង​​៤​​ គឺ​ជា​រឿង​​១​ក្នុង​ចំណោម​ករណី​ជា​ច្រើន​​ដែល​បង្ហាញ​ថា​ការ​រត់​ពន្ធ​គ្រឿង​ញៀន​តាម​អាកាសយានដ្ឋាន​Tan Son Nhat​នៃ​ក្រុង​ហូជីមិញ ​កំពុ​ង​រីក​រាល​ដាល​។​ លោក​​បន្ត​​​ថា​ គ្រឿង​​ញៀន​ត្រូវ​បាន​គេ​បន្លំ​ជា​​​កាដូ​ ឬ​របស់​​អាច​កាន់​យួរ​តាម​ដៃ​ហើយ​ដាក់​​ផ្ញើ​​តាម​​សេវា​កម្ម​​ដឹក​​ជញ្ជូន​​រហ័ស​ និង​​ដឹក​​តាម​​អីវ៉ាន់​ជា​ដើម​៕