នៅពេលដែល​អ៊ុយ​ក្រែន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ឱ្យ​មាន​ការគាំទ្រ​ផ្នែក​យោធា​បន្ថែម​ទៀត​សម្រាប់​ជម្លោះ​របស់ខ្លួន​ជាមួយ​រុស្ស៊ី  ភាព​ប្រេះ​ឆា​ផ្នែក​នយោបាយ​ហាក់បាន​លេចឡើង​នៅ​គ្រា​ដ៏​សំខាន់​សម្រាប់​ប្រទេស​នេះ​ក្នុង​ការ​បន្ត​ប្រយុទ្ធ​ជាមួយ​សត្រូវ​ធំ​គឺរុស្ស៊ី។


សារ​ព័ត៌មាន​ New York Times បាន​រាយការណ៍​ពី​ភាព​ប្រេះ​ឆា​របស់​ថ្នាក់​កំពូល​របស់​អ៊ុយក្រែន​ក្នុង​គ្រា​ចុង​ក្រោយនេះ។ ក្នុង​នោះ​មាន​ជម្លោះ​រវាង ​ប្រធានាធិបតី ​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (VolodymyrZelensky) និង​មេ​បញ្ជាការ​កង​កម្លាំង​អ៊ុយ​ក្រែ​ន ឧត្តម​សេនីយ៍​ Valery Zaluzhny មាន​ជម្លោះ។ ក្រៅ​ពី​នោះ​ក៏​មាន​ លោក Vitali Klitschko អភិបាលក្រុង​កៀវដ៏​មាន​ប្រជាប្រិយ ​និង​អតីត​ប្រធានាធិបតី​អ៊ុយក្រែន លោក Petro Poroshenko ដែល​រង​ការ​ហាម​ឃាត់​មិន​ឱ្យ​ចេញ​ក្រៅ​ប្រទេស​កាល​ពី​ថ្ងៃទី​១​ ខែ​ធ្នូ ​ផងដែរ។​

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​លើក​ឡើង​ពី​លទ្ធភាព​ឱ្យ​អ៊ុយក្រែន​ប្រកាន់​ខ្ជាប់​ការបោះឆ្នោត​តាមរដ្ឋ​ធម្មនុញ្ញរបស់ខ្លួន​ដែល​នឹង​ចូលមក​ដល់​នៅឆ្នាំ​ក្រោយនេះ ប៉ុន្តែ​ប្រធានាធិបតី​ហ្សេឡេនស្គី​ធ្លាប់​ច្រាន​ចោល​ដោយសារ​សង្គ្រាម​កំពុង​បន្ត​កើត​មាន។ 


ខណៈពេល​នេះ ​អ៊ុយ​ក្រែន​​ត្រូវការ​ចាំបាច់​ការ​គាំទ្រ​ផ្នែក​យោធា ដើម្បី​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី ប៉ុន្តែ​ជំនួយ​យោធាសំខាន់​បំផុត​ពីសហរដ្ឋ​អាមេរិក​ហាក់​ជាប់​គាំ​ងម្តងហើយ ម្តងទៀត។ 


ជម្លោះ​នយោបាយ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​កើត​ឡើង​នៅពេលដែល​ប្រទេស​នេះ​ឈាន​ចូល​ដល់​រដូវ​រងា​ទី​២ ​នៃ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ជាមួយ​រុស្ស៊ី ហើយ​ប្រជាជន​ស៊ីវិល​អ៊ុយក្រែន​បាន​ប្រឈម​នឹងការវាយ​ប្រហារ​កាន់តែ​ខ្លាំង​ឡើង​នៅ​ទីក្រុង និង​ហេដ្ឋារចនាសម្ព័ន្ធ ខណៈពេលដែល​កងទ័ព​របស់​ខ្លួន​ប្រឈមមុខ​នឹង​ការប្រយុទ្ធ​គ្នា​នៅសង្គ្រាម​ជួរមុខ​ចំនួន​៣​កន្លែង​ធំៗ។


ការវាយលុក​នៅ​រដូវ​ក្តៅ​កន្លង​ទៅ​នេះ បាន​បរាជ័យ​ក្នុងការ​បង្កើត​ការ​ទម្លាយ​ប្រឆាំង​នឹង​ការការពារ​រុស្ស៊ី​នៅ​ផ្នែក​ខាងមុខ​ភាគ​អាគ្នេយ៍ ហើយ​ខណៈពេល​ដែល​កង​ទ័ព​អ៊ុយ​ក្រែន​បាន​ទទួល​ជោគជ័យ​ខ្លះៗ​នៅ​ភាគខាង​ត្បូង និង​ប្រឆាំង​នឹង​កង​កម្លាំង​ជើង​ទឹក​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ ពួកគេ​កំពុង​ទទួលរង​ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅ​ភាគ​ខាងកើត។

នៅពេល​ដែល​យុទ្ធនាការ​យោធា​បាន​ជួប​ការលំបាក ការរិះគន់​បាន​ចាប់​ផ្តើម​កើន​ឡើង​នៅក្នុង​ជួរ​ដឹកនាំ​នយោបាយ​របស់​ប្រទេស​អ៊ុយ​ក្រែន។

ឧត្តម​សេនីយ៍ ​Zaluzhny មេ​បញ្ជាការ​កងកម្លាំង​អ៊ុយ​ក្រែ​ន បាន​សរសេរ​ក្នុង​កាសែត​មួយ​នាពេល​ថ្មីៗ​នេះ​ថា ​សង្គ្រាម​ស្ថិត​ក្នុង​ភាពទាល់ច្រក ហើយ​នឹង​នៅ​តែបែប​នោះ​ដដែល ​រហូតទាល់តែ​អ៊ុយ​ក្រែ​ន​ទទួលបាន​ឧបករណ៍​យោធា​ដែល​ថ្មី ​និង​ទំនើប​ជាង​មុន។

លោក ហ្សេឡេនស្គី​បាន​ស្តី​បន្ទោស​លោកឧត្តម​សេនីយ៍ ​​Zaluzhny ភ្លាមៗ ​ហើយ​បាន​បដិសេធ​ថា ​សង្គ្រាម​មិន​ស្ថិតក្នុង​ភាព​ទាល់​ច្រក​ទេ។

ចាប់តាំងពី​ពេលនោះ​មក មាន​ពាក្យ​ចចាម​អារ៉ាម​ជាច្រើន​ថា ឧត្តម​សេនីយ៍ Zaluzhny នឹងត្រូវ​បាន​ផ្លាស់ប្តូរ​ចេញ​ហើយ។ សមាជិក​សភា​ក្នុង​គណបក្ស​របស់​លោក ហ្សេឡេនស្គី​ លោកស្រី Mariana Bezuhla ដែល​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សន្តិសុខ​ជាតិ ការ​ពារជាតិ​ និង​ស៊ើបការណ៍​សម្ងាត់​ក្នុង​សភា បាន​រិះគន់​ឧត្តម​សេនីយ៍ Zaluzhny ម្តង​ហើយ​ម្តងទៀត​នៅលើ Facebook ចំពោះ​ការបរាជ័យ​ក្នុង​ការរៀបចំ​ផែនការ​ ហើយ​ក៏​រៀបចំ​ការស្ទង់​មតិ​ស្នើ​ឱ្យ​ប្រជាជន បោះឆ្នោត​លើ​ការ​ផ្លាស់ប្តូរ​រូប​គាត់។

ការវាយ​ប្រហារ​លើ​ឧត្តម​សេនីយ៍ Zaluzhny ដែលមាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ ​បាន​នាំឱ្យ​អ្នកដទៃ​រិះគន់​រដ្ឋាភិបាល និង​រដ្ឋបាល​របស់លោក ហ្សេឡេនស្គី​ជាមួយនឹង​ការ​ត្អូញត្អែរ​ថា​ប្រធានាធិបតី​ជ្រៀតជ្រែក​ក្នុង​ការ​សម្រេច​ចិត្ត​យោធា ​និង​បណ្តេញ​មេបញ្ជាការ​ដោយ​មិន​ពិគ្រោះ​ជាមួយ​មេ​យោធា​របស់​គាត់។

លោក Klitschko អភិបាល​ក្រុង​កៀវ​និង​ជា​អតីត​ជើងឯក​ប្រដាល់​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ឧត្តម​សេនីយ៍ Zaluzhny នៅ​ក្នុង​បទ​សម្ភាសន៍​កាលពី​ចុង​សប្តាហ៍​ដោយ​និយាយ​ថា ឧត្តម​សេនីយ៍ ​Zaluzhny ​គឺ​ត្រឹមត្រូវ​ក្នុង​ការ​និយាយ​ការពិត​អំពី​ស្ថានភាព។

ហើយ​អភិបាល​ក្រុង​បាន​វាយបក​ទៅ​លោក ហ្សេឡេនស្គី​ដោយ​និយាយថា ការស្នើ​ឡើង​នូវ​ទម្រង់ស្ទង់មតិ​របស់​ប្រធានាធិបតី​កើតចេញពី​កំហុស​ដែល​គាត់​បាន​ធ្វើ​នៅក្នុង​ការខកខាន​ក្នុងការ​រៀបចំ​សម្រាប់​សង្គ្រាម។

ទាំង​លោក Klitschko និង​លោក Poroshenko គឺជា​គូប្រជែង​នយោបាយ​របស់លោក​ ហ្សេឡេនស្គីប៉ុន្តែ​ភាគច្រើន​បាន​លាក់​បាំង​ភាព​ខុសគ្នា​របស់​ពួកគេ​ចាប់តាំងពី​ការ​លុកលុយ​របស់​រុស្ស៊ី​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២២។ ប៉ុន្តែ​ការ​ប្រជែង​គ្នា​បាន​កើតឡើង​ម្តង​ម្កាល ដូចជា​ពេលដែល​លោក ហ្សេឡេនស្គី រិះគន់​អភិបាល​ក្រុង​ថា​មិន​បាន​រៀបចំ​លេណដ្ឋាន​​ពី​ការ​វាយលុក​តាម​អាកាស​នៅ​ក្នុង ទីក្រុង​ឱ្យបាន​គ្រប់គ្រាន់។

អ្នកវិភាគ​ម្នាក់​បាន​និយាយថា ការ​ប្រជែង​គ្នា​ផ្ទាល់​ខ្លួន​ទំនង​ជា​នៅ​ពីក្រោយ​ការ​ហាមឃាត់​ការធ្វើ​ដំណើរ​របស់​លោក Poroshenko​ ប៉ុន្តែ​ នៅ​ទីបញ្ចប់ លោក Poroshenko និង​លោក ហ្សេឡេនស្គី​បាន​យល់ព្រម​លើ​តម្រូវការ​ក្នុងការ​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី និង​បង្កើត​សម្ព័ន្ធភាព​ជាមួយ​លោក​ខាង​លិច៕​