សេចក្តីសម្រេច​ព្រាង​មួយ​ បាន​ជំរុញ​ឱ្យ​ សហភាព​អឺរ៉ុប​ទទួលស្គាល់​និង​លុបចោល​នូវ​ឥទ្ធិពល​អាណានិគមនិយម​អឺរ៉ុប​ដោយ​ស្នើឱ្យ​បង្កើត​វេទិកា​អចិន្ត្រៃយ៍​សម្រាប់​ស្តារ​យុត្តិធម៌​ឡើងវិញ។ការអំពាវនាវ​នេះ​ធ្វើឡើង​ដោយសារតែ​មានការ​ព្រួយបារម្ភ​ថា​ សហភាព​អឺរ៉ុប​មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​នូវ​ផលប៉ះពាល់​អវិជ្ជមាន​នូវ​បញ្ហា​ដែល​កំពុង​កើតមាន​បណ្ដាលមកពី​ការដាក់​អាណានិគម​របស់ខ្លួន​កាលពី​អតីតកាល។

នេះ​គឺជា​លើកដំបូង​ហើយ​ដែល​សមាជិកសភា​អឺរ៉ុប​លើកយក​បញ្ហា​នេះ​មក​ពិភាក្សា​ជា​ផ្លូវការ ជាពិសេស​អំពី​សំណង​ការខូចខាត​ដោយសារ​ទាសភាព​និង​អាណានិគមនិយម​ដែល​ខ្លួន​ធ្លាប់​បានធ្វើ។ការអំពាវនាវ​នេះ​បានធ្វើ​ឡើង​ដោយសារតែ​មនុស្ស​កាន់តែ​ច្រើនឡើង​កំពុង​អំពាវនាវ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​អតីតកាល​របស់​ពួកគេ ជាពិសេស​បញ្ហា​ទាសភាព។

ជាក់ស្ដែង កាលពី​ខែ​មុន សហភាព​អាហ្វ្រិក​បានរួម​គ្នា​ជាមួយ​បណ្ដា​ប្រទេស​តំបន់​កា​រា​បៀ​ន (Caribbean)ជំ​រុញឱ្យ​ប្រទេស​អឺរ៉ុប​ទទួលស្គាល់​និង​ផ្តល់​សំណង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​កំហុសឆ្គង​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ។


សេចក្តីសម្រេច​ព្រាង​នោះបាន​ចែងថា​បណ្ដា​ប្រទេស​ជាច្រើន​ដែល​ធ្លាប់​នៅក្រោម​អាណានិគម​អឺរ៉ុប​នៅតែ​ជួប​ការលំបាក​ដោយសារ​ឥទ្ធិពល​យូរអង្វែង​នៃ​អាណានិគមនិយម​ភាពជា​ទាសករ​ការប្រកាន់​ពូជសាសន៍​និង​ការ​ប្រល័យពូជសាសន៍​ជាដើម។ភាពអយុត្តិធម៌​ជា​ប្រវត្តិសាស្ត្រ​ទាំងនេះ​ដូចជា​ការរើសអើង​ពូជសាសន៍​និង​អំពើហិង្សា​នៅតែ​បន្ត​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​វិសមភាព​សង្គម​និង​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក។

សេចក្ដីព្រាង​នេះ​បាន​ភ្ជាប់​យុត្តិធម៌​អាកាសធាតុ​ទៅនឹង​បញ្ហា​នៃ​សំណង​សម្រាប់​ទាសភាព ដោយ​លើក​ហេតុផល​ថា​ប្រទេស​អភិវឌ្ឍន៍​និង​ប្រទេស​ដែល​ធ្លាប់​ដាក់​អាណានិគម​បាន​បង្ក​ការខូចខាត​ជា​ប្រវត្តិសាស្ត្រ​ច្រើន​បំផុត​ដល់​បរិស្ថាន​តាម​រយៈ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ការឡើង​កំដៅ​ផែនដី​និង​ការបំពុល​បរិស្ថាន។


សកម្មភាព​ទាំងនេះ​បាន​ជះឥទ្ធិពល​អវិជ្ជមាន​បំផុត​ដល់​បរិស្ថាន​និង​ប្រជាជន​នៃ​ប្រទេស​កំពុងអភិវឌ្ឍន៍។យ៉ាងណាក៏ដោយ សេចក្ដីព្រាង​នេះ​មិនបាន​បញ្ជាក់ថា​តើ​សំណង​ទាំងនោះ​មាន​លក្ខណៈ​បែបណា​នោះទេ។

លោក ​មី​កែ​ល ម៉ឺ​ការ៉េ​ន (Michael McEachrane) អ្នករាយការណ៍​ប្រចាំ​វេទិកា​អង្គការសហប្រជាជាតិ បាន​លើកឡើងថា​អាណានិគមនិយម​អឺរ៉ុប​បាន​ជះឥទ្ធិពល​យ៉ាង​ធំធេង​លើ​ពិភពលោក ​ដោយ​បង្កើត​ប្រព័ន្ធ​សង្គម​និង​សេដ្ឋកិច្ច។

លោក​ថែមទាំង​សង្កត់ធ្ងន់ថា អាណានិគមនិយម​បាន​នាំទៅរក​ទំនាក់ទំនង​បែប​កេងប្រវ័ញ្ច​គ្នា​រវាង​ប្រទេស​អភិវឌ្ឍន៍​និង​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​បន្ត​រហូតមកដល់​សព្វថ្ងៃនេះ។

លោក​បាន​បន្ថែមថា សហភាព​អឺរ៉ុប​គួរតែ​នាំមុខគេ​ក្នុងការ​រៀបចំ​ដំណើរការ​ផ្ដល់​សំណង​ដល់​ការខូចខាត​កន្លងមក​រួមទាំង​បញ្ហា​ដែល​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​ព្រោះ​ប្រទេស​កំពុងអភិវឌ្ឍន៍​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​ច្រើនជាងគេ។

សមាជិកសភា​អាល្លឺម៉ង់​លោកស្រី ពៀ​រ៉េ​តេ ហឺ​បឺ​ហ្គឺ ហ្វូ​ហ្វា​ណា (Pierrette Herzberger-Fofana) មកពី​អង្គការ​នយោបាយ​មួយ​ឈ្មោះថា Greens-European Free Alliance គ្រោង​នឹង​បង្ហាញ​សេចក្តីសម្រេច​ព្រាង​នេះ​ដល់​គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​សភា​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​លោកស្រី​នឹង​ស្នើ​សេចក្តីព្រាង​នេះ​ជា​ដំណោះស្រាយ​បន្ទាន់​មួយ​នៅក្នុង​សភា​អឺរ៉ុប​ក្នុង​សប្តាហ៍​បន្ទាប់។

លោកស្រី​ បានលើកឡើង​ថា​ ការយល់ដឹង​អំពី​ប្រវត្តិ​នៃ​ការរើសអើង​ជាតិ​សាសន៍​នៅ​អឺរ៉ុប​នឹង​ជួយ​មនុស្ស​ឱ្យ​យល់​កាន់តែច្បាស់​អំពី​បញ្ហា​ស្មុគស្មាញ​ជុំវិញ​ការធ្វើ​ចំណាកស្រុក។ដើម្បី​សម្រេចបាន​នូវ​ចំណុច​នេះ​សៀវភៅ​សិក្សា​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​គួរតែ​ត្រូវបានធ្វើ​បច្ចុប្បន្នភាព​ដើម្បី​ផ្តល់ឱ្យ​សិស្សានុសិស្ស​នូវ​ខ្លឹមសារ​ដ៏​ត្រឹមត្រូវ​និង​ពេញលេញ​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ទាសករ​និង​អាណានិគមនិយម។

កាលពីដើម​ឆ្នាំនេះ​សហភាព​អឺរ៉ុប​និង​បណ្តា​ប្រទេស​នៅ​អាមេរិក​ឡាទីន​និង​តំបន់​កា​រា​បៀ​ន​បានទទួល​ស្គាល់​ការឈឺចាប់​ដែល​បណ្តាលមកពី​ការជួញដូរ​ទាស​កររ​បស់​អឺរ៉ុប​ហើយ​បាន​ព្រមព្រៀង​ថា​សំណង​គួរតែ​ត្រូវបាន​ពិចារណា​សម្រាប់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ទាំងអស់នោះ៕