តួកគី​ ដែល​មាន​អរិភាព​​ជាយូរ​មក​ហើយ​​​​ជាមួយ​ប្រទេសក្រិក​​​ ដែល​នៅ​ជិតខាង ​ហាក់​បង្ហាញ​​ភាព​ល្អូកល្អើន​នឹង​គ្នា​វិញ​​​ ក្រោយ​ពេល​ដែល​​តួកគី​​មាន​​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​បស្ចឹមលោកចាប់​ពី​ផ្ទុះ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស់​ប៉ាឡេស្ទីន​។​

នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​តួកគី​ លោក រ៉េស៊ីប តៃ​យីប អេរដូហ្គែន (Recep Tayyip Erdogan) បាន​ទៅ​បំពេញ​ទស្សនកិច្ច​​ដ៏កម្រ​មួយ​ទៅ​កាន់​ទីក្រុងអាតែន​ជាមួយនឹង​គណៈប្រតិភូរ​ដ្ឋ​មន្ត្រី​សម្រាប់​កិច្ចប្រជុំ​ជាមួយ​សម​ភាគី​ក្រិ​ក​ដែល​ប្រទេស​ទាំងពីរ​សង្ឃឹមថានឹង​អាច​ប្រែក្លាយ​ទំព័រ​ថ្មី​ក្នុង​ទំនាក់ទំនង​បន្ទាប់ពី​ភាព​តានតឹង​ជាច្រើន​ឆ្នាំ។ នេះ​បើយោង​សេចក្តី​រាយការណ៍​របស់រ៉យទ័រ។​

ប្រទេស​ក្រិ​ក និង​តួលគី គឺជា​ប្រទេស​ជិតខាង និង​ជា​សម្ព័ន្ធមិត្ត​របស់​ណា​តូដូច​គ្នា ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​លើ​បញ្ហា​ជា​ច្រើន​​​​ ដែល​ពេលខ្លះ​​ប្រទេសតួក​គី​គម្រាម​ប្រើ​ប្រាស់​អាវុធ​ដាក់​ក្រិក​លើ​ការ​ត្រួតត្រា​ប្រជុំ​កោះ Aegean ​ទៀតផង។ 


តាមសេចក្តីរាយការណ៍​ខ្លះ​បាន​លើក​ឡើងថា ទំនាក់​ទំនង​របស់​ប្រទេសទាំងពីរ​ទើប​ចុះ​ត្រជាក់​បន្តិច​​នៅ​ពេល​ដែលតួកគី​​​ជួប​គ្រោះរញ្ជួយ​ដី​ដ៏​អាក្រក់​បំផុត​កាល​ពីខែ​កុម្ភៈឆ្នាំ​នេះ​ ហើយ​​​ ក្រិក​បាន​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​​ទៅ​ឱ្យ​តួកគី។ 

ប្រទេសទាំងពីរ​​នេះ​​បាន​ឈានដល់​មាត់ច្រក​នៃ​សង្គ្រាម​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ហើយ នៅ​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ពួកគេ​បាន​ជជែក​គ្នា​អំពី​ធនធាន​ថាមពល​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត បញ្ហា​ការពារជាតិ ការធ្វើ​ចំណាកស្រុក និង​ការទិញ​យន្តហោះ​ចម្បាំង ដែល​ផ្អាក​ការចរចា​ការទូត។


តាមសេចក្តីរាយការណ៍​របស់រ៉យទ័រ ទាំង​ប្រធានាធិបតីតួកគី លោក អេរដូហ្គែន និង​នាយករដ្ឋមន្ត្រី​ក្រិ​ក Kyriakos Mitsotakis បន្ទាប់​ពី​ការ​ជាប់ឆ្នោត​​​ឡើងវិញ​នៅ​ឆ្នាំ២០២៣ ក៏បាន​បន្ធូរបន្ថយ​ស​ម្ពា​ធ​នយោបាយ និង​អនុញ្ញាតឱ្យ​ពួកគេ​ដាក់​គូប្រជែង​ទុក​នៅ​​មួយ​ឡែកសិន។

ក្រោយ​ជម្លោះ​អ៊ីស្រាអែល និង​ក្រុមហាម៉ាស់ ​ផ្ទុះ​ឡើង​កាល​ពី​២ ខែ​មុន ​តួកគី​បាន​​នៅខាង​ក្រុមហាម៉ាស់​​និ​ង​ផ្តាច់ទំនាក់​ទំនង​ការ​ទូត​ជាមួយអ៊ីស្រាអែល ព្រម​ទាំង​មាន​​នយោបាយ​ មិនស្រប​​ជាមួយក្រុមបស្ចឹមប្រទេសផង។ ការណ៍​នេះ​ក៏​អាច​ឱ្យ​តួកគី​ត្រូវ​រាប់​អាន​ប្រទេសជិតខាង​ដើម្បី​បន្ថយសម្ពាធ​ការទូត​កាន់តែ​ធ្ងន់ធ្ងរ​ទៅថ្ងៃក្រោយ៕