ច្បាប់​ថវិកា​របស់​សហ​រដ្ឋ​អាមេរិក​ ដែល​នឹង​ធានា​ការផ្តល់​ជំនួយ​យ៉ាងច្រើន​សម្បើម​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី ​អស់​រយៈពេល​ជិត​ ២ ​ឆ្នាំ ត្រូវបាន​រារាំង​មិនឱ្យ​មានការ​ពិភាក្សា​បន្ត​នៅក្នុង​ការបោះ​ឆ្នោត​ព្រឹទ្ធសភា​អាមេរិក​នៅ​ថ្ងៃទី ​៦ ខែធ្នូ ឆ្នាំ ២០២៣​។

​យោងតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ការបោះឆ្នោត​ប្រឆាំង​ ចំពោះ​ច្បាប់​ថវិកា​ផ្តល់ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​ដោយសារ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​ ដែល​តែង​ប្រឆាំង​ការចង់បាន​រដ្ឋាភិបាល​របស់​ប្រធានា ធិបតី ចូ បៃ​ដិ​ន បាន​ជំរុញ​ការទាមទារ​របស់​ពួកគេ​សម្រាប់​វិធានការ​តឹងរ៉ឹង​ដើម្បី​គ្រប់គ្រង​អន្តោប្រវេសន៍​នៅ​ព្រំដែន​សហរដ្ឋអាមេរិក​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

​ការបោះឆ្នោត​គាំទ្រ​មាន ​៤៩ សំឡេង​ទល់នឹង​សំឡេង​ប្រឆាំង ​៥១ ដែល​មានន័យថា​ច្បាប់​កញ្ចប់​ថវិកា​ ១១០,៥​ ពាន់​លាន​ដុល្លារ​មិន​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ ដែល​ត្រូវការ​នៅក្នុង​ព្រឹទ្ធសភា​ដែលមាន​សមាជិក ​១០០ ដើម្បី​បើកផ្លូវ​ឱ្យមាន​ការជជែក​ដេញដោល​បន្ថែម​ទេ​។​


​យោងសេចក្តី​រាយការណ៍​នោះ ការបោះឆ្នោត​គឺ​ស្ថិតនៅតាម​លំដាប់លំដោយ​គណបក្ស ដោយ​រាល់​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​បាន​បោះឆ្នោត «​ទេ​» រួម​ជាមួយនឹង​ព្រឹទ្ធសមាជិក Bernie Sanders ឯករាជ្យ​ដែលជា​ទូទៅ​បោះ​ឆ្នោត​គាំទ្រ​លើ​ការស្នើ​របស់​គណបក្ស​ប្រជាធិបតេយ្យ ប៉ុន្តែ​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការផ្តល់​មូលនិធិ​ដល់ «​យុទ្ធសាស្ត្រ​យោធា​អមនុស្សធម៌​» របស់​អ៊ី​ស្រា​អែល​ នាពេល​បច្ចុប្បន្ន​ប្រឆាំងនឹង​ប៉ា​ឡេ​ស្ទី​ន​។​

​មេដឹកនាំ​ភាគច្រើន​នៃ​ព្រឹទ្ធសភា​លោក Chuck Schumer ក៏បាន​បោះឆ្នោត «​ទេ​»​ ​ដែរ ដូច្នេះ​គាត់​អាច​ណែនាំ​ចលនា​ដើម្បី​ពិចារណា​ឡើងវិញ​ពី​វិធានការ​នេះ​។ បន្ទាប់ពី​ការបោះឆ្នោត លោក Schumer ដែលជា​អ្នកប្រជាធិបតេយ្យ បាន​និយាយថា វា​គឺជា «​ពេលវេលា​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​នឹងមាន​ផលវិបាក​យូរអង្វែង​សម្រាប់​សតវត្សរ៍​ទី ២១» ដោយ​ប្រថុយ​នឹង​ការ​ធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​លោកខាងលិច​។​


​កន្លងមក​រដ្ឋបាល​លោក ចូ បៃ​ដិ​ន បានស្នើ​សេចក្តីព្រាង​ច្បាប់​ថវិកា​ជាង​ ១០០ ​ពាន់​លាន​ដុល្លារ​ដោយ​ក្នុងនោះ​ជាង ​៦០​ ពាន់​លាន​នឹងត្រូវ​ផ្តល់ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន ហើយ​ជាង​ ១៤ ​ពាន់​លាន​ត្រូវ​ផ្តល់​ដល់​អ៊ីស្រា​អែល ក្រៅពីនោះ​គឺ​ផលិត​អាវុធ​បំពេញ​ឃ្លាំង​វិញ​៕​