អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រ៉េ​ស (Antonio Guterres) បាន​និយាយ​ព្រមាន​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​ក្នុង​លិខិត​មួយ​កាលពី​ថ្ងៃ​ពុធ ទី​ ៦ ធ្នូ ថា សង្គ្រាម​រវាង​អ៊ី​ស្រា​​អែល និង​ក្រុម​ហា​ម៉ាស់​របស់​ប៉ា​ឡេ​ស្ទី​ន​ «​អាចធ្វើឱ្យ​ការ​គំរាមកំហែង​ ដែលមាន​ស្រាប់ កាន់តែ​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​»​។​

​លោក​បានលើកឡើង​ពី​មាត្រា ​៩៩ នៃ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ ដែល​អនុញ្ញាតឱ្យ​លោក​ធ្វើឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​យកចិត្ត​ទុកដាក់​រាល់​បញ្ហា​ ដែល​លោក​យល់ឃើញថា​អាច​គំរាមកំហែង​ដល់​ការថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​ដែល​រកបាន​មក​ដោយ​លំបាក​។​

​វា​គឺជា​ការបោះ​ជំហាន​ដ៏​កម្រ​មួយ​សម្រាប់​លោក ហ្គុ​យ​តឺ​រ៉េ​ស ដោយ​អ្នកនាំពាក្យ​អង្គការ​​សហប្រជាជាតិ លោក ស្ទេ​ផាន ឌូ​ចា​រីក​ (Stephane Dujarric)​ បាន​និយាយថា មាត្រា ​៩៩​ ត្រូវបាន​គេ​ទុកចោល​មិន​ប្រើ​​ប្រាស់​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​។​


​ក្នុង​លិខិត​ទៅ​ក្រុមប្រឹក្សា​​សន្ដិសុខ​ដដែល លោក ហ្គុ​យ​​តឺ​រ៉េ​ស សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​ការ​ដួល​រលំ​នៃ​ប្រព័ន្ធ​មនុស្សធម៌​។ ស្ថាន​ភាព​កាន់តែ​យ៉ាប់យ៉ឺន​យ៉ាង​លឿន​ ទៅជា​មហន្តរាយ ជាមួយ នឹង​ផលប៉ះពាល់​ដែល​មិនអាច​កែ​​ប្រែ ​បាន​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​ ទាំង​​មូល​ក៏ដូចជា​សម្រាប់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​»​។​

​លោក​បន្តថា បញ្ហា​ទាំងអស់នេះ​ ត្រូវតែ​ចៀសវាង​ឱ្យបាន​ជាដាច់ខាត ដោយ​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ដើម្បី​សម្រួល​បញ្ហា​មនុស្សធម៌​ជាថ្មីទៀត​ផងដែរ​។ 


ការព្រមាន​ពី​ប្រមុខ​អង្គការ​សហប្រជាជាតិ​នាពេលនេះ ធ្វើឡើង​ខណៈ​បណ្ដា​រដ្ឋ​អារ៉ាប់​ផ្សេងៗ ស្វែងរក​អំណាច​បែបនេះ​ពី​លោក ហ្គុ​យ​តឺ​រ៉េ​ស ដើម្បី​បន្ត​ជំ​រុញឱ្យ​ក្រុមប្រឹក្សាសន្ដិសុខ​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​។​

​សហរដ្ឋអាមេរិក ដែលជា​ប្រទេសមួយ​មានអំណាច​វេតូ​លើ​សេចក្ដីសម្រេច​ណាមួយ​ក្នុងចំណោម​ប្រទេស ​៥​ ទៀត របស់​ក្រុមប្រឹក្សាសន្ដិសុខ​ដែលមាន​សមាជិក ១៥​ ប្រទេស បាន​ប្រឆាំង​ទៅនឹង​បទ​ឈប់​បាញ់​រវាង​អ៊ី​​ស្រា​អែល និង​ក្រុម​​ហា​ម៉ាស់ ដោយ​លើកឡើងថា វា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​តែ​ក្រុម​ហា​ម៉ាស់​ប៉ុណ្ណោះ​។​

​ជុំវិញ​លិខិត​របស់លោក ហ្គុ​យ​តឺ​រ៉េ​ស បេសកកម្ម​ការទូត​អាមេរិក ​មិន​បានធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ទេ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រ​​សួង​ការបរទេស លោក Matthew Miller បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​ បានឃើញ​លិខិត​នោះ ប៉ុន្តែ​បាន​បដិសេធ​មិន​និយាយ​ច្រើន​វែងឆ្ងាយ ដោយ​បន្ថែមថា សហរដ្ឋ​អា​មេ​រិ​ក ​នឹង​បន្ត​ពិគ្រោះ​យោបល់​ជាមួយ​លោក ហ្គុ​យ​តឺ​រ៉េ​ស និង​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

​ចំណែកឯ​បេសកជន​ប្រចាំ​អង្គការសហប្រជាជាតិរ​បស់​ប៉ា​ឡេ​ស្ទី​ន លោក Riyad Mansour វិញ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អ្នកការទូត​ពី​បណ្ដា​ប្រទេស​តំបន់​អារ៉ាប់​ កំពុង​កែសម្រួល​សេចក្តីព្រាង​នៃ​សេចក្តីសម្រេច​របស់​ក្រុម​​ប្រឹក្សា​សន្តិសុខ ដើម្បី​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​។ សេចក្តី​សម្រេច​នោះ ត្រូវការ​សំឡេងគាំទ្រ​យ៉ាងតិច ៩ ​សំឡេង ហើយ​ត្រូវតែ​គ្មាន​ការ​វេតូ​ពី​សហរដ្ឋ​អាមេរិក រុស្ស៊ី ចិន បារាំង ឬ​អង់គ្លេស​ជាដាច់ខាត​។​

​ដើម្បី​ស្វែងរក​ការគាំទ្រ​ជា​ពិសេស​រដ្ឋ​អាមេរិក ដែលមាន​អំណាច​បំផុត​នៅឯ​ក្រុមប្រឹក្សា​សន្តិសុខ លោក Mansour បាន​និយាយថា រដ្ឋមន្ត្រី​អារ៉ាប់​គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ​ទី​​ក្រុង​វ៉ាស៊ីនតោន ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយនឹង​ពិភាក្សា​អំពី​វិធាន​ការ​ជាមួយ​មន្ត្រី​អាមេរិក​៕