លោក វ្លា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី នា​ថ្ងៃទី ៨​ ធ្នូ​ កន្លងទៅ បាន​និយាយ​ទៅកាន់​ក្រុម​ទាហាន ដែល​ចូលរួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​អ៊ុយ​ក្រែ​ន​ថា លោក​នឹង​បន្ត​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី ម្ដងទៀត នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០២៤​។

ក្នុងឱកាស​ជំនួប​ផ្ដល់​ពានរង្វាន់​ជូន​ទាហាន​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ក្នុង​សម​ភូមិ​សង្គ្រាម រុស្សី​-​អ៊ុយ​ក្រែ​ន ទាហាន​ជាន់ខ្ពស់​ជាច្រើន​នាក់​បានបង្ហាញ​ពី​ចេតនា​ចង់ឱ្យ​លោក ពូ​ទីន បន្ត​ឈរឈ្មោះ នៅ​អាណត្តិ​ក្រោយ​ទៀត​។

ជា​លទ្ធផល លោក ពូ​ទីន បាន​និយាយ​ក្នុងឱកាស​ដដែល​នោះ​ថា​៖ «​មិន​លាក់បាំង​ទេ ខ្ញុំ​ធ្លាប់​គិតថា​អាច​នឹងមាន​វិធី​ផ្សេង​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​ខ្ញុំ​យល់ថា យើង​គ្មាន​ជម្រើស​ផ្សេង​ទេ ដូច្នេះ​ខ្ញុំ​នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ម្ដងទៀត​»​។


ក្រោយ​ជំនួប​ផ្ដល់​ពានរង្វាន់​នោះ លោក Artyom Zhoga ដែលជា​មន្ត្រី​យោធា និង​ជា​អ្នកនយោបាយ​មួយរូប​ដែរនោះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ពិតជា​រីករាយ​ណាស់ ដែល​លោកពូ​ទីន បាន​យល់ព្រម​តាម​សំណើ​ក្នុងការ​ឈរឈ្មោះ ហើយ​មន្ត្រី​យោធា​រូបនេះ​ជឿជាក់ថា​ប្រទេស​រុស្ស៊ី​ទាំងមូល នឹង​គាំទ្រ​ការសម្រេចចិត្ត​នេះ​។

សម្រាប់​លោក ពូ​ទីន បើទោះជា​មាន​អាយុ ៧១ ឆ្នាំ​ទៅហើយ​ក្ដី ប៉ុន្តែ​ការបោះឆ្នោត​ដែលមាន​ការគាំទ្រ​ពីរ​ដ្ឋ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ និង​ស្ទើរតែ​គ្មាន​ការជំទាស់​ជា​សាធារណៈ​ទៅហើយនោះ ភាគរយ​ដែល​លោក ពូ​ទីន នឹង​ដឹកនាំ​ប្រទេស​រុស្ស៊ី​បន្តទៀត​គឺ​ខ្ពស់​រួចទៅហើយ​។


ប៉ុន្តែ​យ៉ាងណា គណបក្សប្រឆាំង​បានចាត់ទុក​ការបោះឆ្នោត​ប្រធានាធិបតី​នេះ​ថា ជា​រូបភាព​ដែល ត្រូវបាន​តាក់តែងឡើង ដើម្បី​បិទបាំង​ទម្រង់​ដឹកនាំ​ផ្ដាច់ការ​របស់លោក ពូ​ទីន តែប៉ុណ្ណោះ​។ ក្រុមប្រឆាំង​បាន​និយាយទៀតថា បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត នឹង​លេចឡើង​ជាទូទៅ ប៉ុន្តែ​លទ្ធផល​នៃ​ជ័យជម្នះ​នៅតែ​បាន​ទៅលើ​លោក ពូ​ទីន ដដែល​។

គូប្រជែង អ្នក​រិះគន់ អ្នក​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ និង​អ្នក​បង្ខូចឈ្មោះ​កងទ័ព​ជាដើម តែងតែ​ទទួល​ជោគវាសនា​មិន​ខុសគ្នា​នោះទេ ពោលគឺ​ប្រឈម​នឹង​ការកាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ឬ​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​។

យ៉ាងណាក៏ដោយ អ្នកគាំទ្រ​លោក ពូ​ទីន បាន​ច្រានចោល​ការវិភាគ​នោះ ដោយ​ចង្អុល​ទៅ​ការស្ទង់មតិ​ឯករាជ្យ​មួយចំនួន ដែល​បង្ហាញ​ពី​ការពេញចិត្ត​ក្នុងការ​បោះឆ្នោត ហើយ​ពួកគេ​និយាយថា លោកពូ​ទីន​ជា​មេដឹកនាំ​ដែល​បាន​ស្តារ​សណ្តាប់ធ្នាប់​ឡើងវិញ និង​បាន​បង្កើន​ឡើងវិញ​នូវ​ឥទ្ធិពល​មួយចំនួន​របស់​រុស្ស៊ី​ដែល​បាន​បាត់បង់​ក្នុងអំឡុងពេល​ភាពវឹកវរ​នៃ​ការដួលរលំ​នៃ​សហភាពសូវៀត​។

គួរ​បញ្ជាក់ថា លោក ពូ​ទីន ដែលជា​ប្រធានាធិបតី​បន្ត​ពី​លោក Boris Yeltsin កាលពី​ចុងឆ្នាំ​១៩៩៩ បាន​ក្លាយជា​មេដឹកនាំ​ដែល​កាន់អំណាច​យូរ​ជាងគេ​របស់​ប្រទេស​រុស្ស៊ី​បន្ទាប់ពី​លោក Josef Stalin (២៩​ឆ្នាំ​)៕​