ប្រទេសឥណ្ឌា បានកំណត់គោលដៅរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាដ៏អស្ចារ្យបំផុតរបស់ពិភពលោក គឺកីឡាអូឡាំពិក ដែលគោលដៅនេះត្រូវបានកំណត់មិនយូរប៉ុន្មាន បន្ទាប់ពីប្រទេសនេះ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំៗចំនួន២គឺកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ G20 ដែលទើបបញ្ចប់ប៉ុន្មានខែមុន និងកិច្ចប្រជុំពាណិជ្ជកម្ម។
ដោយឡែកសម្រាប់ការចង់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅឆ្នាំ២០៣៦ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានប្រកាសជាសាធារណៈតែម្ដងនិងថែមទាំងបានអះអាងទៀតថាវាគឺជាក្ដីប្រាថ្នាជាយូរមកហើយ។
ប៉ុន្តេក្ដីប្រាថ្នារបស់ឥណ្ឌា នាពេលនេះ ហាក់បីដូចជាតឹងតែងបន្តិចព្រោះមិនមែនតែឥណ្ឌាមួយនោះទេដែលចង់ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក។សម្រាប់ឆ្នាំ២០៣៦ ខាងមុខឥណ្ឌូនេស៊ី ម៉ិកស៊ិក តួកគី និងប៉ូឡូញ ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះផងដែរ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC TV18 កាលពីខែកញ្ញាប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach បានឱ្យដឹងថាគណៈកម្មាធិការមានការសន្ទនាខ្លះៗហើយជាមួយរដ្ឋាភិបាលឥណ្ឌានិងក្រុមហ៊ុនឯកជនដែលពាក់ព័ន្ធជុំវិញការដេញថ្លៃធ្វើជាម្ចាស់ផ្ទះនេះ។
លោកបាននិយាយថាការចាប់អារម្មណ៍ពីសំណាក់ប្រទេសឥណ្ឌាក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិកនេះគឺជាដំណឹងដ៏រីករាយសម្រាប់ចលនាអូឡាំពិកទាំងមូល។
ប៉ុន្តែយ៉ាងណាបទពិសោធន៍នៃការរៀបចំព្រឹត្តិការណ៍កីឡារបស់ឥណ្ឌាអាចនឹងធ្វើឱ្យការសម្រេចចិត្តរបស់គណៈកម្មាធិការជួបប្រទះឧបសគ្គមួយចំនួន។ត្រឡប់ទៅកាន់ឆ្នាំ២០១០ ជាពេលដែលប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះនៃកីឡា Commonwealth Games។
កាលនោះឥណ្ឌាបានខាតបង់អស់ថវិកាជាច្រើនដោយសារតែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធត្រូវបានពន្យារពេលម្ដងហើយម្ដងទៀតរហូតដល់ហួសកាលបរិច្ឆេទដែលបានកំណត់ទុកសម្រាប់ប្រារព្ធព្រឹត្តិការណ៍។
នាពេលនោះកាសែត The Guardian បានប៉ាន់ប្រមាណតម្លៃដែលឥណ្ឌាបានចំណាយសម្រាប់រៀបចំការប្រកួតកីឡា Commonwealth គឺមានចន្លោះពី ២ ពាន់លានផោន (ប្រមាណជា ២៥០០ លានដុល្លារអាមេរិក)ទៅ ៤ ពាន់លានផោន (ប្រមាណជា ៥០០០ លានដុល្លារអាមេរិក)។
នៅក្នុងឆ្នាំ២០១១បន្ទាប់ពីការប្រកួតបានបញ្ចប់ប្រធានគណៈកម្មាធិការរៀបចំការប្រកួតCommonwealth លោក Suresh Kalmadi ក៏ត្រូវបានចាប់ខ្លួនពីបទពុករលួយលើថវិកាសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាផងដែរ។ ទាំងអស់នេះត្រូវគេបានចាត់ទុកថាជាបរាជ័យមួយដ៏ធំធេងសម្រាប់ប្រជាជាតិឥណ្ឌាទាំងមូល។
ថ្មីៗនេះព្រឹត្តិការណ៍កីឡាវាយកូនបាល់ (Cricket World Cup) នៅប្រទេសឥណ្ឌាក៏ផ្ទុះនូវការរិះគន់យ៉ាងចាស់ដៃផងដែរ។នាពេលនោះមានការរាយការណ៍ថារាល់ការប្រកួតរបស់ក្រុមដែលជាម្ចាស់ផ្ទះតែងតែមានអ្នកទស្សនាពេញៗពហុកីឡដ្ឋានប៉ុន្តែនៅពេលដែលដល់វេនក្រុមរបស់ប្រទេសផ្សេង អ្នកទស្សនាបានចាកចេញអស់ពីពហុកីឡដ្ឋាន។
អ្នកគាំទ្រមួយចំនួនទៀតបានត្អូញត្អែរតាមបណ្ដាញសង្គមពីការទិញសំបុត្រតាមអ៊ីនធឺណិតដែលគណៈកម្មការរៀបចំបានប្រកាសថាលក់អស់ខណៈដែលការផ្សាយផ្ទាល់ឃើញកៅអីទំនេរជាច្រើន។
លោក David Carter សាស្ត្រាចារ្យផ្នែកកីឡានៅសាកលវិទ្យាល័យ Southern California បានលើកឡើងពីបញ្ហានេះថាប្រទេសដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាធំៗបែបនេះត្រូវតែច្បាស់លាស់លើគោលបំណងរបស់ពួកគេសម្រាប់ការរៀបចំការប្រកួតដើម្បីកាត់បន្ថយហានិភ័យនៃភាពចម្រូងចម្រាសដែលអាចកើតឡើងនានា។
បើមើលពីលទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍កីឡាឥណ្ឌាគឺមានលទ្ធភាពរួចជាស្រេចទៅហើយចំណែកឯសមត្ថភាពអត្ថពលិកក៏មិនចោទជាបញ្ហានោះដែរតែបញ្ហាពិតប្រាកដគឺនៅត្រង់ថាតើគណៈកម្មាធិការកីឡាអូឡាំពិកហ៊ានផ្ដល់ឱកាសដល់ប្រទេសនេះឬទេ?