​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​វៀតណាម​ បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​អចលនទ្រព្យ​នៅក្នុង​​ប្រទេស​​​ប្រហែល​ ១ ៣០០ ក្រុមហ៊ុន​ បាន​ក្ស័យ​ធន​នៅ​ឆ្នាំ​ ២០២៣ នេះ​​ ដោយ​កើន​ឡើង​ ៨ ភាគរយ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០​២២​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress។

​​តាម​តួលេខ​នេះ​ ក្រុម​ហ៊ុន​​អាជីវកម្ម​​ក្នុង​វិស័យ​អចលនទ្រព្យ​​ចំនួន​ ១០៧ ជា​មធ្យម​​បាន​ក្ស័យ​ធន​ជា​រៀង​រា​ល់​ខែ​ ខណៈ​ដែល​ចំនួន​ក្រុមហ៊ុន​​ថ្មី​​ដែល​បង្កើត​ឡើង​ ​បាន​ធ្លាក់​ចុះ​ ៤៥ ភាគរយ​ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០២២។ ​

​កាសែត​ VnExpress បាន​រាយការណ៍​ថា​ ទីផ្សារ​អចលន​ទ្រព្យ​របស់​ប្រទេ​ស​វៀតណាម​ បាន​ធ្លាក់​ទៅ​ក្នុង​អស្ថិរភាព​​ចាប់​តាំង​ពី​ឆ្នាំ​ ២០២២ ​​ហើយ​ស្ថានភាព​នេះ​បាន​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​ ទោះ​បី​ជា​មាន​ជំនួយ​ពី​រដ្ឋាភិបាល​ក៏​ដោយ​ក្ដី​។ ​អ្នក​​ជំនាញ​​បាន​​និយាយ​​​ថា​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​​​​បញ្ហា​​ទាក់​​ទង​​នឹង​​ច្បា​ប់​ ការ​​ប្រគល់​​ដី​ ការ​​កំណត់​​តម្លៃ ​និង​​ដើម​​ទុន​​ជា​ដើម​។​


​​ភាព​ស្រពិច​ស្រពិល​នៃ​វិស័យ​​​អចលន​ទ្រព្យ​​​ បាន​​ធ្វើ​​ឱ្យ​​គម្រោង​​មួយ​​ចំនួន​​ត្រូវ​​​​​ពន្យារ​​ពេលសាង​សង់​​ ​ដែល​​នាំ​​ឱ្យ​មាន​ការ​​ខាត​​បង់​​​សម្រាប់​​អាជីវកម្ម​​សំណង់​ ​និង​​សម្ភារ។​

ស្ថិតិ​ពី​ក្រសួង​សំណង់​វៀតណាម​បង្ហាញ​ថា​ ប្រាក់​ចំណូល​សរុប​របស់​ក្រុមហ៊ុន​ជា​ច្រើន​ដែល​​ស្ថិត​ក្រោម​ការ​គ្រ​ប់​គ្រង​របស់​ក្រសួង​ ​​បាន​ថយ​ចុះ​ ១៦ ភាគរយ​​ក្នុង​ឆ្នាំ​ ២០២៣ ​បើ​ធៀប​នឹង​ឆ្នាំ​​ ២០២២​​។​​ប្រាក់​ចំណេ​ញ​​របស់​ក្រុមហ៊ុន​ទាំង​នោះ​ ​​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ​ រហូត​ដល់​ ៦៦ ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២។ 


​​ក្នុង​របាយការណ៍​ផ្ញើ​ទៅ​គណៈកម្មការ​សេដ្ឋកិច្ច​ ក្រសួង​សំណង់​ដដែល​បាន​និយាយ​ថា​ ទីផ្សារ​អចលនទ្រ​ព្យ​​នៅ​មាន​អស្ថិរភាព​ ដែល​បណ្តាល​មក​ពី​ហានិភ័យ​នៃ​ការ​គាំង​ កង្វះ​ការ​ផ្គត់​ផ្គង់​ និង​រចនា​សម្ព័ន្ធ​ទំនិញ​មិន​ស​មរ​ម្យ​ ក្នុង​ចំណោម​កត្តា​ផ្សេង​ៗ​ទៀត​។​

​ជុំ​វិញ​​បញ្ហា​ដដែល​នេះ​ អ្នក​វិភាគ​បាន​រំពឹង​ថា​ ទីផ្សារ​អចលនទ្រព្យវៀតណាម​​នៅ​ឆ្នាំ​ ២០២៤​ នឹង​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ផ្គត់​ផ្គង់​ និង​ការ​ទូទាត់​ ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​ដំណាក់កាល​អន្តរកាល​សម្រាប់​ឆ្នាំ​ ២០២៥ ​នៅ​ពេល​ដែល​វិសោធនកម្ម​ច្បាប់​ទាក់​ទង​នឹង​លំនៅដ្ឋាន​ និង​អចលនទ្រព្យ​ចូល​ជា​ធរមាន​៕​