ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង (Xi Jinping) កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​ចុងឆ្នាំ​ ប្រទេស​ចិន​នឹង​បង្រួបបង្រួម​កោះ​តៃវ៉ាន់​ជាមួយ​ចិនដីគោក​ឱ្យបាន ដោយ​លោក​បាន​សង្កត់ធ្ងន់ថា ការបង្រួបបង្រួម​នឹង​កើតមានឡើង​យ៉ាងពិត​ប្រាកដ មិនអាច​ជៀសផុត ហើយ​វា​នឹង​ក្លាយជា​ប្រវត្តិសាស្ត្រ​ចិន​ដ៏​សំខាន់​មួយ។

យោងតាម​ការបកប្រែ​ជា​ភាសា​អង់គ្លេស​ពី​ភាសា​ចិន និង​ចុះផ្សាយ​ដោយ​ក្រសួងការបរទេស​ចិន លោក ស៊ី បាន​និយាយថា៖«ជន​ជាតិចិន​ទាំងអស់ មិន​ថា​ពួកគេ​រស់នៅ​ទីណា​នោះទេ គួរតែ​រួបរួមគ្នា​ក្នុង​គោលបំណង​រួមគ្នា និង​មាន​មោទនភាព​ចំពោះ​ការ​ងើប​ឡើងវិញ​នៃ​ប្រជា​ជាតិចិន»។

ជាការ​កត់សម្គាល់ ការលើកឡើង​របស់លោក ស៊ី ហាក់ដូច​ជាមាន​ភាពម៉ឺងម៉ាត់​ជាងឆ្នាំមុនៗជាពិសេស​នៅពេលដែល​លោក​បាន​សង្កត់ធ្ងន់ថា ភាគី​ទាំងពីរ​គឺជា​គ្រួសារ​តែមួយ ហើយ​លោក​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​តៃវ៉ាន់ ដើម្បី​ភាព​រីកចម្រើន​របស់​ប្រជា​ជាតិចិន​ទាំងមូល។


លោក ស៊ី ក៏បាន​រំឭក​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់លោក ក្នុងការ​ទប់ស្កាត់​ការប៉ុនប៉ង​ចង់​បំបែក​តៃវ៉ាន់ ចេញពី​ចិន។ ត្រង់ចំណុច​នេះ លោក​ធ្លាប់បាន​លើក​ម្ដង​រួចមកហើយ​កាលពី​សប្តាហ៍​មុន​ក្នុង​ព្រឹត្តិការណ៍​គម្រប់​ខួប១៣០ ឆ្នាំ​នៃ​ថ្ងៃកំណើត​របស់​អតីត​មេដឹកនាំ​ចិន លោក ម៉ៅ សេទុង។ លោក​បាន​បញ្ជាក់ថា ការបង្រួបបង្រួម​ជាតិ​មាតុភូមិ​ជា​និន្នាការ​ដែល​គ្មាន​នរណា​អាច​បញ្ឈប់​បាន​នោះទេ។

ក្រសួងការពារជាតិ​ចិន បាន​រំឭក​ឡើងវិញ​នូវ​ឆន្ទៈ​របស់ខ្លួន​ក្នុងការ​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​គ្រប់គ្រង​កោះ​តៃវ៉ាន់ ជា​កោះ​ដែល​ចិន​អះអាងថា​ជា​ទឹកដី​របស់ខ្លួន។ លោក​វរសេនីយ៍ឯក វូ ឈាន (Wu Qian)អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​អះអាងថា យោធា​ចិន​នឹង​ចាត់វិធានការ​យោធា​ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ចិន។


ភាគច្រើន​នៃ​ប្រជាជន​តៃវ៉ាន់​សរុប ២៣ លាន​នាក់ បានបង្ហាញ​ពី​ការចង់​រក្សា​ស្ថានភាព​ឱ្យនៅ​ដដែល ពោលគឺ​ចង់ឱ្យ​តៃវ៉ាន់​មាន​ប្រព័ន្ធគ្រប់គ្រង​ដាច់ដោយឡែក​ពី​ចិន។

សកម្មភាព​យោធា​របស់​ចិន​កន្លងមក ដូចជា​ការបញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​ទៅជិត​កោះ​តៃវ៉ាន់ ត្រូវបាន​គេ​មើលឃើញថា​ជាការ​បំភិតបំភ័យ និង​បង្កើន​ការព្រួយបារម្ភ​អំពី​ការឈ្លានពាន​ដែល​អាច​កើតមាន​នាពេល​អនាគត។ យ៉ាងណាក៏ដោយ សុន្ទរកថា​ចុងឆ្នាំ​របស់លោក ស៊ី​មិនបាន​លើកឡើង​អំពី​ការគំរាមកំហែង​ផ្នែក​យោធា​នោះទេ។

តៃវ៉ាន់​នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី និង​ការបោះឆ្នោត​សភា​នៅ​ថ្ងៃទី១៣ ខែមករា​ ខាងមុខនេះ។ ក្នុងជំនួប​ជាមួយ​លោក ស៊ី​នៅ​ទីក្រុង សាន​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) កាលពី​ខែ​មុន ប្រធានាធិបតី​អាមេរិក លោក ចូ​បៃ​ដិ​ន (Joe Biden)បាន​ព្រមាន​ប្រទេស​ចិន​អំពី​រឿង​ដែល​ចិន​ចូល​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​នៅ​តៃវ៉ាន់។

ការចង់បាន​ឯករាជ្យភាព​របស់​តៃវ៉ាន់​បាន​បង្កឱ្យមាន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង។ លោក បៃ​ដិ​ន បានប្រកាសថា សហរដ្ឋអាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់ ប្រសិនបើ​កោះ​នេះ​ត្រូវ​ប្រឈមមុខ​នឹង​ការវាយប្រហារ​ណាមួយ។ ការបង្ហាញ​គោលជំហរច្បាស់ៗចំពោះ​តៃវ៉ាន់​បែបនេះ​ជា​រឿង​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក​កន្លងមក។

យ៉ាងណាក៏ដោយ កាលពី​ខែវិច្ឆិកា លោក បៃ​ដិ​ន​បានបញ្ជាក់​ឡើងវិញ​នូវ​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​គោលនយោបាយ​ចិន​តែមួយ ដែល​មានន័យថា សហរដ្ឋអាមេរិក​មិន​ទទួលស្គាល់​តៃវ៉ាន់​ជា​ផ្លូវការ​ថា​ជា​ប្រទេស​ឯករាជ្យ​ដាច់ដោយឡែក​ពី​ចិនដីគោក​នោះទេ។ លោក​បាន​បញ្ជាក់ថា គោលជំហរ​របស់​សហ​រដ្ឋ​អាមេរិក​នៅតែ​មិនមាន​ការផ្លាស់ប្តូរ​ឡើយ៕