នៅក្នុង​សុន្ទរកថា​ថ្លែង​ទៅកាន់​ប្រជាជន​ក្នុងឱកាស​ឆ្នាំ​ថ្មី​ ២០២៤ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) បានបង្ហាញ​ការ​​ប្តេជ្ញាចិត្ត​ក្នុងការ​ដាក់​ប្រទេស​ស្ថិតក្នុង​ការទូត​ជួរមុខ​ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ​ដែល​ពិភពលោក​កំពុង​ប្រឈម​ដល់ពេលនេះ​។​

​ក្នុង​សុន្ទរកថា​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ទី​១​មករា នាយករដ្ឋមន្ត្រី​ជប៉ុន​គី​ស៊ី​ដា បានដាក់​ការផ្តោត​ខ្លាំង​លើ​របៀប​ធ្វើ​ការងារ​ក្នុង​វិស័យ​ការទូត​ជាមួយ​មេដឹកនាំ​ពិភព​លោក​ផ្សេងទៀត​។​

​តាម​សម្រង់​សម្តី​ដែល​បាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo News លោក​បាន​និយាយថា លោក​នឹង​អនុវត្ត​ភាពជា​អ្នកដឹកនាំ «​តែ​ ១ ​គត់​សម្រាប់​ប្រទេស​ជប៉ុន​» តាមរយៈ​កិច្ចប្រជុំ​កំពូល​ការទូត​ដើម្បី «​យកឈ្នះ​លើ​បញ្ហា​ប្រឈម​» ដោយ​លើកឡើង​ពី​បញ្ហា​ដូចជា​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​ជម្លោះ​រវាង​អ៊ី​ស្រា​អែល និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​។​


​លោក គី​ស៊ី​ដា ដែល​ធ្លាប់​បម្រើការ​ជា​រដ្ឋមន្ត្រីការបរទេស និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ មុនពេល​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅ​ខែតុលា ឆ្នាំ​ ២០២១ បាន​និយាយថា​៖«​យើង​នឹង​ការពារ​ដាច់ខាត​នូវ​សុវត្ថិភាព​របស់​ប្រជាជន និង​ទឹកដី និង​ដែន​អាកាស​របស់​ប្រទេស​ជប៉ុន នៅក្នុង​បរិយាកាស​សន្តិសុខ​ដ៏​ស្មុគស្មាញ​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​»​។​

​ផ្អែក​តាម​ការចុះផ្សាយ​ដដែល ក្នុង​វិស័យសេដ្ឋកិច្ច​វិញ លោក គី​ស៊ី​ដា បាន​សន្យាថា​នឹង​ចាត់​​វិធានការ​ចាំបាច់​ដើម្បី​ផ្តល់​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដែល​លើសពី​ការកើនឡើង​នៃ​តម្លៃ ឬ​គេ​ហៅថា អតិផរណា ដោយ​បង្ហាញ​ក្តី​សង្ឃឹមថា ពលរដ្ឋ​ជប៉ុន​នឹង ​«​មាន​អារម្មណ៍​ថា​» កំណើនសេដ្ឋកិច្ច​ដើម្បី​នាំមក​នូវ​ការផ្លាស់​ប្តូរ​នៅក្នុង «​ផ្នត់គំនិត​» របស់​ប្រជាជន​ក្នុងសង្គម​៕