នៅក្នុងសារឆ្នាំថ្មីដែលបានផ្លាស់ប្តូរនៅថ្ងៃចន្ទទី ១ ខែមករាឆ្នាំ ២០២៤ នេះ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានប្តេជ្ញាថា នឹងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២។ នេះបើយោងតាមសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍។
ដោយដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) Yonhap របស់កូរ៉េខាងត្បូងបានឱ្យដឹងថា នៅក្នុងសាររបស់ប្រមុខរដ្ឋ គីម ជុងអ៊ុន ដែលមានមិត្តបរទេសតិចតួចនោះ បានបញ្ជូនទៅកាន់លោកស៊ីដោយបានប្រកាសថាឆ្នាំ ២០២៤ ជា «ឆ្នាំនៃមិត្តភាពកូរ៉េខាងជើង-ចិន» ចំពេលដែលវាក៏ជាឆ្នាំនៃការប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២។
សារព័ត៌មានខាងលើនេះបានឱ្យដឹងទៀតថា៖«តាមរយៈឆ្នាំនៃមិត្តភាពកូរ៉េខាងជើងចិនភាគីទាំង ២ ក៏ដូចជាប្រទេសទាំង២នឹងជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរ និងទស្សនកិច្ចលើគ្រប់វិស័យរួមទាំងនយោបាយសេដ្ឋកិច្ច និងវប្បធម៌ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងឯកភាពជាតិឱ្យកាន់តែស៊ីជម្រៅ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការតស៊ូរួមគ្នាដើម្បីការពារសន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ដូច្នេះវានឹងបន្ថែមទំព័រថ្មីមួយទៅកាន់ប្រវត្តិសាស្ត្រ នៃទំនាក់ទំនងកូរ៉េខាងជើង និងប្រទេសចិន»។
ជាការឆ្លើយតប លោកស៊ីក៏បានប្រកាសថា ឆ្នាំ ២០២៤ នេះនឹងត្រូវបានកំណត់ថាជា៖«ឆ្នាំនៃមិត្តភាពចិន-កូរ៉េខាងជើង»។ យោង KNCA ជាភាសាអង់គ្លេសដាច់ដោយឡែក។
លោកស៊ីបាននិយាយនៅក្នុងសាររបស់លោកថា៖«ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រពៃណីចិន-កូរ៉េខាងជើងបានឈានចូលដល់សម័យកាលប្រវត្តិសាស្ត្រថ្មីមួយដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការលើកទឹកចិត្តរវាងភាគីទាំង ២»។
លោកស៊ីក៏បានបញ្ជាក់ថាភាគីទាំង ២ បានរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតការងារ និងពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិពហុភាគីដោយលើកឡើងថាកិច្ចខិតខំប្រឹងប្រែងបែបនេះបានជំរុញការអភិវឌ្ឍបន្តនៃទំនាក់ទំនងស្តីពីការការពារផលប្រយោជន៍រួមរបស់ពួកគេនិងសន្តិភាពស្ថិរភាពក្នុងតំបន់។
លោកបានបន្ថែមទៀតថា៖ «វាគឺជាគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់យើងក្នុងការការពារបង្រួបបង្រួម និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីចិន-កូរ៉េខាងជើងប្រកបដោយជោគជ័យ»។
កូរ៉េខាងជើងដែលមានមិត្តភក្ដិបរទេសតិចតួចប្រឹងរឹតចំណងជាមួយចិន និងរុស្ស៊ីដែលជាមហាអំណាចជិតខាងដើម្បីទប់ទល់ឥទ្ធិពលសម្ព័ន្ធមិត្តសេរី៕