នៅក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​ដែល​រៀបចំឡើង​ដ៏​វែង​អន្លាយ​មួយ ដោយបាន​ថត​ទុក និង​បញ្ចូល​រូបភាព​កើតចេញពី​ការតស៊ូ​ប្រយុទ្ធប្រឆាំង​ក្នុង​សង្គ្រាម​ប្រឆាំង​មហាអំណាច​រុស្ស៊ី ដែល​បាន​ឈ្លានពាន​ខ្លួន​ជា​ចំហ​អស់​រយៈ​ពេល​ជិត​ ២ ​ឆ្នាំ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (VolodymyrZelenskiy)​ បានបង្ហាញ​ពី​ភាព​ធន់​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន​នៅក្នុង​គ្រា​នៃ​ការបង្ហូរ​ឈាម​ដែល​នៅ​បន្ត​ទៅមុខទៀត ខណៈដែល​មេដឹកនាំ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បាន​សង្កត់ធ្ងន់​លើ​ការរួបរួម​របស់​ប្រទេស​រុស្ស៊ី​នៅក្នុង​សារ​ដ៏​ខ្លី​ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​។​

​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា សុន្ទរកថា​ដែល​ព្រាង​ទុកជា​សារ​ប្រពៃណី​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ​ចុងឆ្នាំ​ ២០២៣ នៅក្នុង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ធ្វើឡើង​នៅពេលដែល​ប្រទេស​ទាំង​ ២​ បាន​ប្រារព្ធ​ពិធី​ចុងបញ្ចប់​នៃ​ឆ្នាំនេះ​ជាមួយនឹង​ការកើនឡើង​នៃ​ការវាយប្រហារ​តាមផ្លូវ​អាកាស​តាម​ផ្លូវទឹក និង​តាម​ផ្លូវគោក របស់​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​ភាគី​ទាំង ​២​ មិនអាច​ចង្អុល​ទៅលើ​សមិទ្ធផល​ធំៗ​ដែល​ពួកគេ​សម្រេចបាន​នៅ​សមរភូមិ​ជួរ​​មុខ​ក្នុង​ឆ្នាំ​ ២០២៣​ ឡើយ​។​

​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ លោក ហ្សេ​ឡេ​ន​ស្គី បាន​និយាយថា​៖«​លទ្ធផល​សំខាន់​នៃ​ឆ្នាំ​ ២០២៣ ដែលជា​សមិទ្ធផល​ចម្បង​របស់ខ្លួន គឺ​អ៊ុយ​ក្រែ​ន​កាន់តែ​រឹងមាំ​»​។


​សុន្ទរកថា​រៀបចំ​ទុក​នោះ​មាន​បញ្ចូល​រូបភាព​ក្នុង​វីដេអូ​ដោយ​បង្ហាញ​ទិដ្ឋភាព​នៃ​ទីក្រុង​ដែល​កំពុង​រង​ការវាយប្រហារ ការ​ប្រយុទ្ធ​តទល់​សត្រូវ និង​ការជួប​ជាមួយ​មេដឹកនាំ​នៃ​សម្ព័ន្ធមិត្ត​លោកខាងលិច​ដែល​គាំទ្រ​អ៊ុយ​ក្រែ​ន ទាំង​ផ្នែក​សម្ភារ និង​ការ​ទូត លោក ហ្សេ​ឡេ​ន​ស្គី ក៏បាន​ប្តេជ្ញា​ដូច​ឆ្នាំមុន​ដែរ​ថា អ៊ុយ​ក្រែ​ន​ដែលមាន​សេរីភាព​នឹង​ឈ្នះ​។​

​លោក​ថ្លែងថា​៖«​មិន​ថាស​ត្រូវ​បាញ់​រ៉ុក្កែត​ប៉ុន្មាន​គ្រាប់​ទេ មិន​ថា​ការបាញ់​ផ្លោង និង​ការ​វាយ​ប្រហារ​ប៉ុន្មាន​ដង ភាពឃោរឃៅ គ្មាន​មេត្តា ដោយ​សត្រូវ​អនុវត្ត​ក្នុងការ​ប៉ុនប៉ង​បំបែក​អ៊ុយ​ក្រែ​ន បំភិតបំភ័យ ទម្លាក់​អ៊ុយ​ក្រែ​ន កប់​ក្រោម​ដី យើង​នឹង​នៅតែ​ងើប​ឡើងវិញ​»​។​


​ងាក​ទៅ​ក្រឡេកមើល​ការ​​អត្ថាធិប្បាយ​របស់លោក​ពូ​ទីន ម្តង ដែល​លោក​ក៏​នឹង​ប្រឈម​ការបោះឆ្នោត​ក្នុង​ខែមីនា​បានផ្តល់​ភាព​ផ្ទុយគ្នា​យ៉ាងខ្លាំង​ចំពោះ​អ្វីដែល​លោក​ហ្សេ​ឡេ​ន​ស្គី​បានលើកឡើង​។​

​ក្នុង​សារ​ឆ្នាំនេះ លោក ពូ​ទីន បាន​ហៅ​ទាហាន​រុស្ស៊ី​ថា​ «​វីរបុរស​របស់​យើង​» ប៉ុន្តែ​មិនបាន​និយាយ​ឈ្មោះ​អ៊ុយ​ក្រែ​ន​ទេ​ហើយ​មិនបាន​សំដៅ​ទៅលើ​«​ប្រតិបត្តិការ​យោធា​ពិសេស​» ដោយ​ពាក្យ​របស់​លោកពូ​ទីន​សម្រាប់​សង្គ្រាម​ការឈ្លានពាន​របស់លោក​បាន​បញ្ចេញ​នៅក្នុង​ខែកុម្ភៈ ឆ្នាំ ​២០២២ ជា​ពេលដែល​លោក​បាន​បញ្ជា​ឱ្យ​ចល័ត​កងទ័ព​ចូលលុក​លុយ​អ៊ុយ​ក្រែ​ន និង​ប៉ង​កម្ចាត់​​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន​ជំនួស​មកវិញ​នូវ​រដ្ឋាភិបាល​អាយ៉ង​មួយ​ដែល​គ្មាន​លទ្ធភាព​តតាំង​ជាមួយ​ខ្លួន និង​មិន​ស្វែងរក​ការ​ងាក​ទៅរក​បស្ចិម​លោក​។​

​លោកពូ​ទីន​បាន​និយាយ​នៅក្នុង​សុន្ទរកថា​រយៈពេល ​៤ ​នាទី​ដោយ​ស្លៀកពាក់​ឈុត​ក្រហម​និង​ក្រវាត់ក​ក្រហម​ថា​«​យើង​បានបង្ហាញ​ច្រើនជាង​ ១ ​ដង​ថា​យើង​អាច​ដោះស្រាយ​បញ្ហាលំបាក​បំផុត​ហើយនឹង​មិន​ដកថយ​ទេពី​ព្រោះ​គ្មាន​កម្លាំង​ណា​ដែល​អាច​បំបែក​យើង​បាន​»​។​

​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​ដែល​ត្រូវបាន​អ្នកតាមដាន​ស្ថានភាព​សង្គ្រាម​បានចាត់ទុក​ថា​ជា​ជម្លោះ​ដ៏​សាហាវ​បំផុត​នៅ​អឺរ៉ុប​ចាប់​តាំង​ពី​សង្គ្រាមលោកលើកទី​២​មក​ជិត​ដល់​ខួប ​២​ ឆ្នាំ​ទៅហើយ ប៉ុន្តែ​សង្គ្រាម​ដែល​គ្មាន​ភាគី​ណា​ចង់បាន​នេះ​មិន​បង្ហាញ​ទីបញ្ចប់​របស់​វា​ឡើយ​។​

​ការ​គ្មាន​ទីបញ្ចប់​ដោយសារ​លទ្ធភាព​ចរចា​របស់​ភាគី​សង្គ្រាម​មិនត្រូវ​បាន​រកឃើញ​នៅឡើយ​។​ភាគី​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​នៅតែ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​លើ​លទ្ធភាព​ចរចា​បញ្ចប់សង្គ្រាម ដោយ​មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​បាន​អះអាង​ចុងក្រោយ​ថា រុស្ស៊ី​បាន​ច្រានចោល​លទ្ធភាព​ចរចា​ជាមួយ​អ៊ុយ​ក្រែ​ន ដោយ​ត្រូវ​ការចរចា​តែ​ថ្នាក់​ខ្ពស់ជាង​នេះ ហើយ​ត្រូវគេ​ដឹងថា សំដៅលើ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ដែល​នៅ​ពីក្រោយ​អ៊ុយ​ក្រែ​ន​។​

​ជិត ​២ ​ឆ្នាំ​នៃ​សង្គ្រាម មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​សម្លាប់ ប្រជាជន​​អ៊ុយ​ក្រែ​ន​រាប់លាន​នាក់​បាត់បង់​ទីលំនៅ និង​ទីក្រុង​ជាច្រើន​ប្រែ​ក្លាយទៅជា​គំនរ​បាក់បែក​៕