ក្រោយ​ការ​ប្រកាស​​ដាក់​ប្រទេស​ក្នុងគ្រា​អាសន្ន​​​ដោយសារ​​​ជម្លោះ​ប្រដាប់អាវុធ​ផ្ទៃ​ក្នុងរបស់​លោក ​Daniel Noboa ប្រធានាធិបតីប្រទេស​អេក្វាទ័រ​​​​ ស្ថិត​នៅ​​តំបន់​អាមេរិក​ខាងត្បូង ​ក្រុម​អ្នកលេង​​​​ ឬ​គេ​ហៅ​ថា «ក្រុម​ឧក្រិដ្ឋជន» បាន​វាយ​ប្រហារ​ចូល​​​បន្ទប់ផ្សាយ​​​​​​របស់​ទូរទស្សន៍​ TC ក្នុង​ទីក្រុង Guayaquil ​ដែល​កំពុង​ផ្សាយ​ផ្ទាល់​។

ក្រុម​អ្នកលេង​​ដែល​ប្រដាប់​ដោយ​អាវុធ​​បាន​សម្រុក​ចូល​​​ក្នុង​​បន្ទប់ផ្សាយ​របស់​ទូរទស្សន៍​​នេះ​​​​ កើត​មាន​តែ​ប៉ុន្មាន​ថ្ងៃ​​ក្រោយ​មេ​ក្លោង​ដ៏​ធំ​បំផុត​នៃ​ក្រុម​ឧក្រិដ្ឋ​ជន ឡូស​ ឆនណឺរ៉ឺស ​​(Los Choneros) របស់​ប្រទេស​អេក្វាទ័រ​ បាន​​​បាត់​​ខ្លួន​​ចេញ​ពី​គុក​ ហើយ​ក្រុម​អាជ្ញាធរ​​របស់​ប្រទេស​​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​​នេះ​​កំពុង​ប្រតិបត្តិការ​ស្វែង​រក​​​​។

​ប្រធានាធិបតី​​​អេក្វា​ទ័រ​បាន​ប្រកាស​ដាក់​ប្រទេ​សក្នុងគ្រាអាសន្ន​របស់​ពេល ​៦០ ថ្ងៃ​ ចាប់ពីថ្ងៃទី​ ៨ ​ខែ​មករា ប៉ុន្តែ​នៅថ្ងៃ​ទី ៩ ​ខែ​មករា​នេះ ក៏​កើត​មាន​​ការ​ចាប់​ជំរិត​​មន្ត្រី​ប៉ូលិស និង​ការ​សម្រុក​ចូល​​បន្ទប់ផ្សាយ​​របស់​ក្រុម​ឧក្រិដ្ឋ​ជន​តែ​ម្តង។ 


​យោង​ការ​ផ្សាយ​​របស់​ Al Jazeera ប្រធានាធិបតី​នៃ​ប្រទេសអេក្វាទ័រ ​​បានប្រកាស​ក្រុម​​ឧក្រិដ្ឋ​ជន​​​ចំនួន២២​​នាក់ដែល​ជា​សមាជិក​របស់​​អង្គការ​ភេរ​វករ ហើយ​បាន​និយាយថា​ ប្រទេស​​​របស់​លោក​ស្ថិតក្នុង​ស្ថានភាព​នៃ «ជម្លោះ​ប្រដាប់អាវុធ​ផ្ទៃក្នុង»។

​ព័ត៌មាន​ BBC​ បានផ្សាយ​ថា​ មិន​ទាន់​មាន​ការ​អះអាង​ច្បាស់លាស់​នៅឡើយ​ថាតើ​​​​ការ​សម្រុក​ចូល​​​បន្ទប់ផ្សាយ​​របស់​ស្ថានីយទូរទស្សន៍​នេះ​​ជាប់​ពាក់​ព័ន្ធ​​​​​នៃ​ការ​បាត់​ខ្លួន​ចេញ​ពីគុក​របស់មេក្លោង​ឧក្រិដ្ឋជន  Adolfo Macías Villamar ឬ​គេ​ស្គាល់ថា «Fito» ដែល​បាត់​ខ្លួន​​​​ពី​ក្រុង​នេះ​ដូច​គ្នា។ 


ក្នុង​ហេតុ​ការណ៍​នោះ គេ​សង្កេតឃើញ​​ពួក​ក្រុម​​ប្រដាប់អាវុធ​​​​​ បាន​បញ្ជា​ឱ្យ​បុគ្គលិក​​​​បម្រើ​ការ​ផ្សាយ​ផ្ទាល់​​ដេក​​​និង​អង្គុយ​ផ្ទាល់​ទៅ​លើ​ឥដ្ឋ ខណៈ​សំឡេង​នៃ​កា​របាញ់​និង​ការ​ស្រែក​បាន​បន្លឺឡើង៕ 

AFP