នាវិក​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ម្នាក់​ រង​ការ​​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​​សហព័ន្ធ​រយៈ​ពេល​ជាង​ ២​ ឆ្នាំ ចំពោះ​​ការ​​បញ្ជូន​ព័ត៌មាន​ដ៏​រសើប​របស់​យោធា​អាមេរិក​ ទៅ​​ឱ្យ​មន្ត្រី​ចារកម្ម​ចិន​ ជា​ថ្នូ​រ​នឹង​សំណូក​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។  

កង​ទ័ព​ជើង​ទឹក​ម្នាក់​នោះ​ ឈ្មោះ​ Wenheng Zhao ​​មក​ពី​ទី​ក្រុង​ Monterey Park ​​ត្រូវ​បាន​កាត់​ទោស​កាល​ពី​ថ្ងៃ​ចន្ទ​ ឱ្យ​ជាប់​គុក​រយៈ​ពេល​ ២៧ ខែ​ ​​ដោយ​ចៅ​ក្រម​សហព័ន្ធ​នៅ​ទីក្រុ​ង​ឡូសអិនចែល​លេស​។ លោក​បាន​​សារភាព​​កំហុស​​មួយ​​​ករណី​ពី​​​ការ​សមគំនិត​ និង​​មួយ​​ករណី​ទៀត​ ពី​ការ​​ទទួល​​សំណូក​​ដោយ​​បំ​ពាន​​​លើ​​មុខ​ងារ​​ផ្លូវ​ការ​​របស់​ខ្លួន​។ ​លោក​ Zhao ​ក៏​រង​ការ​​​ផាក​​ពិន័យ​ជា​ប្រាក់​​ ៥ ៥០០ ​ដុល្លារ​ ​ផ​ង​​ដែរ​។​ 

លោក​​ Tarek​ Shawky ដែល​ជា​​​មេធាវី​ការពារ​ក្តី​លោក​ Zhao បាន​និយាយ​ថា​​៖ «​គាត់​ (លោក​ Zhao​) ​​គឺ​ជា​គោល​ដៅ​នៃ​ប្រតិបត្តិការ​ស៊ើបការណ៍​សម្ងាត់​ចិន​ ​ហើយ​​បាន​ធ្វើ​ខុស​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​​សម្ងាត់​​ជាមួយ​ប្រតិបត្តិករ​បរទេស​​។​ គាត់​​បាន​​ដឹង​ពី​កំហុស​ដ៏​ធ្ងន់​ធ្ងរ​របស់​ខ្លួន​ឯង​ ហើយ​​សារភាព​ថា​មាន​កំហុស​នៅ​ដំណាក់​កាល​ដំបូង​នៃ​ដំណើរការ​នីតិ​វិធី​»​។


រដ្ឋអាជ្ញា​និយាយ​ថា​ ​ លោក​ Zhao ​ដែល​ឈរ​ជើង​​នៅ​​មូលដ្ឋាន​​ទ័ព​ជើង​ទឹក​Ventura County ​ក្នុង​ទីក្រុង​Port Hueneme ​ភាគ​ខាង​ជើង​នៃ​ទីក្រុងឡូសអិនចែល​លេស​​ បាន​ប្រមូល​ប្រាក់​សំណូក​ជិត​ ១៥ ០០០ ដុល្លារ​ ​​ពី​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​ចិន​ម្នាក់​ ដើម្បី​ជា​ថ្នូរ​នឹង​ព័ត៌មាន​ រូបថត ​និង​វីដេអូ​ពាក់​ព័ន្ធ​នឹង​សម​យុទ្ធ​ ប្រតិបត្តិការ​ និង​បរិក្ខារ​នានា​របស់​យោធា​អាមេរិក​ នៅ​ចន្លោះ​ខែ​សីហា ​ឆ្នាំ​ ២០២១ ដល់​ខែ​ឧសភា​ ឆ្នាំ​២០២៣​​។ 

យោង​តាម​ឯកសារ​របស់​តុលាការ​ ​មន្ត្រី​ចិន​បាន​ប្រាប់​ លោក​ Zhao ​ថា​ ព័ត៌មាន​​​ដែល​លោក​ប្រមូល​បាន​ គឺ​ចាំ​​បាច់​សម្រាប់​ការ​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​ដែន​សមុទ្រ​ ដើម្បី​ជូន​ដំណឹង​អំពី​ការ​សម្រេច​ចិត្ត​វិនិយោគ​។​ ​


ជាមួយ​គ្នា​​នេះ​ រដ្ឋ​អាជ្ញា​និយាយ​​ថា​ លោក​ Zhao ​បាន​ប្រើ​ប្រាស់បណ្ដាញ​​ទំនាក់​ទំនង​ដែល​ជាប់​សោរ​​អ៊ិនគ្រីប​ ​​ដើម្បី​​​បញ្ជូន​ព័ត៌មាន​ទៅ​កាន់​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ចិន​ម្នាក់​នោះ​ និង​បាន​បំផ្លាញ​ភស្តុតាង​ដើម្បី​លាក់​ទំនាក់​ទំ​នង​របស់​ខ្លួន​។

គួរ​រំឭក​ផង​ដែរ​ថា​ លោក​ Zhao ​គឺ​ជា​នាវិក​ម្នាក់​ក្នុង​ចំណោម​នាវិក​កង​ទ័ព​ជើង​ទឹក​អាមេរិក​​២​នាក់​ ដែល​​​​ឈរ​ជើង​នៅ​មូលដ្ឋាន​​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ ​ហើយ​​រង​ការ​​​ចោទ​ប្រកាន់​​​ពី​បទ​ផ្តល់​ព័ត៌មាន​យោធា​ដ៏​រសើប​ដល់​ប្រទេស​ចិន​ កាល​ពី​ឆ្នាំ​មុន​។​

នាវិក​ទាំង​​២​នាក់​​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​សកម្មភាព​ស្រដៀង​គ្នា​ដើម្បី​ផ្តល់​ការ​ស៊ើបការណ៍​ដ៏​រសើប​ដល់​​ចិន​ ប៉ុន្តែ​មេធាវី​ការពារ​ក្តី​របស់​លោក​ Zhao ​បាន​និយាយ​ថា​ ករណី​ទាំង​២​មិន​ជាប់​ទាក់​ទង​គ្នា​នោះ​ទេ​​។ 

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ មន្ត្រី​អាមេរិក​​​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ការ​គំរាម​កំហែង​ចារកម្ម​ដែល​ពួក​គេ​និយាយ​ថា​ រដ្ឋាភិបាល​ចិន​បង្ក​ឡើង​ ខណៈ​បញ្ហា​ចារកម្ម​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​មួ​យ​​ដែល​ប្រទេស​ទាំង​២​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​៕​