ប្រធានាធិបតី​អេក្វាឌ័រ​ លោក​ ដានីយ៉ែល​ នូបៅ​ (Daniel Noboa)​ បាន​ប្រកាស​ថា​ អេក្វាទ័រ​បាន​ធ្លាក់​ចូល​​ទៅ​ក្នុង​ «ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃ​ក្នុង​» ប៉ុន្មា​ន​ថ្ងៃ​បន្ទាប់​ពី​​មេ​ក្លោង​ឧក្រិដ្ឋ​ជន​ដ៏​ល្បី​ឈ្មោះ​របស់​ប្រទេស​បាន​បាត់​ខ្លួន​ចេញ​ពី​គុក​។ ​ 

បណ្ដាញ​ព័ត៌មាន​ CNN បាន​ចុះ​ផ្សាយ​ថា​ លោក​ នូបៅ​ បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​ ៩ ខែ​មករា ដោយ​ប្រកាស​ថា​ប្រទេស​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃ​ក្នុង​ ហើយ​​​​បញ្ជា​ឱ្យ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​អនុវត្ត​ប្រតិបត្តិការ​យោធា​ ​ធ្វើ​ការ​បង្រ្កាប​​ក្រុម​ប្រដាប់​អាវុធ​ដែល​គេ​​​កំណត់​ថា​ជា​ក្រុម​ភេរវករ​។​ 

ជាមួយ​គ្នា​នេះ​ លោក​​ Jaime Vela Erazo​ ប្រធាន​បញ្ជាការ​រួម​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​​អេក្វាទ័រ​ បា​ន​ប្ដេជ្ញា​កាល​ពី​ថ្ងៃ​អង្គារ​​ ​​ថា​នឹង​មិន​ «រុញ​រា​ ​ឬ​ចរចា​»​ ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ឡើយ​ ដោយ​បន្ថែម​ថា​ «​អនា​គត​នៃ​ប្រទេស​របស់​យើង​ គឺ​ស្ថិត​នៅ​ក្នុង​បញ្ហា​»​។ 


លោក​បាន​​និយាយ​ទៀត​ថា​ ​​ចាប់​ពី​ពេល​នេះ​ត​ទៅ​ ក្រុម​ភេរវករ​ទាំង​អស់​ដែល​​បាន​កំណត់​​អត្ត​សញ្ញាណ​នៅ​ក្នុ​ង​ក្រិត្យ​ប្រកាស​អាសន្ន​របស់​លោក​ នូបៅ​​​​បាន​ក្លាយ​ជា​គោលដៅ​របស់​​យោធា​។ 

លោក​ នូបៅ​ បាន​ចេញ​​ក្រឹត្យ​​ចុង​ក្រោយ​នេះ​​ភ្លាម​ៗ​ បន្ទាប់​ពី​ក្រុម​បុរស​ពាក់​អាវរុំ​ជិត​ខ្លួ​ន​​ និង​ប្រដាប់​ដោយ​អាវុធ​ បាន​ចូល​រំខាន​ការ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍រដ្ឋ​TC Television ​​ដែល​​កំពុង​ចា​ក់​​ផ្សាយ​ផ្ទាល់​​ទូទាំង​ប្រទេស ពី​ទីក្រុង​ហ្គីយ៉ាហ្គីល​ ​កាល​ពី​ថ្ងៃ​អង្គារ​។ នេះ​គឺ​ជា​ហិង្សា​មួយ​ ក្នុង​ចំណោម​ហិ​ង្សា​ដែល​កំពុង​កើត​មាន​ទូទាំង​ប្រទេស​។ 


បើ​តាម​វីដេអូ​ដែល​គេ​ចែក​ចាយ​តាម​បណ្ដាញ​សង្គម​ គេ​ឃើញ​មាន​ជន​ប្រដាប់​អាវុធ​ បាន​​វាយ​ប្រហារ​បង្ខំ​បុ​គ្គលិក​នៃ​​ទូរទស្សន៍​ ​TC  ឱ្យ​ក្រាប​នៅ​លើ​ឥដ្ឋ​​​ក្នុង​ស្ទូឌីយោ​ ខណៈ​គេ​ក៏​ឮ​សម្លេង​បាញ់​ប្រហារ​ និង​សម្រែក​នៅ​​ក្នុង​វិដេអូ​នោះ​ផង​ដែរ​។ ​

​ប៉ូលិស​អេក្វាទ័រ​ ក្រោយ​មក​បាន​និយាយ​ថា​ ពួក​គេ​បាន​ចាប់​ខ្លួន​បុរស​​ទាំង​អស់​ ១៣ នាក់​ដែល​ប្រដាប់​ដោ​យ​កាំភ្លើង​ និង​គ្រឿង​ផ្ទុះ​ ខណៈ​បុគ្គលិកទូរទស្សន៍​​​ក៏​ត្រូវ​បាន​ជម្លៀស​ចេញ​ផង​ដែរ​​ ដោយ​គ្មាន​នរណា​ម្នាក់​រង​គ្រោះ​ដល់​ស្លាប់​នោះ​ទេ​។ ​​អគ្គ​ស្នងការ​នគរបាលជាតិ​អេក្វាឌ័រ​បាន​ឱ្យ​ដឹង​ថា​ ជន​ដៃ​ដល់​ទាំង​អស់​នឹង​ត្រូវ​កាត់​ទោស​ពី​បទ​ «ប្រព្រឹត្ត​អំពើ​ភេរវកម្ម​»។

អ្នក​និយាយ​តាម​​ទូរទស្សន៍​របស់​ TC លោក​ Jorge Rendon បាន​​​ហៅ​ការ​ចូល​លុក​លុយ​​ការ​ផ្សាយ​​នេះ​ ថា​ជា​ «​ការ​វាយ​ប្រហារ​ដោយ​ហិង្សា​យ៉ាង​ធ្ងន់​ធ្ងរ​»​។ លោក​បន្ត​ថា​៖ «​​​ពួក​គេ​ចង់​ចូល​ទៅ​ក្នុង​ស្ទូឌីយោ​ ដូច្នេះ​​គេ​អាច​និយាយ​អ្វី​ដែល​ពួក​គេ​និយាយ។ សារ​របស់​ពួក​គេ​​​»។ ​​ 

ប្រទេស​អេក្វាទ័រ​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ចលាចល​នៃ​អំពើ​ហិង្សា​ ដោយ​ការ​ផ្ទុះ​ ការ​​​ចាប់​ពង្រត់​​ប៉ូលិស​ និង​​​​ការ​ចលាចល​ផ្សេង​ៗ​​ក្នុង​ពន្ធនាគារ​ ចាប់​តាំង​ពី​លោក​ នូបៅ​ បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​កាល​ពី​ថ្ងៃ​ចន្ទ​ ពោល​គឺ​បន្ទាប់​ពី​ មេក្លោង​នៃ​ក្រុម​ឧក្រិដ្ឋ​ជន​ដ៏​ល្បី​ឈ្មោះ​ លោក​ អាល់ដុល​ ហ្វីតូ​ ម៉ាឆៀស​ បាន​បាត់​ខ្លួន​ចេញ​ពី​គុក​ ក្នុង​ក្រុង​ហ្គីយ៉ាហ្គីល​។ ​

យោង​តាម​ប៉ូលិសក្នុ​ង​តំបន់​ មនុស្ស​៨​នាក់​​បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង​ហ្គីយ៉ាហ្គីល​ ​កាល​ពី​ថ្ងៃ​អង្គារ​។ ​មន្រ្តី​ប៉ូ​លិស​២​នាក់​ ក៏​ត្រូវ​បាន​សម្លាប់​នៅ​ទីក្រុង​ក្បែរ​ខាង​ Nobol ផង​ដែរ​។ 

ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ ប៉ូលិស​ជាតិ​អេក្វាឌ័រ​​បាន​និ​យាយ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា​​​មនុស្ស​១០​ នាក់​ត្រូវ​បា​ន​ចាប់​ខ្លួន​ បន្ទាប់​ពី​មន្ត្រី​ប៉ូលិស​​៣​នាក់​ដែល​​​ត្រូវ​​គេ​ចាប់​ពង្រត់​ ត្រូវ​បាន​ដោះ​លែង​វិញ​​នៅ​ទីក្រុង​​ Machala​​។ ​មុន​នោះ​ ប៉ូលិស​បាន​និយាយ​ថា​​ មន្រ្តី​​យ៉ាង​ហោច​ណាស់​ ៧ នាក់​ ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ក្នុង​ទី​ក្រុង​ចំនួ​ន​ ៣ ទូទាំង​ប្រទេស​ ចាប់​តាំង​ពី​​លោក​ នូបៅ​ ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​។ ​

គេ​មើល​ឃើញ​ថា​ ស្ថានភាព​សន្តិសុខ​កាន់​តែ​អាក្រក់​របស់​អេក្វាឌ័រ​ មួយ​ភាគ​ធំ​គឺ​បង្ក​ឡើង​ដោយ​ក្រុម​​ឧក្រិដ្ឋជនផ្សេង​ៗ​ ​ដែល​ធ្វើ​ការ​​​​ប្រជែង​​គ្នា​យ៉ាង​ហិង្សា​ ទាំង​នៅ​តាម​ដង​ផ្លូវ​នៅ​ទីសាធារណៈ​ និង​នៅ​ក្នុងពន្ធនាគារ​ ​​​ដើ​ម្បី​គ្រប់​គ្រង​ច្រក​ជួញដូរ​គ្រឿង​ញៀន​របស់​ខ្លួន​៕​