សភារបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអនុម័តច្បាប់មួយស្ដីពីការហាមឃាត់ការទទួលទាន និងការជួញដូរសាច់ឆ្កែ។ ច្បាប់ថ្មីនេះបានបញ្ចប់ប្រពៃណីនិយមបរិភោគសាច់ឆ្កែនៅកូរ៉េខាងត្បូងអស់ជាច្រើនសតវត្សរ៍មកនេះ ដោយសារតែប្រទេសមួយនេះចាប់ផ្ដើមបង្កើនការគាំទ្រដល់សុខុមាលភាពសត្វ។
ការរបរិភោគសាច់ឆ្កែ ធ្លាប់ត្រូវបានគេជឿថាអាចបង្កើនថាមពល ជាពិសេសនៅអំឡុងពេលរដូវក្តៅក្នុងប្រទេសកូរ៉េខាងត្បូង។
យ៉ាងណាក៏ដោយ ឥឡូវនេះវាគឺជារឿងកម្រណាស់ក្នុងការទទួលទានសាច់ឆ្កែ ហើយភាគច្រើនមានតែមនុស្សវ័យចំណាស់ប៉ុណ្ណោះដែលនៅបរិភោគ។ ប្រជាជនកូរ៉េភាគច្រើនចាត់ទុកសត្វឆ្កែថាជាសមាជិកគ្រួសារ ហើយតែងតែរិះគន់ការសម្លាប់សត្វឆ្កែដើម្បីយកសាច់បរិភោគ។
ក្រុមសកម្មជនអ្នកស្រឡាញ់សត្វតែងតែបានអះអាងថា ជាធម្មតាសត្វឆ្កែត្រូវបានឆក់នឹងខ្សែភ្លើង ឬព្យួរកដើម្បីសម្លាប់យកសាច់ ខណៈដែលអ្នកបង្កាត់ពូជ និងឈ្មួញជួញដូរសត្វឆ្កែជាច្រើនបានប្រកែកថា ពួកគេបានកែលម្អវិធីសម្លាប់សត្វឆ្កែឱ្យកាន់តែមានភាពមនុស្សធម៌ជាងមុន។
ពលរដ្ឋកូរ៉េខាងត្បូងកាន់តែច្រើនបានបង្ហាញពីគោលជំហរគាំទ្រច្បាប់ថ្មីនេះ ជាពិសេសចាប់តាំងពីប្រធានាធិបតី លោក យូន ស៊ុកយ៉ុល (Yoon Suk Yeol) ដែលជាអ្នកចូលចិត្តសត្វស្រាប់ បានឡើងដឹកនាំរដ្ឋាភិបាល។
មិនត្រឹមតែប៉ុណ្ណោះ លោកស្រី គីម ក្យុនហ៊ី (Kim Keon Hee)ដែលត្រូវជាភរិយារបស់លោក ក៏ជាអ្នកស្រឡាញ់ចូលចិត្តសត្វដូចគ្នា។ ជាក់ស្ដែង អ្នកទាំងពីរបានចិញ្ចឹមសត្វឆ្កែចំនួន ៦ ក្បាល និងសត្វឆ្មាចំនួន ៨ ក្បាល។
ច្បាប់នេះត្រូវបានស្នើដោយគណបក្សកាន់អំណាច ហើយជាលទ្ធផល ច្បាប់នេះត្រូវបានគណបក្សទាំងពីរសហការគ្នាបោះឆ្នោតគាំទ្រយ៉ាងពេញទំហឹង ដោយបានអនុម័តក្នុងសំឡេងគាំទ្រភាគច្រើនចំនួន ២០៨និងមាន២ សំឡេងអនុប្បវាទ។
ច្បាប់នេះមានគោលបំណងបញ្ឈប់ការបរិភោគសាច់សត្វឆ្កែ ប៉ុន្តែមិនទាន់ចូលជាធរមានភ្លាមៗនោះទេ ពោលគឺនឹងចាប់ផ្ដើមអនុវត្តនៅ ៣ឆ្នាំក្រោយ ដើម្បីទុកពេលឱ្យពលរដ្ឋអាចសម្របខ្លួន និងកែប្រែទម្លាប់សិន។
ការបង្កាត់ពូជនិងសម្លាប់សត្វឆ្កែយកសាច់នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬពិន័យជាប្រាក់ចំនួនប្រហែល ២២៨០០ ដុល្លារអាមេរិក។ យ៉ាងណាមិញ ច្បាប់នេះមិនបានចែងអំពីការពិន័យជាក់លាក់សម្រាប់ការបរិភោគសាច់ឆ្កែនោះទេ។
លោក ឆេ ជុងអា (Chae Jung-ah) នាយកប្រតិបត្តិនៃអង្គការសង្គមមនុស្សធម៌អន្តរជាតិកូរ៉េ(Humane Society International Korea) បាននិយាយថា ៖ «នេះគឺជាការសម្រេចក្នុងប្រវត្តិសាស្ត្រដ៏សំខាន់របស់កូរ៉េហើយឥឡូវនេះ ប្រជាជនកូរ៉េជាច្រើនចាប់ផ្ដើមប្រឆាំងនឹងការបរិភោគសាច់សត្វឆ្កែ ដែលជាចំណុចរបត់មួយរបស់មនុស្សលោកដែលមិនគាំទ្រការសម្លាប់សត្វ»។
យោងតាម ការស្ទង់មតិនាពេលថ្មីៗនេះបានរកឃើញថា ជាង ៩៤%នៃមនុស្សដែលបានចូលរួមស្ទង់មតិ បានលើកឡើងថាពួកគេមិនបានបរិភោគសាច់ឆ្កែនោះក្នុងរយៈពេល ១ ឆ្នាំមកនេះ។ លើសពីនេះទៀតប្រហែល ៩៣%បាននិយាយថា ពួកគេនឹងមិនបរិភោគសាច់ឆ្កែនោះទេនាពេលអនាគត។
កាលពីមុនក៏ធ្លាប់មានការប៉ុនប៉ងហាមឃាត់ការលក់សាច់ឆ្កែដែរ ប៉ុន្តែក្រុមហ៊ុនឯកជនដែលរកស៊ីជួញដូរសាច់ឆ្កែ បានធ្វើការតវ៉ាប្រឆាំង ហើយបានទាមទារឱ្យមានការផ្ដល់សំណងប្រសិនបើចង់ឱ្យពួកគេឈប់មុខរបរនេះ។ ជាក់ស្ដែង ក្រុមហ៊ុនដែលកំពុងរកស៊ីលក់ដូរសាច់ឆ្កែបានបង្ហាញការមិនសប្បាយចិត្ត ហើយពួកគេថានឹងលើកយកបញ្ហានេះស្នើទៅតុលាការធម្មនុញ្ញត្រួតពិនិត្យ។
ក្រសួងកសិកម្មកូរ៉េខាងត្បូងបានប៉ាន់ប្រមាណថា គិតត្រឹមខែមេសា ឆ្នាំ២០២២ កសិដ្ឋានប្រហែល ១១០០ កន្លែងបានចិញ្ចឹមសត្វឆ្កែចំនួន ៥៧០០០០ ក្បាលដើម្បីលក់ទៅកាន់ភោជនីយដ្ឋានចំនួនប្រហែល ១៦០០ ទីតាំង៕