​ក្រុម​​ឧទ្ទាម​​ហ៊ូធី​​ ​(Houthis) ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេសយេម៉ែន បាន​បាញ់​មីស៊ីល​​​ចំនួន​៣​លើក​ និង​​បញ្ជា​​ដ្រូន​​១៨​គ្រឿង ​កាល​ពី​យប់​ថ្ងៃអង្គារសំដៅ​បំផ្លាញ​កប៉ាល់​ដឹក​ទំនិញ​តាមច្រក​សមុទ្រ​ក្រហម ប៉ុន្តែ​ត្រូវ​ទាហាន​អាមេរិ​ក​បាញ់ធ្លាក់​​​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​​​របស់ BBC​។ 

​ប៉ុន្តែ​​​សម្ព័ន្ធ​មិត្ត​​​ថ្មី​ដែល​ទើប​​បង្កើត​ឡើង​ដោយសហរដ្ឋ​អាមេរិក​​ ដើម្បី​ប្រឆាំង​ក្រុម​ហ៊ូធី និង​ការ​ពារ​កប៉ាល់​ដឹក​ទំនិញ​ឆ្លង​កាត់​​សមុទ្រ​ក្រហម បាន​បាញ់​ទម្លាក់​​​ដ្រូន​​និង​មីស៊ីល​​​ចេញ​ពី​​យន្ត​ហោះ​​នៅ​​លើកប៉ាល់​​​​ផ្ទុក​យន្តហោះ​​។ 

​សេចក្តីរាយការណ៍​បាន​អះអាង​ថា គ្មាន​​អ្នក​រងរបួស​​​ក្នុងហេតុការណ៍​នេះ​ទេ។​


ក្រុមហ៊ូធី​មិនបាន​អត្ថាធិប្បាយ​តប​ត​​ជុំវិញ​រឿង​នេះទេ ប៉ុន្តែ​​​ពួកគេ​កន្លង​មក​សំដៅ​​ទៅលើ​កប៉ាល់​​ដឹក​ទំនិញ​​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អ៊ីស្រាអែល​​ដែល​ធ្វើសង្គ្រាម​នៅហ្គាហ្សា​ស្រ្ទីប​។​

សហរដ្ឋ​អាមេរិក​​បាន​លើក​ឡើង​ថា​​ ក្រុមហ៊ូធី​បាន​បាញ់​ប្រហារ​​​២៦​លើក​ ចាប់​តាំង​ពីថ្ងៃទី​១៩ខែ​វិច្ឆិកា​។ សហរដ្ឋអាមេរិក​ អង់គ្លេស​ និង​ប្រទេស​១០​ផ្សេងទៀត​ បាន​ចូលរួម​បង្កើត​​សម្ព័ន្ធ​ភាព​ថ្មី​ដើម្បី​​ការ​ពារ​កប៉ាល់​ដឹក​ទំនិញ​តាម​សមុទ្រ​ក្រហម៕