សាធារណរដ្ឋសិង្ហបុរីនៅតំបន់អាស៊ីអាគ្នេយ៍ដែលធ្លាប់ជាប់ឈ្មោះជាប្រទេសមានលិខិតឆ្លងដែនឥទ្ធិពលបំផុតក្នុងពិភពលោក បានបាត់បង់ឋានៈនេះ ដោយត្រូវចែករំលែកឋានៈជាប្រទេសមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតជាមួយប្រទេស៥ផ្សេងទៀត។
ប្រទេសទាំងប្រាំមួយដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុត ដោយសារតែការចូលទៅកាន់គោលដៅនៃការធ្វើដំណើរដោយគ្មានតម្រូវទិដ្ឋាការចេញចូល (Visa-free) ក្នុងឆ្នាំ២០២៤នេះ រួមមាន ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សិង្ហបុរី និងប្រទេសអេស្បាញ ដោយអាចធ្វើដំណើរទៅកាន់គោលដៅ១៩៤ក្នុងចំណោម គោលដៅធ្វើដំណើរ២២៧។ នេះបើយោងតាមចំណាត់ថ្នាក់ចុងក្រោយដែលចេញផ្សាយដោយសន្ទស្សន៍លិខិតឆ្លងដែន «Henley» នៅថ្ងៃទី១០ខែមករា។
យោងតាម The Straits Times ប្រទេសសិង្ហបុរីឈប់ទទួលបានឋានជាប្រទេសមួយដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកក្នុងឆ្នាំមុន។ ក្នុងឆ្នាំ២០២៣ សិង្ហបុរីបានជាប់ចំណាត់ថ្នាក់កំពូលជាមួយនឹងការចូលទៅកាន់ ១៩២ គោលដៅដោយគ្មានទិដ្ឋាការ។ អាឡឺម៉ង់ អ៊ីតាលី និងអេស្បាញ ជាប់លេខ២មាន ១៩០គោលដៅនៃការធ្វើដំណើរ។
ប្រទេសបារាំង និងជប៉ុន ដែលបានឡើងទៅកាន់ចំណាត់ថ្នាក់កំពូលឆ្នាំនេះ បានជាប់ចំណាត់ថ្នាក់លេខបីដោយមានគោលដៅចំនួន១៨៩ ដោយរួមមានប្រទេសផ្សេងៗខ្លះទៀត ដូចជា អូទ្រីស ហ្វាំងឡង់ លុចសំបួ កូរ៉េខាងត្បូង និងស៊ុយអែត។
ទន្ទឹមនឹងនេះ ប្រទេសក្នុងតំបន់អាស៊ាន គឺម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានឃើញការកើនឡើងនៃចំនួនគោលដៅដែលពលរដ្ឋរបស់ពួកគេអាចទៅទស្សនាដោយគ្មានទិដ្ឋាការ បើធៀបនឹងឆ្នាំ២០២៣។
ម៉ាឡេស៊ីបានបន្ថែមទិសដៅមួយផ្សេងទៀតទៅកាន់ចំនួនសរុបរបស់ខ្លួន ដល់១៨២គោលដៅ។ ទោះជាយ៉ាងណាក៏ដោយ ម៉ាឡេស៊ីនៅតែស្ថិតក្នុងចំណាត់ថ្នាក់ទី១២ ទោះបីជាប្រទេសឥស្លាមមួយនេះចែករំលែកវាជាមួយប្រទេស Cyprus និង Liechtenstein នៅតំបន់អឺរ៉ុប។
ប្រជាជនឥណ្ឌូនេស៊ី ឥឡូវនេះ អាចទៅទស្សនាគោលដៅចំនួន៧៨ដោយគ្មានទិដ្ឋាការជាមុន ពោលគឺកើនឡើងពី៧៦ក្នុងឆ្នាំ២០២៣។
ប្រទេសអាហ្វហ្គានីស្ថាននៅតែស្ថិតនៅបាតតារាងនៃការដាក់ចំណាត់ថ្នាក់ ដែលប្រទេសនេះមានតាំងពីឆ្នាំ២០១៩មក ដោយអាចចូលទៅកាន់គោលដៅបានត្រឹមតែ២៨ប៉ុណ្ណោះ។
សន្ទស្សន៍លិខិតឆ្លងដែន Henley គឺផ្អែកលើទិន្នន័យផ្តាច់មុខពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ។ ការដាក់ចំណាត់ថ្នាក់លិខិតឆ្លងដែនពិភពលោកចំនួន១៩៩ហើយត្រូវបានគេចាត់ទុកថាជាឧបករណ៍យោងស្តង់ដារនៅពេលវាយតម្លៃកន្លែងដែលលិខិតឆ្លងដែនចេញនៅក្នុងលក្ខខណ្ឌនៃការធ្វើដំណើរក្នុងសកលលោក៕