ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ បាន​​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ពុ​ធ​ទី​ ១០ មករា​ ថា​ ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ជា​សកល​ នឹង​កើន​​ស្ដួច​ស្ដើង​​​​​ឡើង​វិញ​ក្នុង​ឆ្នាំ​ ២០២៤​​ ស្រប​ពេល​ ដែល​មាន​​ការ​ព្រួយ​បារម្ភ​អំពី​​ការ​នៅ​ទ្រឹង​នៃ​​ផលិត​ភាព​​កំណើន​​​វិសមភាព​​​ និង​​អតិផរណា​​។ ​​នេះ​បើ​តាម​ការ​រាយការណ៍​របស់​​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។ 

​​​អង្គការ​​ពលកម្ម​​អន្តរជាតិ​ (ILO) នៃ​​​អង្គការ​សហប្រជាជាតិ​ ​បាន​និយាយ​ក្នុង​​របាយការណ៍​ស្តី​ពី​និន្នាការ​ការងារ​ និង​ទស្សនវិស័យ​សង្គម​ពិភព​លោក​សម្រាប់​ឆ្នាំ​២០២៤ ​ថា​​ ​​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​​ក្រោយ​វិបត្តិ​កូវីដ១៩​ បាន​ថយ​ចុះ​ ដោយ​សារ​តែ​ភាព​តាន​តឹង​​ផ្នែក​ភូមិសាស្ត្រន​យោបាយ​​ និង​​បញ្ហា​អតិផរណា​​​​ដែល​បង្ក​ឱ្យ​មាន​​ការ​ផ្លាស់​ប្ដូរ​គោលនយោបាយ​​យ៉ាង​គឃ្លើន​​ពី​ធនាគារ​កណ្តាល​របស់​ប្រទេស​ផ្សេង​ៗ​​។

ILO​អះ​អាង​ថា​ កំណើន​​សេដ្ឋកិច្ច​​ពិភ​ព​លោក​​ក្នុង​​ឆ្នាំ​ ២០២៣ ​មាន​​កម្រិត​​ខ្ពស់​​ជាង​​ការ​​រំពឹង​​ទុក​ ហើយ​​ទីផ្សារ​​ការងារ​​បាន​​បង្ហាញ​​ពី​ភាព​​ធន់​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើល​​។ យ៉ាង​ណា​មិញ​ ​​ប្រាក់​ឈ្នួល​ពិត​ប្រាកដ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស G20 ​ភាគ​ច្រើន​​ ដោយ​សារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​មិន​បាន​រក្សា​ល្បឿន​ជាមួយ​នឹង​អតិផរណា​។​


ILO បាន​គូស​បញ្ជាក់​ថា​ អត្រា​គ្មាន​ការងារ​ធ្វើ​សកល​ឆ្នាំ​២០២២​ មាន​ចំនួន​ ៥,៣ ភាគរយ​ ហើយ​បាន​ប្រសើរ​ឡើង​តិច​តួច​កាល​ពី​ឆ្នាំ​មុន​ ដោយ​ធ្លាក់​ចុះ​មក​ត្រឹម​ ៥,១ ភាគ​រយ​​។

ប៉ុន្តែ​នៅ​ឆ្នាំ​ ២០២៤ នេះ​ ILO បាន​ព្យាករ​ថា​ មនុស្ស​ចំនួន​ ២ លាន​នាក់ ​បន្ថែម​ទៀត​ រំពឹង​ថា​នឹង​ស្វែង​រក​ការងារ​ធ្វើ​ ដែល​ធ្វើ​ឱ្យ​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ទូទាំង​ពិភព​លោក​ ហក់​ឡើង​ទៅ​ ៥,២ ភាគ​រយ​វិញ​។ 


​ជាមួយ​គ្នា​នេះ​ផង​ដែរ​ ​ILO ​បាន​និយាយ​ថា​​ចំណូល​ក្រោយ​កាត់​ពន្ធ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​បណ្តា​ប្រទេស​ G20 ​ភាគ​ច្រើន​ ហើយ​ជា​ទូទៅ​ ការ​ថយ​ចុះ​នៃ​កម្រិត​ជីវភាព​ដែល​បណ្តាល​មក​ពី​អតិផរណា​ ​ទំនង​នឹង​មិន​​ធូរ​ស្រាល​​ភ្លាម​ៗ​នោះ​​ទេ​ ហើយ​កំណើន​វិសមភាព​ និង​​ការ​នៅ​ទ្រឹង​នៃ​ផលិតភាព​ ​គឺ​ជា​មូលហេតុ​នៃ​ក្តី​បារម្ភ​៕