អាជ្ញាធរ​តុលាការ​នៅ​ទីក្រុង​ប៉េកាំង​ បាន​អះអាងថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​មួយ​បាន​រកឃើញ​មធ្យោបាយ​បំបែក​កូដ ​ប្រព័ន្ធ​ AirDrop របស់​ក្រុមហ៊ុន​ Apple ដោយ​អាច​បង្ហាញ​ពី​អត្តសញ្ញាណ​អ្នកប្រើប្រាស់ និង​ទិន្នន័យ​ដែល​ពួកគេ​បាន​ចែករំលែក​ឱ្យ​គ្នា​ទៅវិញទៅមក។ 

មុខងារ AirDrop របស់​ក្រុមហ៊ុន Apple គឺជា​មុខងារ​មួយ​ដែល​ត្រូវបាន​ប្រជាជន​ចិន​និយម​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដើម្បី​ផ្ញើ​ព័ត៌មាន​ទូទៅ និង​ឯកសារសំខាន់ៗជាដើម។

ក្រុមហ៊ុន​បច្ចេកវិទ្យា​នោះ​ មាន​ឈ្មោះថា​ Wangshendongjian Technology។ ក្រុមហ៊ុន​នេះ​បាន​ជួយ​ប៉ូលិស​ក្នុង​ការកំណត់​មុខសញ្ញា​បុគ្គល​មួយចំនួន​ដែល​បាន​បញ្ជូន​ព័ត៌មាន​មិន​សមរម្យ​ ជាច្រើន​ទៅកាន់​អ្នក​ផ្សេងទៀត​នៅលើ​រថភ្លើង​ក្រោម​ដី​មួយកន្លែង​នៅ​ទីក្រុង​ប៉េកាំង តាមរយៈ​ការប្រើប្រាស់​មុខងារ​ AirDrop ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់ដោយ​ការិយាល័យ​យុត្តិធម៌​ប្រចាំ​ទីក្រុង​កាលពី​ថ្ងៃ​ចន្ទ។


យោងតាម​ការិយាល័យ​យុត្តិធម៌​ដដែល​បានឱ្យដឹងថា ប្រតិបត្តិការ​ស៊ើបអង្កេត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​មួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។ ក្រុមប៉ូលិស​បាន​រកឃើញ​លេខ​ទូរ​សព្ទ​និង​អាសយដ្ឋាន​អ៊ី​ម៉ែ​ល​របស់​អ្នក​ផ្ញើ​ហើយ​ពួកគេ​បាន​កត់ត្រា​រក្សា​ទុកជា​ផ្នែក​មួយ​នៃ​ដំណើរការ​ស៊ើបអង្កេត។ប៉ូលិស​បាន​លើកឡើងថា​ជនសង្ស័យ​ជាច្រើន​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​លក្ខណៈ​នៃ​ទិន្នន័យ​ដែល​ពួកគេ​បាន​ផ្ញើ​នោះទេ។

កន្លងមក មុខងារ​ AirDrop ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​បង្ក​ការរំខាន​ដល់​អ្នកដំណើរ​នៅក្នុង​ទីក្រុង​នានា​របស់​ប្រទេស​ចិន ដោយ​ជន​មិន​ស្គាល់មុខ​តែងតែបាន​ផ្ញើ​សារ​រំខាន​នៅលើ​រថភ្លើង​ក្រោម​ដី​និង​រថយន្តក្រុង​ជាដើម។លើសពីនេះ​ទៀត​ក្រុមអ្នកតវ៉ា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ចិន ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ប្រើប្រាស់​មុខងារ​ចែករំលែក​ឯកសារ​មួយ​នេះ​ដើម្បី​ផ្សព្វផ្សាយ​សារ​អនាមិក​ដែល​សំដៅ​រិះគន់​រដ្ឋាភិបាល​ចិន ជាពិសេស​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​ក្នុង​ឆ្នាំ២០២២។


ការិយាល័យ​យុត្តិធម៌​បានបញ្ជាក់​បន្ថែមថា​បច្ចេក​វិទ្យា​របស់​ក្រុមហ៊ុន​ Wangshendongjian Technology បាន​យកឈ្នះ​លើ​បញ្ហា​ប្រឈម​បច្ចេកទេស​ដោយ​ជោគជ័យ​ក្នុងការ​តាមដាន​និង​រកឃើញ​ជនអនាមិក​ដែល​ប្រើប្រាស់​មុខងារ ​AirDrop ។

ការិយាល័យ​បាន​បន្ថែមថា ពួកគេ​មាន​គោលបំណង​ការពារ​មិនឱ្យ​មានការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​សមរម្យ​បន្តទៀត​និង​ផលប៉ះពាល់​អវិជ្ជមាន​ជាច្រើន​ទៀត​ដែល​អាច​កើតមាន។

ដូចដែល​បាន​រាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​មួយចំនួន​ដូចជា​The New York Times និង ​Vice World News ជាដើម គឺថា​ប្រជាជន​ចិន​បាន​ប្រើប្រាស់​មុខងារ​ AirDrop ដើម្បី​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​និង​រូបភាព​ដែលមាន​ភ្ជាប់​នូវ​ពាក្យស្លោក​អំពី​ការតវ៉ា​ប្រឆាំងនឹង​មេដឹកនាំ​ចិន​លោក ស៊ី ជីន​ភីង (Xi Jinping) ក្នុង​ខែតុលា​ឆ្នាំ២០២២។

បន្ថែម​លើ​នេះ នៅ​ឆ្នាំ២០១៩មុខងារ​ AirDrop របស់​ក្រុមហ៊ុន Apple ទទួលបាន​ការពេញនិយម​ខ្លាំង​ក្នុងចំណោម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​របស់​ហុងកុង។ពួកគេ​បាន​ប្រើប្រាស់​មុខងារ​នេះ​ជា​ញឹកញាប់​ដើម្បី​ផ្ញើ​ផ្ទាំង​រូបភាព​និង​ស្នាដៃ​សិល្បៈ​ដ៏​រស់​រវើក​ទៅកាន់​អ្នកដំណើរ​នៅលើ​រថភ្លើង​ក្រោម​ដី ដើម្បី​លើកទឹកចិត្ត​ពួកគេ​ឱ្យចូល​រួម​ក្នុង​ការតវ៉ា។

នៅ​ខែវិច្ឆិកា​ឆ្នាំ២០២២ បន្ទាប់ពី​ការតវ៉ា​ប្រឆាំងនឹង​លោក ស៊ី បាន​បញ្ចប់ទៅ ក្រុមហ៊ុន Apple បានចាប់ផ្តើម​រឹតបន្តឹង​សមត្ថភាព​ចែករំលែក​របស់​មុខងា​រ​ AirDrop នៅក្នុង​ប្រទេស​ចិន ដោយ​អ្នកប្រើប្រាស់​មិនអាច​ចែករំលែក​ទិន្នន័យ​ទៅកាន់​ឧបករណ៍​ដែល​មិន​ធ្លាប់មាន​លេខ​ទំនាក់ទំនង​គ្នា​ពីមុនមក​នោះទេ។ការផ្លាស់ប្តូរ​នេះ​បានធ្វើឱ្យ​ពិបាក​សម្រាប់​អ្នកប្រើប្រាស់​ក្នុងការ​ចែករំលែក​ឯក​សារ​ជាមួយ​មនុស្ស​ដែល​មិន​ស្គាល់។ការ​រឹតបន្តឹង​នេះ​ផងដែរ ត្រូវបាន​ពង្រីក​ការអនុវត្ត​ជា​បន្តបន្ទាប់​នៅ​ទូទាំង​ពិភពលោក៕​