​នៅ​រាល់​ការបោះឆ្នោត​ម្ដងៗ ចិន និង​តៃវ៉ាន់ ​តែងមាន​ជម្លោះ​ជាមួយគ្នា ដោយ​ភាគី​ចិនដីគោក​នៅតែ​បន្ត​អះអាងថា ​កោះ​តៃវ៉ាន់​ជា​របស់ខ្លួន ខណៈដែល​តៃវ៉ាន់​ប្រកាន់​ដាច់ខាត​នូវ​ជំហរ​ប្រជាធិបតេយ្យ​។

ដោយឡែក នៅក្នុង​ការបោះឆ្នោត​តៃវ៉ាន់​លើក​នេះ ចិន​បានដាក់​សម្ពាធ​ទាំង​ផ្នែក​នយោបាយ និង​យោធា ដើម្បី​ជំរុញ​ឱ្យ​ប្រជាជន​តៃវ៉ាន់​បោះឆ្នោត​គាំទ្រ​បេក្ខភាព​គណបក្ស Kuomintang ជា​គណបក្សប្រឆាំង​ដ៏​មាន​ឥទ្ធិពល​មួយ ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិនដីគោក​។

ដោយ​មើលឃើញ​ពី​បញ្ហា​នេះ មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​របស់លោក បៃ​ឌិន បាន​និយាយ​កាលពី​ថ្ងៃទី​១០ មករា​កន្លងទៅ​ថា សហរដ្ឋអាមេរិក​ប្រឆាំងនឹង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ ឬ​ឥទ្ធិពល​ណាមួយ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី និង​បោះឆ្នោត​សភា​របស់​តៃវ៉ាន់ ហើយ​គ្រោង​នឹង​បញ្ជូន​គណៈប្រតិភូ​មិន​ផ្លូវការ​មួយ ទៅកាន់​កោះ​តៃវ៉ាន់​នៅក្រោយ​ការបោះឆ្នោត​។


យ៉ាងណាមិញ ការបោះឆ្នោត​នៅ​តៃវ៉ាន់​នៅ​ថ្ងៃទី ១៣ ខែមករា ខាងមុខនេះ ទំនង​ជាមាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​ចិន​-​អាមេរិក​ជាថ្មី ក្រោយ​ប្រទេស​ទាំង​២​ទើបតែ​បាន​បង្កើន​ទំនាក់ទំនង​យោធា កាលពី​ខែវិច្ឆិកា​កន្លងទៅ​។

មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋបាល​លោក ចូ បៃ​ឌិន បាន​និយាយទៀតថា ទីក្រុង​វ៉ាស៊ីនតោន នឹង​ប្រកាន់យក​ចំហ​អ​ព្យា​ក្រិត​នៅក្នុង​ការបោះឆ្នោត​នៅ​តៃវ៉ាន់ ហើយ​ថា​ខ្លួន​មិន​បង្ហាញ​ទំនោរ​ទៅរក​បេក្ខភាព​ប្រធានាធិបតី​ណាមួយ​នោះទេ​។


មន្ត្រី​រូបនេះ​បាន​បន្តទៀតថា​៖ «​យើង​ប្រឆាំងនឹង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ ឬ​ឥទ្ធិពល​ណាមួយ​នៅក្នុង​ការបោះឆ្នោត​របស់​តៃវ៉ាន់ មិន​ថា​ភាគី​ណា​ជា​អ្នកឈ្នះឆ្នោត គោលនយោបាយ​របស់​យើង​ចំពោះ​តៃវ៉ាន់​នឹង​នៅតែ​ដដែល ហើយ​ទំនាក់ទំនង​ក្រៅផ្លូវការ​ដ៏​រឹងមាំ​របស់​យើង​ក៏​នឹង​បន្ត​ផងដែរ​»​។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក​គឺជា​អ្នកគាំទ្រ​អន្តរជាតិ និង​ជា​អ្នកផ្គត់ផ្គង់​សព្វាវុធ​ដ៏​សំខាន់បំផុត​របស់​កោះ​តៃវ៉ាន់ បើទោះបីជា​មហាអំណាច​ពិភពលោក​មួយ​នេះ គ្មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​ក៏ដោយ​។

សហរដ្ឋអាមេរិក​ក៏​កំពុងតែ​ឃ្លាំមើល​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​ប្រទេស​ចិន​ផងដែរ នូវ​សកម្មភាព​ទាំងឡាយណា​ដែល​អាច​កើតមាន​ចំពោះ​កោះ​តៃវ៉ាន់​។ កាលពីពេល​ថ្មីៗ​នេះ ចិន​ក៏បាន​បង្ហោះ​បា​ឡុង​ពីលើ ដែន​កោះ​មួយ​នេះ និង​ក្បែរៗ​មូលដ្ឋានទ័ព​របស់​តៃវ៉ាន់​ផង ដែល​បាន​ជំរុញឱ្យមាន​ជម្លោះ​ផ្នែក​នយោបាយ​រវាង ចិន និង​អាមេរិក​ទៀតផង​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ដើម្បី​បង្ហាញ​ការគាំទ្រ​របស់ខ្លួន រដ្ឋបាល​អាមេរិក​តែងតែ​បញ្ជូន​គណៈប្រតិភូ​ក្នុង​ក្របខ័ណ្ឌ​មិន​ផ្លូវការ​ទៅកាន់​កោះ​តៃវ៉ាន់​។ ដោយឡែក នៅក្នុង​រដ្ឋបាល​របស់​លោក បៃ​ឌិន លោក​បាន​ប្រើ​យុទ្ធសាស្ត្រ​នេះ​ចំនួន​២​ដង​រួចមកហើយ គឺ​កាលពី​ខែមេសា​ឆ្នាំ ២០២១ ម្ដង និង​នៅ​ខែកុម្ភៈ ឆ្នាំ ២០២២ ម្ដងទៀត​៕​