នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ អតីត​នាយករដ្ឋ​មន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបច្ចុប្បន្ន​កំពុងមាន​ឈ្មោះ​ជាប់​ពន្ធនាគារ ត្រូវបាន​អនុញ្ញាត​ឱ្យស្នាក់នៅ​ក្នុងមន្ទីរ​ពេទ្យ​បន្តទៀត ដើម្បី​ថែទាំ​សុខភាព។ នេះបើយោងតាម​នាយកដ្ឋាន​ពន្ធនាគារ​បានលើកឡើង​ដោយផ្អែក​លើភាពចាំបាច់​ដើម្បី​តាមដាន​សុខភាព​របស់​លោក ថាក់ស៊ីន ឱ្យបាន​ដិតដល់។ 
 
អតីត​មេដឹកនាំ​គណបក្សភឿថៃ​ដែលជាបក្ស​កំពុងកាន់​អំណាច បានសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ប៉ូលិស​ចាប់តាំងពី​ខែសីហា បន្ទាប់ពីលោក​បានវិលត្រឡប់​ពីការនិរទេសខ្លួន​អស់​រយៈពេល ១៥ ឆ្នាំ​នៅបរទេស។ លោកបានត្អូញត្អែរ​ពីអាការ តឹង​ទ្រូង និងសម្ពាធ​ឈាមខ្ពស់ភ្លាមៗ​បន្ទាប់ពី​ចូលដល់​ពន្ធនាគារ​នៅទីក្រុង​បាងកក ដែលជាកន្លែង​ដែលលោក​ត្រូវ​អនុវត្ត​ទោសពន្ធនាគារ​រយៈពេល ៨ ឆ្នាំ​ពីបទ​រំលោភ​អំណាច។ 

ការកាត់ទោស​របស់​លោក ថាក់ស៊ីន ត្រូវបានកាត់​បន្ថយ​មកត្រឹម ១ ឆ្នាំ​ដោយបាន​ទទួល​ការលើកលែងទោស​ពី​ព្រះ មហាក្សត្រ ហើយគាត់​អាចត្រូវបាន​ពិចារណា​ដាក់ឱ្យ​នៅក្រៅឃុំ​នៅចុង​ខែក្រោយនេះ។ នាយកដ្ឋាន​ពន្ធនាគារ​បានសង្កត់ធ្ងន់​លើភាពចាំបាច់​សម្រាប់​រូបលោក ក្នុងការដែល​ត្រូវនៅ​ថែរក្សា​សុខភាព​ដោយគ្រូពេទ្យ​ឯកទេស ដើម្បី​អាចព្យាបាល​ភ្លាមៗ​ក្នុងករណី​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​ឈានដល់​ការគំរាមកំហែង​ដល់​អាយុ​ជីវិត។ 

លោក ថាក់ស៊ីន មាន​អាយុ ៧៤ ឆ្នាំ ហើយ​លោកជាតួ​អង្គសំខាន់​នៅក្នុង​វិស័យ​នយោបាយ​ថៃ ជាពិសេស​ភាពចលាចល​ដែលកើត​មាននៅក្នុង​ប្រទេស​ថៃ​អស់រយៈពេល ១៧ ឆ្នាំ​មកនេះ។ ទោះបីជា​លោកត្រូវបាន​បណ្តេញ​ចេញដោយ​ពួកយោធា​នៅឆ្នាំ២០០៦ និងត្រូវបាន​កាត់ទោស​កំបាំងមុខ​ពីបទ​ទំនាស់​ផលប្រយោជន៍​ក៏ដោយ ក៏លោកបាន​ដើរតួនាទី​យ៉ាងសំខាន់​ពីខាង​ក្រៅស្រុក ជាពិសេស​ក្នុងដំណើរ​ការបង្កើត​រដ្ឋាភិបាល​ជាបន្តបន្ទាប់​ដែលដឹកនាំ​ដោយគ្រួសារ​របស់​លោក និងសម្ព័ន្ធមិត្ត​ដែលជាអ្នកធ្លាប់​រកស៊ី​ធ្វើ​អាជីវកម្ម​ជាមួយគ្នា។ 


មួយរយៈ​ចុងក្រោយ​នេះ នាយកដ្ឋាន​ពន្ធនាគារ​ថៃ​ត្រូវប្រឈម​មុខនឹង​ការរិះគន់ ជុំវិញការ​ជួយសម្រួល​ដល់ការស្នាក់នៅ​ក្រៅឃុំ​របស់​លោក ថាក់ស៊ីន ក្រោមហេតុផល​បញ្ហា​សុខភាព។ ម៉្យាងវិញទៀត គណបក្ស​ជំទាស់​ថៃ​បានអះអាង​ថា លោក ថាក់ស៊ីន កំពុង​គេចពីការអនុវត្ត​ទោសក្នុង​ពន្ធនាគារ ហើយពួកគេ​បានទាមទារ​ឱ្យមាន​ការបង្ហាញ​កំណត់ត្រា​វេជ្ជសាស្រ្ត​ស្ដីពីស្ថានភាព​ជំងឺ​របស់គាត់​ជាសាធារណៈ។ 

មិនត្រឹមតែ​ប៉ុណ្ណោះ ពលរដ្ឋ​ថៃ​មួយចំនួន​គ្រោងនឹង​ធ្វើបាតុកម្ម​តវ៉ា​នៅថ្ងៃ​សុក្រ​នេះ ដើម្បី​ប្រឆាំង​នឹងលោក ថាក់ស៊ីន ដែលគេច​ពីការជាប់​ពន្ធនាគារ ហើយគណៈកម្មាធិការ​ប៉ូលិស​សភា​ថៃ ក៏កំពុង​ធ្វើ​ការស៊ើប​អង្កេត​លើបញ្ហា​មិនប្រក្រតី​នេះ​ផងដែរ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​មន្ទីរពេទ្យ​បានបញ្ជាក់​ថា គណៈកម្មាធិការ​នេះនឹង​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទៅមើល​ទីតាំង​ដែលកំពុង​ព្យាបាល​របស់​លោក ថាក់ស៊ីន នោះទេ។ ដោយឡែក គេមិន​អាចទាក់ទង​មេធាវី​របស់​លោក ថាក់ស៊ីន ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហានេះ​នៅឡើយទេ។ 
 
គួររំឭក​ថា លោក ថាក់ស៊ីន ដែលធ្លាប់ជា​មហាសេដ្ឋី​ទូរគមនាគមន៍​មួយរូប បានទទួល​ការស្វាគមន៍​យ៉ាងកក់ក្ដៅ នៅពេលដែល​គាត់​ត្រឡប់​ចូលប្រទេស​ថៃ​វិញនៅ​ថ្ងៃទី២២ ខែសីហា ក្នុងនាម​ជាជន​ភៀសខ្លួន។ ពេលគាត់​ចូលដល់​ទឹកដី​ថៃ​តាមយន្តហោះ​ឯកជន​មួយភ្លាម ហ្វូង​មនុស្ស​ជាច្រើនបាន​ស្រែក​ហ៊ោ​ស្វាគមន៍ ហើយសូម្បីតែ​ក្រុម​ប៉ូលិស​ក៏បានគោរព​មុននឹងនាំ​ខ្លួនគាត់​ទៅកាន់​តុលាការ និងពន្ធនាគារ​ផងដែរ។ 


នៅថ្ងៃដដែល​នោះ សម្ព័ន្ធមិត្ត​របស់​លោក​គឺ​មហា​សេដ្ឋី​អចលនទ្រព្យ លោក ស្រេតថា ថាវីស៊ីន ត្រូវបាន​សភាថៃ​បោះឆ្នោត​ជ្រើសរើស​ជានាយក​រដ្ឋមន្ត្រី​ថៃ​ក្នុង​អាណត្តិ​ថ្មី។ នាយក​រដ្ឋមន្ត្រី​ថ្មី​រូបនេះ​ក៏កំពុង​ដឹកនាំ​រដ្ឋាភិបាល​ តាមរបៀប​វារៈ​ប្រជានិយម​ដូចទៅនឹង​រដ្ឋាភិបាល​ដឹកនាំ​ដោយគ្រួសារ​ស៊ីណាវ៉ាត្រា​កន្លងមក​ដូចគ្នា។ រីឯលោក ថាក់ស៊ីន តែងតែ​បដិសេធ​ថា​រូបលោក​មិនជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ ដោយអះអាង​ថា លោកបានចូល​និវត្តន៍​ហើយ៕