ក្រុម​សកម្ម​ប្រយុទ្ធ​ហ៊ូធី​ បាន​គំរាម​​កំហែង​​ឆ្លើយ​តប​ឱ្យ​កាន់​តែ​ចាស់​ដៃ​ ​ក្រោយ​​សហរដ្ឋ​អាមេរិក​បើក​ការ​វាយ​ប្រហារ​ជា​ថ្មី​ប្រឆាំង​​នឹង​ក្រុម​ប្រដាប់​អាវុធ​នៃ​​ប្រទេស​យេ​ម៉ែនមួយ​នេះកាល​ពី​ថ្ងៃ​សៅរ៍​​​ ចំ​ពេល​ដែល​ភាព​តាន​តឹង​នៅ​មជ្ឈិម​បូព៌ា​​កាន់​តែ​កើន​ឡើង​។ នេះ​បើ​តាម​ការ​​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​​​ 

អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ូធី លោក​​ NasruldeenAmer ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ Al Jazeera ​ថា ការ​វាយ​ប្រហារចុង​ក្រោយ​​របស់​អាមេរិក​ មិន​បង្ក​ការ​រង​របួស ឬ​ការ​ខូត​ខាត​សម្ភារ​អ្វី​​ទេ​។ លោក​បន្ត​ថា​ ក្រុមហ៊ូ​ធី​ នឹង​មាន​ «​​ការ​ឆ្លើយ​តប​ឱ្យ​​​​ម៉ឺង​ម៉ាត់​ ​ខ្លាំង​​ និង​ត្រូវ​គោល​ដៅ​​​»​​​។ 

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​របស់​ហ៊ូធី ម្នាក់​ទៀត​ ​លោក​ Mohammed Abdulsalam​ បាន​ប្រាប់​រ៉យទ័រ​ថា​ ​​ការ​វាយ​ប្រហារ​ រួម​ទាំង​ការ​វាយ​ប្រហារ​​ពេល ​១​​ យប់​​ ទៅ​លើ​​មូលដ្ឋាន​យោធា​ក្នុង​ទីក្រុង​សាណា​ មិន​បង្ក​​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​​សមត្ថភាព​របស់​ក្រុម​ហ៊ូធី​ ក្នុង​ការរាំង​ផ្លូវ​​នាវា​ដែល​ពាក់​ព័ន្ធ​​នឹង​អ៊ីស្រាអែល​ មិន​ឱ្យ​ឆ្លង​កាត់​សមុទ្រ​ក្រហម​ និង​សមុទ្រ​អារ៉ាប់​​ឡើយ។​ យ៉ាង​ណា​មិញ​ ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សុក្រ​បាន​សម្លាប់​សកម្ម​ប្រយុទ្ធ​ហ៊ូធី​យ៉ាង​ហោច​ណាស់​ ៥នាក់​។ 


ការ​​វាយ​ប្រហារ​របស់​អាមេរិក​ បាន​បន្ថែម​​ការ​ព្រួយ​បារ​ម្ភ​ពី​​​កំណើន​​​​ភាព​តាន​​នៃ​ជម្លោះ​ដែ​ល​បាន​រីក​រាល​ដាល​នៅ​មជ្ឈិម​បូព៌ា​ ចាប់​តាំង​ពីសង្រ្គាមបច្ចុប្បន្ន​​រវាង​​​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ហាម៉ាស់​ និង​អ៊ីស្រាអែល​ ផ្ទុះ​ឡើង​នៅ​ដើម​ខែ​តុលា​ ឆ្នាំ​មុន​។ ​​

ការ​វាយ​ប្រហារ​​ជា​ថ្មី​​កាល​ពី​ថ្ងៃ​សៅរ៍​ ​ដែល​អាមេរិក​អះ​អាង​ថា​​ ជា​ទី​​តាំង​រ៉ាដា​​មួយ​របស់​ក្រុម​ហ៊ូធី​ បាន​កើ​ត​ឡើង​​តែ១​ថ្ងៃ​​ប៉ុណ្ណោះ បន្ទាប់​ពី​​​អាមេរិក​ និង​អង់គ្លេស បាន​បើក​ការ​វាយ​ប្រហារ​​រាប់​សិបលើក​​ ទៅ​លើ​ទីតាំងយោ​ធា​​​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ដដែល​នេះ​ក្នុង​ប្រទេស​យេម៉ែន កាល​ពី​ថ្ងៃ​សុក្រ។ ​​ ​


អ្នក​នាំ​ពាក្យ​សេតវិមាន​ លោក​ ចន​ ឃើរប៊ី​ បាន​ថ្លែង​ថា​ ​ការវាយប្រហារ​នោះ​ បាន​​បង្ក​ការ​ខូត​ខាត​ដល់សមត្ថភាព​​​​​​​ផ្ទុក​ ​បាញ់​បង្ហោះ​ និង​បញ្ជា​​​​មីស៊ីល​ ឬដ្រូ​ន ដែល​ប្រើ​ដើម្បី​វាយ​ប្រហារ​លើ​នាវា​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម​នៅ​​សមុទ្រ​ក្រហម​។ ​

អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ បាន​និយាយ​​ថា​ ការ​វាយ​ប្រហារ​របស់​ខ្លួន​នៅ​យេម៉ែន​​​ ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ស​កម្មភាព​របស់​ក្រុម​ហ៊ូធី​ ដែល​វាយ​ប្រហារ​ប្រឆាំង​នឹង​នាវា​ដឹក​ជញ្ជូន​ទំនិញពាណិជ្ជកម្ម​​កាត់​សមុទ្រ​ក្រហម​ ដើម្បី​បង្ហាញ​ការ​​គាំទ្រ​ដល់​ក្រុម​ហាម៉ាស់។ ក្រុម​ប្រដាប់​អាវុធ​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​មួយ​នេះ​ អះ​អា​ង​ថា​ ខ្លួន​នឹង​ឈប់​វាយ​ប្រហារ​ លុះ​ត្រា​តែអ៊ីស្រាអែល​លែង​វាយ​ប្រហារ​នៅ​ហ្គាហ្សា​៕