​ក្រោយ​​គណបក្ស​ប្រជាធិបតេយ្យ​ជឿន​លឿន​តៃវ៉ាន់​​​​ដែល​មាន​ទំនោរ​ទៅកាន់​សហរដ្ឋ​អាមេរិក​និង​លោក​សេរី​ជាប់ឆ្នោត​ភ្លាម ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ​ចូ បៃ​ដិន (Joe Biden) កាលពី​ថ្ងៃ​សៅរ៍​ទី១៣ ខែមករា​ឆ្នាំ២០២៤ បាន​និយាយថា​សហរដ្ឋអាមេរិក​មិន​គាំទ្រ​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់​ទេ​។ 

លទ្ធផល​បោះឆ្នោតប្រធានាធិបតី​តៃវ៉ាន់​កាល​ពីថ្ងៃសៅរ៍​បង្ហាញ​ថា ​អ្នកបោះឆ្នោត​តៃវ៉ាន់​បាន​ច្រានចោល​ប្រទេស​ចិន​និង​បាន​ផ្តល់ឱ្យ​គណបក្ស​កំពុង​កាន់អំណាច​នូវ​អាណត្តិ​ប្រធានាធិបតី​ទី៣​ជាប់​ៗគ្នា​។

នៅ​ព្រឹក​ថ្ងៃ​ដដែល​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ជឿនលឿន​ (DPP) គឺ​លោក Lai Ching-te បាន​ឡើងកាន់​អំណាច​ហើយ​បាន​ច្រានចោល​ការគាបសង្កត់​ពី​សំណាក់​ចិន​ទៅលើ​រូបលោក​ហើយ​បាន​សន្យាថា​នឹង​ក្រោកឈរ​តទល់​នឹង​ទីក្រុង​ប៉េកាំង​រួមទាំង​ស្វែងរក​កិច្ចចរចា​ផងដែរ។


ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​ចំណាប់អារម្មណ៍​អំពី​ការបោះឆ្នោត​កាលពី​ថ្ងៃ​សៅរ៍ លោក​បៃ​ឌិន បាន​និយាយថា៖ «យើង​មិន​គាំទ្រ​ឯករាជភាព​ទេ»។

តៃវ៉ាន់​ជា​កោះ​ដែល​ចិន​អះអាងថា​ជា​របស់ខ្លួន​បានឃើញ​ពន្លឺ​នៃ​ភាពជោគជ័យ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជា​លើកដំបូង​របស់ខ្លួន​ក្នុង​ឆ្នាំ១៩៩៦ ហើយ​កោះ​មួយ​នេះ​បាន​ក្លាយជា​ចំណុចក្តៅ​បំផុត​មួយ​នៃ​ការតស៊ូ​ជាច្រើន​ទសវត្សរ៍​ប្រឆាំងនឹង​ការគ្រប់គ្រង​ផ្តាច់ការ​និង​ច្បាប់អាជ្ញាសឹក​ពី​សំណាក់​ចិន។


នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​សហរដ្ឋអាមេរិក​គឺជា​អ្នកគាំទ្រ​អន្តរជាតិ​និង​ជា​អ្នកផ្គត់ផ្គង់​សព្វាវុធ​ដ៏​សំខាន់បំផុត​របស់​កោះ​តៃវ៉ាន់​បើទោះបីជា​គ្មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​កោះ​នេះ​ក៏ដោយ។

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក អាន់តូនី ប្ល៊ីនកែន (Antony Blinken) បាន​អបអរសាទរ​លោក Lai Ching-te ចំពោះ​ជ័យជម្នះ​របស់គាត់​ហើយ​បាន​និយាយថា​សហរដ្ឋអាមេរិក៖«ប្តេជ្ញា​​រក្សា​សន្តិភាព​និង​ស្ថិរភាព​ឆ្លងកាត់​ច្រក​សមុទ្រ​និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដោយ​មិនមាន​ការបង្ខិតបង្ខំ​និង​ការគាបសង្កត់»។

លោក​ ប្ល៊ីនកែន បាន​បន្តថា​សហរដ្ឋអាមេរិក​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​លោក Lai និង​មេដឹកនាំ​នៃ​ភាគី​ទាំងអស់​នៅ​តៃវ៉ាន់​ដើម្បី​ជំរុញ​ទំនាក់ទំនង​របស់​ពួកគេ​និង​ឱ្យ​ស្របតាម​គោលនយោបាយ​ចិន​តែ១ របស់​សហរដ្ឋអាមេរិក។

ក្នុងការ​បោះឆ្នោត​នេះ​រដ្ឋបាល​លោក បៃ​ឌិន មានការ​ភ័យខ្លាច​ថា​ការបោះឆ្នោត​ការផ្លាស់ប្តូរ​និង​រដ្ឋបាល​ថ្មី​អាច​នឹង​ធ្វើឱ្យ​ជម្លោះ​កាន់តែ​កើន​កម្តៅ​ឡើង​ជាមួយ​ទីក្រុង​ប៉េកាំង។

លោក ​បៃ​ដិន បានធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​អាមេរិក​ជាមួយ​ប្រទេស​ចិន​មាន​ភាពប្រសើរឡើង​រួមទាំង​ការយល់ព្រម​ក្នុងការ​ពិភាក្សាគ្នា​លើ​បញ្ហា​សន្តិសុខ​នៅឯ​កិច្ចប្រជុំ​កំពូល​ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ជាមួយ​ប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) កាលពី​ខែវិច្ឆិកា​ឆ្នាំ២០២៣ ទៀតផង៕