តៃវ៉ាន់​បាន​ប្រាប់​ប្រទេស​ចិន​កាលពី​ថ្ងៃទី១៤ ខែមករា ឱ្យ«ប្រឈម​​ការពិត» និង​គោរព​លទ្ធផល​នៃ​ការ​​​បោះឆ្នោត​ដែល​ខ្លួន​ទើប​បញ្ចប់​កាល​ពីថ្ងៃសៅរ៍​​ ដែលបង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ​ជឿន​លឿន​​​ (DPP) ដែល​មាន​ ​លោក Lai Ching-te ជា​ប្រធានាធិបតី បាន​ឈ្នះ​កា​របោះឆ្នោតយ៉ាង​ច្រើន​។ 

​អ្នកបោះឆ្នោត​​​ភាគច្រើន​រហូត​ដល់​ជាង​​ ៥,៥​ លាន​នាក់​ឬ​ជាង​ ៤០ ​ភាគរយ​ បាន​បោះឆ្នោត​​គាំទ្រ​គណបក្ស​​កាន់​អំណាច​ដែល​មាន​ប្រវត្តិ​មិន​ស៊ី​សង្វាក់​ជាមួយ​ចិន​ប៉េកាំង ខណៈ​​គណបក្សពីរ​ទៀត​ទទួល​បាន​តែជាង​ ៣៣ ភាគរយ និង​ជាង ​២៦​ ភាគរយ​​ផ្សេង​ៗ​គ្នា។ 

​ប្រជាជន​​តៃវ៉ាន់​បាន​បដិសេធ​ការអំពាវនាវ​ម្តង​ហើយ​ម្តងទៀត​របស់​ក្រុង​ប៉េកាំង​កុំ​ឲ្យ​បោះឆ្នោត​​​ឱ្យ​​លោក Lai ដោយ​ផ្តល់នូវ​ជ័យជម្នះ​ដ៏​សុខ​ស្រួល​សម្រាប់​បុរស​ដែល​បក្សកុម្មុយនិស្ត​កំពុង​កាន់​​អំណាច​របស់​ចិន​មើលឃើញថា​ជា​អ្នក​បំបែក​ខ្លួន​ដ៏​គ្រោះថ្នាក់។


ទីក្រុង​ប៉េកាំង​បានទាមទារ​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួន ហើយ​មិនដែល​លះបង់​កម្លាំង​ដើម្បី​នាំយក​វា​​មក​នៅក្រោម​ការ​គ្រប់គ្រង​របស់ខ្លួន​ឡើយ។ តៃវ៉ាន់​បដិសេធ​ការទាមទារ​អធិបតេយ្យភាព​របស់​ចិន​ ដោយ​លើក​ឡើង​ថា អនាគតតៃវ៉ាន់​គឺ​អាស្រ័យ​ប្រជាជន​តៃវ៉ាន់​។

ទីក្រុង​ប៉េកាំង​បាន​ឆ្លើយតប​ទៅនឹង​ជ័យជម្នះ​របស់លោក Lai ដោយនិយាយ​ថា​ ខ្លួន​នឹងមិន​ផ្លាស់ប្តូរ «និន្នាការ​ជៀស​មិន​រួច​នៃ​ការបង្រួបបង្រួម​របស់​ប្រទេស​ចិន» នោះទេ។


លោក Lai មកពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​កាន់អំណាច (DPP) បាន​ប្តេជ្ញា​ការពារ​កោះ​​នេះ​ពី «ការបំភិតបំភ័យ» របស់​ប្រទេស​ចិន ហើយ​នៅ​ថ្ងៃទី១៤ ខែមករា ក្រសួង​ការបរទេស​រ​បស់​​កោះ​តៃវ៉ាន់​​​​បាន​ប្រាប់​ទីក្រុង​ប៉េកាំង​ឱ្យ​ទទួលយក​លទ្ធផល​នេះ។

សេចក្តីថ្លែងការណ៍​មួយ​​បាន​លើក​ឡើង​ថា៖«ក្រសួងការបរទេស​អំ​ពា​វ​នាវ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉េកាំង​គោរព​លទ្ធផល​បោះឆ្នោត ប្រឈមមុខ​នឹង​ការពិត និង​បោះបង់​ការគាបសង្កត់​តៃវ៉ាន់ ដើម្បីឱ្យ​អន្តរ​កម្ម​ឆ្លង​ច្រក​សមុទ្រ​វិជ្ជមាន​ត្រឡប់​ទៅរក​ផ្លូវត្រូវ»។

គណៈប្រតិភូ​អាមេរិក​មិន​ផ្លូវ​ការដែល​បាន​បញ្ជូន​ដោយ​រដ្ឋបាល​របស់​ប្រធានាធិបតី Joe Biden នឹង​មកដល់​ក្រុង​តៃប៉ិ​នៅ​ថ្ងៃទី ១៤ខែមករា ដែលជា​វិធានការ​មួយ​ដែល​ប្រាកដថា​នឹងធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ខឹងសម្បារ។

ស្ថានទូត​អាមេរិក​ប្រចាំ​កោះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា គណៈប្រតិភូ រួមទាំង​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក និង​អតីត​អនុរដ្ឋ​មន្ត្រី​ នឹង​ជួប​ជាមួយ «ឥស្សរជន​នយោបាយ​ឈានមុខ​ជាច្រើន»​របស់​តៃវ៉ាន់នៅ​ថ្ងៃទី១៥ខែមករា៕​