​ស្ថានទូត​ចិន​នៅ​ប្រទេស​ជប៉ុន ​នៅ​ថ្ងៃអាទិត្យ​ទី ​១៤ ខែមករា ឆ្នាំ​ ២០២៤​ នេះ​បាន​និយាយថា ខ្លួន​ប្រឆាំង​ដាច់ខាត​ជុំវិញ​សេចក្តី​​ថ្លែងការណ៍​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​លោកស្រី Yoko Kamikawa ដែល​អបអរសាទរ​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​តៃវ៉ាន់​លោក Lai Chingte​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​នៅលើ​គេហទំព័រ​របស់​ក្រសួង​ការ​​បរទេស​ជប៉ុន​កាលពី​ថ្ងៃ​សៅរ៍​បន្ទាប់ពី​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​ត្រូវបាន​ប្រកាស​លោកស្រី​ Kamikawa បាន​អបអរសាទរ​ចំពោះ​ជ័យជម្នះ​របស់លោក Lai និង​ហៅ​កោះ​តៃវ៉ាន់​ដែល​ចិន​តែង​ទាមទារ​នោះ​ថា​៖«​ជា​ដៃគូ និង​ជា​មិត្ត​ដ៏​សំខាន់បំផុត​»​។​

​បើតាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​នា​ថ្ងៃអាទិត្យ​លើ​គណនី​ WeChat ​ផ្លូវការ របស់​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ជប៉ុន​ដោយ​មិន​លើកឡើង​អំពី​ឈ្មោះ​អនាគត ប្រធានាធិបតី​តៃវ៉ាន់​ឬ​ការទទួលស្គាល់​ជ័យជម្នះ​នោះឡើយ តែ​ស្ថានទូត​ចិន​បាន​ពណ៌នា​ការអត្ថាធិប្បាយ​របស់លោក​ស្រី​ Kamikawa​ ថា​ជាការ​ជ្រៀតជ្រែក​យ៉ាង​ធ្ងន់​​ធ្ង​រ​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​។


​ស្ថានទូត​បានលើកឡើង​ថា​៖ «​យើង​សម្តែង​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង និង​ការប្រឆាំង​ដាច់​ខាត​ចំពោះ​រឿងនេះ​»​។​

​ជប៉ុន​ក៏​ដូច​ប្រទេស​ភាគច្រើន​ដែរ​ពោលគឺ​មិនមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ទេ​។ ក៏ប៉ុន្តែ​ជប៉ុន​ក៏ដូចជា​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​គឺ​សហរដ្ឋអាមេរិក ជា​ប្រទេស​ដែល​គាំទ្រ​ដ៏​សំខាន់បំផុត​របស់​តៃវ៉ាន់​និង​មាន​ភាព​​ជិតស្និទ្ធ​ជាមួយ​កោះ​នេះ​ហើយក៏​ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​ជា​ច្រើន​នាពេល​ថ្មីៗ​នេះ​ក្នុង​ទំនាក់​ទំនង​របស់ខ្លួន​ជាមួយ​ប្រទេស​ចិន​ដែល​ជំរុញ​ឱ្យ​ទីក្រុង​តូ​ក្យូ​ត្រូវ​បន្ត​រក្សា​ទំនាក់ទំនង​ឱ្យ​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​តៃវ៉ាន់​៕​