​ក្រសួង​ការពារ​ជាតិ​នៃ​ចក្រ​ភព​អង់គ្លេស​ ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​​ទី ​១៥ ខែ​មករា​​​ថា​ ​អង់គ្លេស​នឹង​​បញ្ជូន​កង​យោធា​ចំនួន​ ២០ ០០០ នាក់​ ដើម្បី​ឱ្យ​ចូល​រួម​សមយុទ្ធ​យោធា​ណាតូ​​ដ៏​ធំ​ នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​នេះ​​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​។

ការ​​បញ្ជូន​នេះ​ រួម​មាន​កង​ទ័ព​អង់គ្លេស​​ចំនួន​ ១៦០០០ នាក់​ ដែល​នឹង​​ត្រូវ​ដាក់​ពង្រាយ​នៅ​​​​មូលដ្ឋាន​​​ទ័ព​អឺរ៉ុប​ខាង​កើត​ ចាប់​ពី​ខែ​កុម្ភៈ​ដល់​ខែ​មិថុនា​ ​ក៏​ដូច​ជា​​ក្រុម​វាយ​ប្រហារ​នៃ​នាវា​ផ្ទុក​យន្តហោះ ​និ​ង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​​ F35B Lightning ​និង​យន្តហោះឈ្លប​​​​យក​ការណ៍​។​

ក្រសួង​ការពារ​ជាតិ​ បាន​​ចេញ​ផ្សាយ​​សុន្ទរកថា​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ Grant Shapps​​ ដែល​គ្រោង​ធ្វើ​​ឡើង​នៅ​ថ្ងៃ​ចន្ទ​​នេះ​ថា​​៖​«​​​ខ្ញុំ​អាច​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​ ចក្រភព​អង់គ្លេស​នឹង​បញ្ជូន​បុគ្គលិក​យោធា​​ប្រហែល​ ២០០០០ នាក់​​​ ដើម្បី​ចូល​រួម​ក្នុង​ការ​ដាក់​ពង្រាយ​ដ៏​ធំ​បំផុត​របស់​ណាតូ​ ចាប់​តាំង​ពី​ចុង​បញ្ចប់​នៃ​សង្គ្រាម​ត្រជាក់​»​។ ​


អង្គការ​ណាតូ​គ្រោង​​នឹង​ធ្វើ​សមយុទ្ធ​ដ៏​ធំ​ឈ្មោះ​ ​ Steadfast Defender 24 នៅ​ឆ្នាំ​២០២៤ នេះ​ ដោយ​​នឹង​ចូល​រួម​ដោយ​កង​យោធា​ប្រមាណ​ ៤០ ០០០នាក់​ ហើយ​វា​នឹង​ប្រារព្ធ​ខួប​លើក​ទី​៧៥ ឆ្នាំ​ ចាប់​តាំង​ពី​សម្ព័ន្ធ​ភាព​នេះ​បង្កើត​ឡើង​។ 

លោក​ Shapps​បាន​និយាយ​អំពី​សមយុទ្ធ​នេះ​ថា​​៖ «គេ​​នឹង​ឃើញ​កង​ទ័ព​របស់​យើង​ចូល​រួម​ជាមួយ​សម​ភាគី​មក​ពី​ប្រទេស​ចំនួន​៣០​នៃ​អង្គការ​ណាតូ ​បូក​រួម​ទាំង​ប្រទេស​ស៊ុយអែត​ ដោយ​ផ្តល់​​ការ​ធានា​យ៉ាង​សំខាន់​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​របស់​ ​ពូទីន​»​។


អង្គការ​​ណាតូ​បាន​បង្កើន​ចំនួន​កង​ទ័ព​ត្រៀម​ប្រយុទ្ធ​ បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀរ ពូទីន ​បាន​បញ្ជា​​ទ័ព​ឱ្យ​ចូល​ឈ្លាន​ពាន​ប្រទេសអ៊ុយក្រែន​​​កាល​ពី​​ចុង​ខែ​កុម្ភៈ​ ឆ្នាំ​២០២២។ សម្ព័ន្ធភាព​យោធា​របស់​លោក​ខាង​លិច​មួយ​នេះ​ ​ក៏​បាន​បន្ត​គាំទ្រ​អ៊ុយក្រែន​ជាមួយ​នឹង​ជំនួយ​យោធា ​សេដ្ឋកិច្ច ​និង​មនុស្ស​ធម៌​ផង​ដែរ​​។

កាល​ពី​សប្តាហ៍​មុន​ នាយក​រដ្ឋ​មន្ត្រី​ លោក​​រីស៊ី ស៊ូណាក់​ បាន​​​ប្រកាស​ថា​ ចក្រភព​អង់គ្លេស​នឹង​បង្កើន​ការ​គាំទ្ររ​បស់​ខ្លួន ​សម្រាប់​អ៊ុយក្រែន​រហូត​ដល់​ ៣,១៩ ប៊ីលាន​ដុល្លារ​ ដោយ​កើន​ឡើងជាង​ ២៥០ លាន​ដុល្លា​រ​ បើ​ប្រៀប​ធៀប​នឹង​​​ការ​ចំណាយ​លើ​អ៊ុយក្រែន​ ក្នុង​​ឆ្នាំ​ហិរញ្ញវត្ថុ​កាល​ពី​លើក​មុន​៕​