​ខាងក្រោមនេះគឺជាប្រតិកម្មរបស់បណ្ដាមេដឹកនាំពិភពលោក និងមន្ត្រីជាន់ខ្ពស់មួយចំនួន ទៅលើលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់កាលពីថ្ងៃសៅរ៍ ដោយបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ (DPP) លោក ឡៃ ឈីងតេ (Lai Ching-te) បានឈ្នះការបោះឆ្នោត។ គួរបញ្ជាក់ថា គណបក្សរបស់លោក ឡៃតែងតែគាំទ្រឯករាជភាពរបស់តៃវ៉ាន់ ហើយប្រឆាំងនឹងប្រទេសចិនដែលនៅបន្តទាមទារចង់គ្រប់គ្រងតៃវ៉ាន់។​

ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន

ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបានប្រកាសថា ការឈ្នះឆ្នោតរបស់លោក ឡៃនឹងមិនអាចផ្លាស់ប្តូរទំនាក់ទំនងរ​វា​ងតៃវ៉ាន់ និងចិនបានទេ។ អ្នក​នាំ​ពាក្យ​ការិយាល័យ លោក ឆិន ពិនហួ (Chen Binhua) បាន​លើក​ឡើង​ថា លទ្ធផ​ល​នៃ​ការ​បោះ​ឆ្នោតនេះមិនអាចចាត់ទុកថាគណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យជាបក្សតំណាងមតិ​ភាគ​ច្រើន​នៅ​លើ​កោះ​​នេះបានឡើយ។​


សហរដ្ឋអាមេរិក

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)បាននិយាយថា ៖ «យើងមិនគាំទ្រឯករាជភាព (តៃវ៉ាន់)ទេ»​។ នេះជាការឆ្លើយតបទៅនឹងសំណួរអំពីលទ្ធផលនៃការបោះឆ្នោតនៅតៃវ៉ាន់។ គួររំឭកថា មុនពេលការបោះឆ្នោតបា​នចាប់ផ្ដើម សហរដ្ឋអាមេរិកបានព្រមានថាប្រទេសណាដែលជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតនេះ នឹងត្រូវចាត់ទុកថាជារឿងដែលមិនអាចទទួលយកបាន។​


ដោយឡែក រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិកលោក អាន់តូនី ប្ល៊ីនកែន (Antony Blinken) បានអបអរសាទរចំ​ពោះ​លោក ឡៃនិងប្រជាជនតៃវ៉ាន់ដែលអាចរក្សាគោលជំហរលទ្ធិប្រជាធិបតេយ្យរបស់ពួកគេបានរឹងមាំ។ លោកបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការចូលរួមលើកកម្ពស់សន្តិភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ និងបានអំពាវនាវឱ្យទីក្រុងប៉េកាំង កុំព្យាយាមដាក់សម្ពាធទៅលើទីក្រុងតៃប៉ិ។

លោក ប្ល៊ីនកែន បានបញ្ជាក់ថា ៖ «យើងរំពឹងថានឹងសហការជាមួយលោកបណ្ឌិត ឡៃ និងបណ្ដាមេដឹកនាំតៃវ៉ាន់មកពីគ្រ​ប់ភាគីដើម្បីលើកកម្ពស់ផលប្រយោជន៍ និងគុណតម្លៃរួមក៏ដូចជាការពង្រឹងទំនាក់ទំនងក្រៅផ្លូវការរបស់យើង ដោ​យ​ស្របតាមគោលនយោបាយចិនតែមួយ។ យើងមានទំនុកចិត្តថាតៃវ៉ាន់នឹងនៅតែជាតួអង្គគំរូទៅដល់(ប្រទេស)ទាំងអស់ដែលកំពុងបន្តទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងវិបុលភាព»។​

ចក្រភពអង់គ្លេស

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដាវីដ កាមេរ៉ុន (David Cameron)បានអបអរសាទរចំពោះលោក ឡៃនិងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យចំពោះជ័យជម្នះរបស់ពួកគេ។ លោកសង្ឃឹមថា តៃវ៉ាន់ និងចិននឹងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី តាមរយៈការសន្ទនាក្នុងន័យស្ថាបនា ដោយលោកបានសង្កត់ធ្ងន់ទៅលើលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់។ លោក កាមេរ៉ុនបាន​ជំរុញ​ឱ្យ​ភាគី​ទាំង២ ​ចៀសវាង​ការប្រើ​កម្លាំងយោធា​ឬ​ការបង្ខិតបង្ខំណាមួយ។​

ប្រទេសជប៉ុន

រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី យ៉ូកូ កាមីកាវ៉ា (Yoko Kamikawa)បានអបអរសាទរចំពោះលោក ឡៃដែលបា​នឈ្នះការបោះឆ្នោត។ លោកស្រីបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសន្ទនាដោយសន្តិវិធី ក្នុងការដោះស្រាយប​ ញ្ហារបស់តៃវ៉ាន់ ដើម្បីទទួលបានស្ថិរភាពក្នុងតំបន់។ យោងតាមការលើកឡើងរបស់លោកស្រី​ផ្ទាល់ ជប៉ុន​ឱ្យ​តម្លៃ​តៃវ៉ាន់​ស្មើ​នឹង​ដៃគូប្រទេសមួយ និងជា​មិត្ត​ដ៏​សំខាន់ ជាពិសេស​គឺទំនាក់ទំនង​សេដ្ឋកិច្ច​រវាងភាគីទាំង២។​

ប្រទេសរុស្ស៊ី

ក្រសួងការបរទេសរុស្ស៊ី តំណាងដោយអ្នកនាំពាក្យលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova)បានលើកឡើងបន្ទាប់ពីបានដឹងលទ្ធផលនៃការបោះឆ្នោតនៅតៃវ៉ាន់ថា រដ្ឋាភិបាលក្រុងម៉ូស្គូនៅតែចាត់ទុកតៃវ៉ាន់ថាត្រឹមតែជាផ្នែកមួយនៃទឹកដីរបស់ចិនប៉ុណ្ណោះ។​

ប្រទេសអាល្លឺម៉ង់

ការិយាល័យកិច្ចការបរទេសសហព័ន្ធអាល្លឺម៉ង់បានចេញសេចក្ដីថ្លែងការណ៍អបអរសាទរដល់បណ្ដាមន្ត្រីដែលបានជាប់ឆ្នោត អ្នកបោះឆ្នោត និងបេក្ខជនដែលបានចូលរួមឈរឈ្មោះបោះឆ្នោតនៅតៃវ៉ាន់។សេចក្ដីថ្លែងការណ៍នោះបានរំលេ​ចថា ៖ «ប្រទេសអាល្លឺម៉ង់មានទំនាក់ទំនងជិតស្និទ្ធ និងល្អជាមួយតៃវ៉ាន់ក្នុងវិស័យជាច្រើន ហើយចង់បន្តពង្រីកទំនាក់ទំនងនេះបន្ថែមទៀតដោយស្ថិតនៅក្នុងក្របខ័ណ្ឌគោលនយោបាយចិនតែ១»។​

ប្រទេសបារាំង

ប្រទេសបារាំងបានអបអរសាទរដល់អ្នកបោះឆ្នោត និងអ្នកដែលបានជាប់ឆ្នោតនៅតៃវ៉ាន់ និងបានលើកសរសើរដល់ការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសេចក្ដីព្យាយាមរក្សាតម្លៃលទ្ធិប្រជាធិបតេយ្យ នេះបើយោងតាមការបញ្ជាក់ដោយក្រសួ​ងការបរទេសបារាំង។ ក្រសួង​បាន​ជំរុញ​ឱ្យ​ភាគី​ទាំងអស់​រក្សា​ស្ថានភាព​បច្ចុប្បន្នឱ្យនៅដដែល។ បារាំងបាន​បង្ហាញ​ក្តីរំពឹងថា​កិច្ចសន្ទនា​រវាង​ភាគី​ជម្លោះទាំង២ គឺចិន និងតៃវ៉ាន់ នឹងកើតមានឡើងនាពេលខាងមុខ៕​