ខណៈ​ពេលដែលសង្គ្រាម​កំពុង​តែបន្តរវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ និង​ឈាន​ដល់​ឆ្នាំ​ទី៣​ក្នុង​​រង្វង់​ជាង​ ១ ខែ​ទៀត អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃទី ១៥ ខែមករា​ថា ខ្លួន​ត្រូវការ​ទឹកប្រាក់​ចំនួន ៤,២​ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២៤​ ដើម្បី​ផ្តល់ជំនួយ​មនុស្សធម៌​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន និង​ជួយ​មនុស្ស​រាប់លាន​នាក់​ដែល​បាន​ភៀសខ្លួន។

ខណៈដែល​សង្គ្រាម​នៅ​តំបន់ហ្គាហ្សា គ្របដណ្តប់​ការយកចិត្តទុកដាក់យ៉ាងខ្លាំង​​ក្នុងរយៈពេល​​ជាង​ ៣ ខែ​ ចុង​ក្រោយ​នេះ មន្ត្រី​អង្គការ​សហប្រជាជាតិ​ បាន​ក្រើន​រំឭក​​​​កុំ​​ឱ្យ​គេ​ភ្លេច​ស្ថានភាព​របស់​ប្រទេស​អ៊ុយក្រែន​​​ ដែល​ហែកហួរ​ដោយ​សង្គ្រាម​​អូសបន្លាយ​​ជិត​២ឆ្នាំ​។ 

អង្គការសហប្រជាជាតិ​សង្ឃឹមថា​ទឹកប្រាក់​​​ជាង ​៤ ពាន់​លាន​ដុល្លារ​នោះ​ នឹង​បាន​ដល់​ចំនួន ៨,៥ លាន​នាក់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ជនភៀសខ្លួន ២,៣ លាន​នាក់ និង​សហគមន៍​ម្ចាស់ផ្ទះ​របស់​ពួកគេ​នៅ​អឺរ៉ុប​ខាងកើត។


សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​នឹង​ឈាន​ចូលដល់​ឆ្នាំ​ទី៣​ក្នុង​ខែកុម្ភៈ ហើយ​អង្គការសហប្រជាជាតិ​បាន​និយាយថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការរក្សា​ការគាំទ្រ​សម្រាប់​មនុស្ស​រាប់លាន​នាក់​ដែល​ជីវិត​របស់​ពួកគេ​ត្រូវបាន​ផ្ដួលរំលំ​ដោយ​ជម្លោះ​នេះ។

 ប្រធាន​ជំនួយ​របស់​អង្គការសហប្រជាជាតិ Martin Griffiths បាន​សួរ​នៅពេល​គាត់​ចាប់ផ្តើម​ផែនការ​នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ក្រើន​រំឭក​ថា​៖​«ចងចាំ​អ៊ុយ​ក្រែ​ន​ទេ? សូមកុំ​ភ្លេច​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ដែលមាន​កន្លែង​ជាច្រើន​ទៀត​ក្នុង​ពិភពលោក​ដែល​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​យើង»។


មាន​ការ​កត់សំគាល់ថា ការឈ្លានពាន​របស់​រុស្សី​ ពេញ​លេញ​ចាប់​ពីខែ​កុម្ភៈ​ ឆ្នាំ២០២២ គឺជា​ការ​លុកលុយ​ដ៏​ធំ​បំផុត​របស់​ប្រទេស​អ៊ឺរ៉ុប​ ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ និង​វិបត្តិ​ជនភៀសខ្លួន​ដ៏​ធំ​បំផុត​ដែល​ទ្វីប​នេះ​ប្រឈមមុខ​ចាប់តាំងពី​ជម្លោះ​ឆ្នាំ ១៩៣៩ ដល់​ឆ្នាំ១៩៤៥៕​