អាជ្ញាធរ​ថៃបាន​និយាយថា ក្រុម​អ្នកជំនាញ​បាន​រកឃើញ​ដានជើង​សត្វ​ពី​សម័យ​បុរេប្រវត្តិ​ថ្មី ដែលមាន​អាយុកាល​ប្រហែល ២២៥​ លាន​ឆ្នាំមុន នៅ​តំបន់​ទឹកធ្លាក់ Tat Yai ដែល​ស្ថិតនៅ​ចន្លោះ​ព្រំប្រទល់​ស្រុក ​Nam Nao ខេត្ត Phetchabun  និង​ស្រុក Phu Pha Man ខេត្ត​ខន​កែន (Khon Kaen) នៅ​ភូមិភាគ​ឦសាន​ភាគ​កណ្តាល​នៃ​ប្រទេស​ថៃ​។ នេះ​បើតាម​ការ​​ចុះផ្សាយ​របស់​កាសែត​បា​ង​​កក​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៥ ខែមករា ឆ្នាំ​ ២០២៤​។  

​នាយកដ្ឋាន​ធនធាន​រ៉ែ​ថៃ បានឱ្យដឹងថា ក្រុមការងារ​មកពី​ការិយាល័យ​ធនធាន​រ៉ែ​តំបន់ ២ ប្រចាំខេត្ត​ខន​កែនដឹកនាំ ដោយ​លោកស្រី​ Tida Liard ដែលជា​អ្នកជំនាញ​ផ្នែក​ហ្វូ​ស៊ី​ល បានធ្វើ​ការវាស់ស្ទង់​ដំបូង​លើ​ទីតាំង​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន បន្ទាប់ពី​បានទទួល​របាយការណ៍​អំពី​ដានជើង​សត្វ​នៅក្នុង​ឧទ្យាន​ជាតិ Phu Pha Man ឆ្នាំមុន​។ ក្រោម​កិច្ចការ​នេះ ក្រុមការងារ​បាន​រក​ឃើញ​ស្នាម​ដានជើង​ចំនួន​៥​ក្រុម នៅលើ​ថ្មភក់​នៅ​ផ្នែក​ខាងក្រោម​នៃ​សិលា Huai Hin Lad​។​

​លោកស្រី Tida បាន​និយាយថា ដានជើង​ចំនួន ២ ​ក្រុម គឺជា​ដានជើង​របស់​សត្វ​ដាយ​ណូ​ស័​រ​អម្បូរ Sauropod ដែលជា​ប្រភេទ​ដាយ​ណូ​ស័​រ​ស៊ី​ស្មៅ​កវែង និង​មាន​អាយុកាល​តាំងពី​ចុង​សម័យ Triassic ចន្លោះ​ពី ២២០ ទៅ​ ២២៥​ លាន​ឆ្នាំមុន​។ អ្នកជំនាញ​ដដែល​បន្ថែមទៀតថា វា​គឺជា​ដានជើង​ដាយ​ណូ​ស័​រវ័យ​ចំណាស់​បំផុត ដែល​គេ​រកឃើញ​នៅក្នុង​ប្រទេស​ថៃ និង​នៅ​អាស៊ី​។​


​ចំណែកឯ​ដានជើង​ចំនួន​ ២ ក្រុម ត្រូវបាន​សន្មត​ថា ​ជា​ដាន​ជើង​របស់​សត្វ​តូចៗ ហើយ ​១ ​ក្រុម​ចុងក្រោយ គឺជា​ដាន​​ជើង​របស់​ពួក​ឧរង្គសត្វ អម្បូរ ​Archosaur​។​

​លោកស្រី Tida បាន​និយាយថា ដានជើង​របស់​សត្វ​អម្បូរ ​Archosaur គឺ​គួរឱ្យ​ចាប់​អារម្មណ៍​បំផុត ដោយសារតែ​ព័ត៌មាន​លម្អិត​នៃ​ក្រញាំ​របស់​សត្វ​នេះ​លេច​រូបរាង​ឡើង​នៅលើ​ថ្ម​ទាំង​ក្រ​ញ៉ាំ​ជើង​មុខ និង​ក្រោយ​របស់់​វា​។​


​ការរកឃើញ​ដានជើង​នេះ មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​ផ្តល់នូវ​ការយល់ដឹង​ថ្មី​អំពី​ភាព​ចម្រុះ និង​បរិស្ថានវិទ្យា​នៃ​ដាយ​ណូ​ស័​រ​នៅក្នុង​ប្រទេស​ថៃ ក្នុងអំឡុង​ចុង​សម័យ Triassic​។

នាយកដ្ឋាន​ធនធាន​រ៉ែ​ថៃបាន​និយាយថា ការរកឃើញ​ដានជើង​ដាយ​ណូ​ស័​រ គឺជា​របកគំហើញ​បែប​វិទ្យាសាស្ត្រ​ដ៏​សំខាន់​ថ្មី​មួយទៀត​ដែលមាន​សក្តានុពល​ក្នុងការ​ផ្លាស់ប្តូរ​ការយ​ល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ជីវិត​នៅលើ​ផែនដី​៕