រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) នៅ​ថ្ងៃទី ​១៤ ខែមករា ឆ្នាំ​ ២០២៤ បាន​ជំរុញឱ្យមាន​ការបង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ដែលមាន​ឯករាជភាព និង​បង្កើត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្គា​ហ្សា (Gaza)​ ដែលជា​តំបន់​កំពុង​ផ្ទុះ​សង្គ្រាម​រវាង​អ៊ីស្រា​អែល និង​ក្រុម​ហា​ម៉ាស់ និង​បាន​បណ្តាលឱ្យមាន​អ្នកស្លាប់ និង​រងរបួស​រាប់ពាន់​នាក់​ក្នុង​រយៈពេល ​១០០​ ថ្ងៃ​កន្លងមកនេះ​។​

​ក្នុងអំឡុង​ពេលធ្វើ​សន្និសីទកាសែត​នៅ​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប ជាមួយ​រដ្ឋមន្ត្រីការបរទេស​អេ​ហ្ស៊ី​ប លោក សា​ម៉េ ស៊ូ​គ្រី (Sameh Shoukry)​ លោក វ៉ាង យី បាន​ថ្លែងថា​៖«​វា​ពិតជា​ចាំបាច់​ណាស់​ក្នុងការ​បង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ឯករាជ្យ​មួយ​ដែល​ទទួលបាន​អធិបតេយ្យភាព​ពេញលេញ ដោយមាន​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ខាង​កើតជា​រដ្ឋធានី និង​យក​គោលការណ៍​ព្រំដែន​ឆ្នាំ​ ១៩៦៧ ជា​មូលដ្ឋាន​»​។​

​រដ្ឋមន្ត្រី​ទាំង​ ២ ​រូបនេះ​បានចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយ​ដោយបាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​អំពើហិង្សា ការកាប់សម្លាប់ ក៏ដូចជា​ការដាក់​គោល​ដៅ​វាយប្រហារ​ទៅលើ​ជន​ស៊ីវិល និង​បំផ្លិចបំផ្លាញ​ផ្ទះសំបែង​របស់​ពួកគេ​។​


​ប្រទេស​អ៊ីស្រា​អែល​បាន​បើក​ការ​វាយ​ប្រហារ​ទៅលើ​តំបន់​ហ្គា​ហ្សា​ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​លួច​វាយប្រហារ​ដោយ​ក្រុម​ហា​ម៉ាស់​ទៅលើ​តំបន់​ភាគខាងត្បូង​អ៊ីស្រា​អែល​កាលពី​ថ្ងៃទី ​៧ ខែតុលា​។ ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់ បាន​បណ្តាលឱ្យ​មនុស្ស​ប្រហែល ១ ១៤០​ នាក់​បាន​ស្លាប់ ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​។ នេះ​បើ​យោងតាម​តួលេខ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AFP​។​

​ដោយឡែក នៅ​តំបន់​ហ្គា​ហ្សា​វិញ ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា យ៉ាងហោចណាស់​មនុស្ស​ជិត ​២៤ ០០០​ នាក់​បាន​ស្លាប់ ក្នុងនោះ​ភាគច្រើន​ជា​ស្ត្រី និង​កុមារ ដោយសារ​ការវាយប្រហា​រ​របស់​អ៊ីស្រា​អែល​។​


​នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម​ខាង​លើ លោក ស៊ូ​គ្រី និង​លោក​វ៉ាង​ក៏បាន​អំពាវនាវ​ឱ្យ​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​ដើម្បី​ជជែក​អំពី​បញ្ហា​សន្តិភាព​អន្តរជាតិ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​យុត្តិធម៌ គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​ចំពោះ​បញ្ហា​ប៉ា​ឡេ​ស្ទី​ន តាម​រយៈ​ការបញ្ឈប់​ការចូល​កាន់កាប់​របស់​អ៊ីស្រា​អែល និង​ការបង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ដែល​ឯករាជ្យ​មួយ​។​

អ៊ី​ស្រា​អែល​ធ្លាប់បាន​វាយ​រឹបអូស​យក​តំបន់​ហ្គា​ហ្សា និង​តំបន់​វេស​ប៊ែ​ងក៍ ​(West Bank)​ ក្នុង​សង្គ្រាម ​៦ ថ្ងៃ​កាល​ពី​ឆ្នាំ​ ១៩៦៧ ម្ដង​រួចមកហើយ​។ តំបន់​ទាំង​ ២​ នេះ​ត្រូវបានអ៊ី​ស្រា​អែ​លបែង​ចែកចេញជា ២​ ដាច់ពីគ្នា ហើយ​តំបន់​វេស​ប៊ែ​ងក៍ គឺជា​តំបន់​ដែល​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​កំពុង​ឈរជើង​។ កន្លងមក ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង (Xi Jinping) ក៏​ធ្លាប់​បានស្នើ​ឱ្យមាន​សន្និសីទ​សន្តិភាព​អន្តរជាតិ​មួយ​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ​ផងដែរ​។​

​កន្លងមក ចិន​តែងតែ​សម្ដែង​ការគាំទ្រ​ដល់​បុព្វហេតុ​របស់​ប៉ា​ឡេ​ស្ទី​ន និង​អំពាវ​នាវ​ឱ្យមាន​ដំណោះស្រាយ​ដោយ​បង្កើត​រដ្ឋ​ ២ ​ផ្សេងគ្នា គឺ​អ៊ីស្រា​អែល និង​ប៉ា​ឡេ​ស្ទី​ន​។ លោក វ៉ាង យី កំពុង​បន្ត​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ទ្វីប​អាហ្រ្វិកដោយ​ចូលទៅ​ប្រទេស​តូ​ហ្គោ ទុយ​នេ​ស៊ី និង​កូត​ឌី​វ័រ​៕