​វា​ស្ទើរតែ​ ១ ​ឆ្នាំ​ បន្ទាប់ពី​ចិន​ដាក់ចេញ​ដំណោះស្រាយ​នយោបាយ​ ១២​ ចំណុច​សម្រាប់​ដោះស្រាយ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន ដែល​ហាក់​ច្រានចោល​ដោយ​ភាគី​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ពេលនេះ ភាគី​អ៊ុយ​ក្រែ​ន​បាន​មើល​ឃើញ​វត្តមាន​ចិន​កាន់តែ​សំខាន់​ឡើង​សម្រាប់​ដំណើរការ​សន្តិភាព និង​ដំណោះ​ស្រាយ​នយោបាយ​ក្នុង​សង្គ្រាម​ជាមួយ​ប្រទេស​រុស្ស៊ី​ដែល​អូសបន្លាយ​ជិត​ ២ ​ឆ្នាំ​។​

​នៅក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​ក្នុង​ទីក្រុង ​Davos ប្រទេស​ស្វ៊ី​ស​នៅមុន​កិច្ចប្រជុំ​កម្រិត​ខ្ពស់​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្រោយ​ប្រជុំ​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​មកពី​ ៨៣ ​ប្រទេស លោក Andriy Yermak នាយ​សេនាធិការ​ចម្រុះ (chief of staff) របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Andriy Yermak បាន​និយាយថា ប្រទេស​ចិន​ចាំបាច់​ត្រូវ​ចូលរួម​ក្នុង​កិច្ចចរចា​ដើម្បី​បញ្ចប់សង្គ្រាម​ជាមួយ​រុស្ស៊ី​។​

​ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​នាពេលនេះ ចំពេល​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​របស់ខ្លួន​មាន​សហរដ្ឋអាមេរិក​ជាដើម​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង និង​ស្រប​ពេលដែល​ពិភពលោក​កំពុង​ត្រដាបត្រដួស​ជាមួយ​ស្ថាន​ភាពលំបាក​ផ្នែក​សេដ្ឋកិច្ច និង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​។​


​ប្រទេស​ចិន​ធ្លាប់បាន​ប្រកាស​ជា​ចំហ​ដាក់ចេញ​ផែនការ​ដំណោះស្រាយ​ន​យោ​បាយ​នៃ​វិបត្តិ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​ ២៤ ខែ​កុម្ភៈ​ឆ្នាំ ​២០២៣ ចំ​ថ្ងៃ​ខួប​១​ឆ្នាំ​នៃ​ការ​ឈ្លា​ន​ពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ដំណោះស្រាយ​ដែល​ក្រសួងការបរទេស​ចិន​ដាក់ចេញ​នាពេលនោះ មាន ១២ ​ចំណុច រួមទាំង​ការអំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់ ការគោរព​ផលប្រយោជន៍ សន្តិសុខ​ស្រប​ច្បាប់​របស់​ប្រទេស​ទាំងអស់ ការដោះស្រាយ​វិបត្តិ​មនុស្សធម៌​នៅ​អ៊ុយ​ក្រែ​ន ការផ្លាស់ប្តូរ​អ្នកទោស​សង្គ្រាម​រវាង​ទីក្រុង​ម៉ូស្គូ និង​ក្រុង​កៀវ ការបដិសេធ​មិន​ដាក់ទណ្ឌកម្ម​ឯកតោ​ភាគី​ដោយ​គ្មាន​សេចក្តីសម្រេច​ពាក់ព័ន្ធរ​បស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ជាដើម​។​


​ប៉ុន្តែ​ការដាក់ចេញ​ផែនការ​របស់​ចិន​នាពេលនោះ​ហាក់​មិន​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ភាគី​អ៊ុយ​ក្រែ​ន​ដែល​ទាមទារ​ដាច់​ខាត​ឱ្យ​រុស្ស៊ី​ដកទ័ព​ពី​ទឹកដី​របស់ខ្លួន​មុន​ការ​ចរចា ហើយ​ម្យ៉ាងទៀត​ការគាំទ្រ​របស់​សម្ព័ន្ធ​មិត្ត​ជាពិសេស​សហរដ្ឋអាមេរិក​នៅ​ខ្លាំងក្លា​។​

​យោង​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ដែល​ចេញផ្សាយ​កាលពី​ខែតុលា ឆ្នាំ​ ២០២៣ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​គាំទ្រ​ចំពោះ​ផែនការ​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ដែល​ស្នើឡើង​ដោយ​ភាគី​ចិន​។​

​លោក ពូ​ទីន ដែល​បាន​ប្រាប់​ទូរទស្សន៍​ចិន China Media Group នៅក្នុង​បទ​​សម្ភាសន៍​មួយ បាន​និយាយថា ផែនការ​សន្តិភាព​សម្រាប់​អ៊ុយ​ក្រែ​ន​ដែល​ស្នើឡើង​ដោយ​ទីក្រុង​ប៉េកាំង​កាលពីដើម​ឆ្នាំនេះ គឺមាន​ភាពប្រាកដនិយម ហើយ​អាចជា​មូលដ្ឋាន​សម្រាប់​ដំណោះស្រាយ​។​

​លោក ពូ​ទីន​ ត្រូវបាន​ដកស្រង់​ដូច​និយាយថា​៖«​យើង​វាយតម្លៃ​ខ្ពស់​ចំពោះ​សំណើ​ទាំង​នោះ​។ ខ្ញុំ​គិតថា​ពួកគេ​ពិតជា​ប្រាកដនិយម និង​អាចដាក់​មូលដ្ឋានគ្រឹះ​សម្រាប់​ការរៀប​​ចំ​សន្តិភាព​។ លោកពូ​ទីន​បន្ថែម​៖«​យើង​ត្រៀមខ្លួន​រួចជាស្រេច រួមទាំង​ផ្អែកលើ​សំណើ​របស់​មិត្ត​ចិន​របស់​យើង​»​។​

​នៅឯ​កិច្ចប្រជុំ​ក្នុង​ទីក្រុង Davos សមាជិក​ក្រុមប្រឹក្សា​សហព័ន្ធ​ស្វ៊ី​ស លោក Ignazio Cassis ដែល​បាន​ចូលរួម​កិច្ចពិភាក្សា​កាលពី​ថ្ងៃទី​ ១៤ ខែមករា បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មុននេះ​ថា​៖ «​យើង​ត្រូវតែ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​បញ្ចប់សង្គ្រាម​នេះ​។ ចិន​ដើរតួនាទី​យ៉ាងសំខាន់​។ យើង​ត្រូវតែ​ស្វែង​​រក​វិធី​ធ្វើការ​ជាមួយ​ចិន​លើ​បញ្ហា​នេះ​»៕