យោងតាម​របាយការណ៍​របស់​អង្គការ​អុក​ស្វា​ម (Oxfam) ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤បាន​បង្ហាញថា ទ្រព្យសម្បត្តិ​រប​ស់បុរ​សមាន​ជាងគេ​បំផុត​ទាំង ៥ នាក់​នៅលើ​ពិភពលោក​ បាន​កើនឡើង​ទ្វេដង​គិត​ចាប់ពី​ឆ្នាំ២០២។ ទន្ទឹមនឹងនេះ អង្គការ​នេះ​ក៏បាន​អំពាវនាវ​ដល់​ប្រទេស​ពាក់ព័ន្ធ ឱ្យ​មានការ​រឹតបន្តឹង​លើ​អំណាច​របស់​ក្រុមហ៊ុន​សាជីវកម្មធំ។

របាយការណ៍​ខាងលើ​បាន​រកឃើញថា​ទ្រព្យសម្បត្តិ​សរុប​របស់​បុគ្គល​ដែលមាន​ជាងគេ​នៅលើ​ពិភពលោក ក្នុងនោះ​រួមមាន លោក អេ​ឡុ​ន ម៉ា​សក៍ (Elon Musk) លោក បឺ​ណាដ អា​ណុល (Bernard Arnault) និង​ក្រុមគ្រួសារ លោក ចេ​ហ្វ ប៉េ​ហ្សុ​ស (Jeff Bezos) លោក ឡា​រី អេ​លី​សុន (Larry Ellison) និង ​លោក វ៉​រ៉េ​ន បូ​ហ្វេ​ត (Warren Buffett) បាន​កើនឡើង​ពី ៤០៥ ពាន់​លាន​ដុល្លារ​ក្នុង​ខែមីនា ឆ្នាំ២០២០ ដល់ ៨៦៩ ពាន់​​លាន​ដុល្លារ​ ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២៣។ តួលេខ​នេះ អង្គការ​អុក​ហ្វា​ម​បាន​ដកស្រង់​ចេញពី​ទិន្នន័យ​របស់​ទស្សនា​វ​ដ្តី​ពាណិជ្ជកម្ម​អាមេរិក ​Forbes និង​ក្រុមហ៊ុន ​Wealth X ។

អង្គការ​អុក​ហ្វា​ម​បានចេញ​ផ្សាយ​របាយការណ៍​នេះ ស្រប​ពេល ដែល​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) ការចាប់ផ្តើម​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ដា​វ៉ូស (Davos) ប្រទេស​ស្វី​ស។ 


យ៉ាងណាក៏ដោយ មហាសេដ្ឋី​ទាំង ៥ រូប​ដែល​បានលើកឡើង​នៅក្នុង​របាយការណ៍​នេះ មិនត្រូវ​បាន​គេ​រំពឹងថា​ពួកគេ​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​នេះនោះ​ទេ។

បន្ថែម​លើ​នេះ របាយការណ៍​ខាងលើ​បាន​រំលេច​ថា ក្រុមហ៊ុនធំៗចំនួន ៧ ក្នុងចំណោម​ក្រុមហ៊ុន​ធំ​បំផុត​ទាំង ១០ នៅលើ​ពិភពលោក​មាន​មហាសេដ្ឋី​ដែលមាន​ទ្រព្យសម្បត្តិ​ខ្ទង់​ប៊ី​លាន​ដុល្លារ ជា​នាយក​ប្រតិបត្តិ​ឬ​ជា​ម្ចាស់​ភាគហ៊ុន​ធំ​នៅក្នុង​ក្រុមហ៊ុន។


លើសពីនេះ បណ្ដា​អ្នកមាន​ជាងគេ​បំផុត ១% នៃ​ចំនួន​ប្រជាជន​សរុប​នៅលើ​ពិភពលោក កំពុង​កាន់កាប់​ទ្រព្យសម្បត្តិ ៤៣% នៃ​ទ្រព្យសម្បត្តិ​ហិរញ្ញវត្ថុ​សរុប​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​រួមមាន​ទ្រព្យសម្បត្តិ ​ដែល​កំពុង​ជួញដូរ​ជា​សាធារណៈ​ដូចជា​ភាគហ៊ុន និង​ប័ណ្ណបំណុល ក៏ដូចជា​ភាគហ៊ុន​កម្មសិទ្ធិ​នៅក្នុង​អាជីវកម្ម​ឯកជន​ជាដើម។

អង្គការ​អុក​ហ្វា​ម​បាន​ព្យាករណ៍​ថា ប្រសិនបើ​និន្នាការ​បច្ចុប្បន្ន​នៅតែ​បន្ត ពិភពលោក​នឹងមាន​មហាសេដ្ឋី​ដែលមាន​ទ្រព្យសម្បត្តិ​ខ្ទង់​ទ្រី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​រយៈ​មួយ​ទសវត្សរ៍​ទៀត។

ទោះ​យ៉ាងនេះ​ក្តី អង្គការ​សប្បុរសធម៌​មួយ​នេះ​បាន​សង្កត់ធ្ងន់ថា អត្រា​ភាពក្រីក្រ​នឹងមិន​ធ្លាក់ចុះ​នោះទេ​ក្នុង​រយៈពេល ២២៩ ឆ្នាំ​ ទៀត។ លើសពីនេះ ប្រាក់ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុនធំៗនៅលើ​ពិភពលោក​ចំនួន ១៤៨ ក្រុមហ៊ុន​បាន​កើនឡើង ៥២% គិត​ត្រឹម​ខែមិថុនា ឆ្នាំ២០២៣ ធៀប​នឹង​ប្រាក់ចំណេញ​ជា​មធ្យម​របស់​ពួកគេ​ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២១។

លោកស្រី​អា​លី​ម៉ា ស៊ី​វជី (Aleema Shivji) នាយក​ប្រតិបត្តិ​បណ្តោះអាសន្ន​របស់​អង្គការ​អុក​ហ្វា​ម​បាន​មានប្រសាសន៍​ថា៖ «ទោះបីជា​អត្រា​ភាពក្រីក្រ​កម្រិត​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​ក្រីក្រ​បំផុត មាន​ចំនួន​ខ្ពស់ជាង​នៅមុន​ពេល​ជំងឺ​រាតត្បាត​កូ​វីដ១៩ ក៏ដោយ​ក៏​បុគ្គល​ដែលមាន​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​លើសលុប​មួយចំនួន​កំពុង​ប្រកួតប្រជែង​គ្នា​ដើម្បី​ក្លាយជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យសម្បត្តិ​ខ្ទង់​ទ្រី​លាន​ដុល្លារ​ដំបូង​គេ​នៅលើ​ពិភពលោក​ក្នុង​ទសវត្សរ៍​ក្រោយនេះ»។

អង្គការ​សប្បុរសធម៌​មួយ​នេះ​ក៏បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គ្រប់​ប្រទេស​ព្យាយាម​កាត់បន្ថយ​គម្លាត​ទ្រព្យសម្បត្តិ​រវាង​អ្នកមាន​និង​អ្នកក្រ ដោយ​រឹតបន្តឹង​អំណាច​របស់​ក្រុមហ៊ុន​សាជីវកម្មធំៗ តាមរយៈ​ការលុបបំបាត់​ការប្រកប​អាជីវកម្ម​ផ្តាច់មុខ ការកំណត់​លើ​ប្រាក់ខែ​របស់​នាយក​ប្រតិបត្តិ និង​ការអនុវត្ត​ពន្ធ​ថ្មី​លើ​ទ្រព្យសម្បត្តិ​អចិន្ត្រៃយ៍ និង​ចំនួន​ប្រាក់ចំណេញ​ច្រើន​ហួស​ពី​កម្រិត​ណាមួយ៕