អង្គការសហប្រជាជាតិប្រឹង​ប្រែង​​កៀរគរជំនួយ​ពី​​ប្រទេស​ម្ចាស់ជំនួយនានា ដើម្បីគាំទ្រ​សហគមន៍ ​​​ដែលរងគ្រោះដោយ​សង្គ្រាមនៅ​ក្នុងប្រទេស​អ៊ុយក្រែននិងជនភៀសខ្លួនអ៊ុយក្រែន​នៅឆ្នាំ២០២៤ ដែល​មាន​តម្រូវការ​ថវិកា​សរុប​ជាង​៤​ពាន់​លាន​ដុល្លារ ខណៈដែលសង្រ្គាមបាន​អូសបន្លាយជិត២ឆ្នាំ​បន្ទាប់​​ពីការឈ្លា​នពានរបស់រុស្ស៊ី។​

ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths នៅទីក្រុងហ្សឺណែវ បានជំរុញ​អ្នកការ​ទូត​​នានាថា៖ «សូមកុំភ្លេចអ៊ុយក្រែន ខណៈពេលដែលមា​នកន្លែងជាច្រើនទៀត​នៅលើ​ពិភពលោក​ដែល​ទា​ក់ទាញ​ការយកចិត្តទុកដាក់របស់យើង»។

ជាផ្នែកមួយនៃការអំពាវនាវរកជំនួយ​មូលនិធិការិយាល័យសម្របសម្រួលកិច្ចការ​មនុស្សធម៌​អង្គការ​សហប្រ​ជាជាតិ (OCHA) កំពុងស្នើសុំថវិកាចំនួន ៣,១ ពាន់លានដុល្លារ​ដើម្បី​ជួយមនុស្ស ៨,៥ លាននាក់​​​ ដែលត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំងនៅឆ្នាំ២០២៤ នេះ។ ស្រប​ពេល​ជា​មួយគ្នានេះទីភ្នាក់ងារ​ជនភៀស​​​ខ្លួ​នរបស់អង្គការសហប្រជាជាតិកំពុងស្វែងរកថវិកាចំនួន ១,១ ពាន់លានដុល្លារ​​ដើម្បី​គាំទ្រ​ជនភៀស​ខ្លួនអ៊ុយក្រែន២,៣លាននាក់និងសហគមន៍របស់ពួកគេ។​


OCHA​ បានទទួលទឹកប្រាក់ចំនួន​ ៦៧ ភាគរយ​នៃថវិកា ៣.៩ ពាន់លានដុល្លារ ពីការ​អំពាវនា​វ​រកជំនួយ​រប​ស់ខ្លួន​កាលពី​ឆ្នាំមុន។យ៉ាងណាការស្នើរសុំជំនួយមានការកាត់បន្ថយបន្តិចហើយសម្រាប់ឆ្នាំ២០២៤ បិ​តអី​ OCHA ត្រូវ​ផ្តល់​អាទិភាព​​ដល់​ប្រជាជនដែលត្រូវការជំនួយបំផុតរួមទាំងវិបត្តិមនុស្សធម៌ផ្សេង​ទៀតនៅ​ជុំវិញពិភពលោករួមទាំងនៅតំបន់ហ្គាហ្សានិងស៊ូដង់ដែលត្រូវការថវិកាជាបន្ទាន់។​

លោក Griffiths បាននិយាយថា៖«យើងកំពុងកាត់បន្ថយចំនួនប្រាក់ដែលយើងកំពុងស្នើសុំមិនមែន​ដោ​យសារ​តែយើងគិតថាតម្រូវការកំពុងថយចុះឬសង្រ្គាមកាន់តែ​មានភាពប្រសើរ​ឡើង​សម្រាប់​ប្រជាជន​អ៊ុយក្រែននោះទេប៉ុន្តែដោយសារតែយើងត្រូវតែផ្តល់អាទិភាពរឿងផ្សេងដូចគ្នា»។​


ប្រធានជំនួយរបស់អង្គការសហប្រជាជាតិរូបនេះបន្តថា៖ «យើងយល់យ៉ាងច្បាស់ថាយើងកំពុង​ស្ថិតក្នុ​ង​ស្ថានភាពដែលមានការប្រកួតប្រជែងពីផ្នែកផ្សេងៗជុំវិញពិភពលោកដែលជាការពិត​ដ៏ឃោរឃៅ​នៃ​ការ​ប្រ​ទាញប្រទង់គ្នាខ្លាំងលើ​កម្មវិធីជំនួយ»។​

OCHA បានឱ្យដឹងថាមនុស្សជាង ១៤,៦ លាននាក់ឬ ៤០ ភាគរយ ​នៃចំនួនប្រជាជនអ៊ុយក្រែននឹងត្រូ​វ​កា​រ​ជំនួយមនុស្សធម៌នៅឆ្នាំនេះដោយសារតែការបន្តឈ្លានពាននិងការវាយប្រហាររបស់រុស្ស៊ី។​

ក្នុងនោះរួមមានប្រជាជន ៣.៣ លាននាក់ ​​​​​រស់​នៅ​ក្នុង​សហគមន៍​ងាយរងគ្រោះ​នៅភាគខាង​កើតនិងភាគខា​ងត្បូង​នៃប្រទេសរួមទាំងនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ីដែលក្បួនរថយន្តមនុស្សធម៌ OCHA មិ​នអាចចូលទៅបានចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ៕​