​កោះ​ណូរូ ដែល​ជា​ប្រទេស​ដ៏​តូច​មួយ​នៅ​ប៉ាស៊ីហ្វិក​ បាន​កាត់​ផ្ដាច់ទំនាក់​ទំនង​​ការ​ទូត​ជាមួយ​កោះ​តៃវ៉ាន់​​ ហើយ​ងាក​ទៅ​គាំ​ទ្រ​គោល​នយោបាយ​ចិន​តែ ​១ ​របស់​ក្រុង​ប៉េកាំង​វិញ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​​ផ្សេង​ៗ​។ 

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា រដ្ឋាភិបាល​កោះ​ណូរូ​ បាន​និយាយ​ថា ខ្លួ​ន​បាន​សម្រេច​ចិត្ត​ទទួល​ស្គាល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ហើយ​កំពុង​ស្វែង​រក​ការ​បន្ត​ទំនាក់​ទំនង​ការ​ទូត​ពេញ​លេញ​ឡើង​វិញ​ «​ដើម្បី​ផល​ប្រយោជន៍​ល្អ​បំផុត​សម្រាប់​​សាធារណរដ្ឋ​ណូរូ​ និង​ប្រជាជន​ណូរូ​»។  ​

សេចក្ដី​ថ្លែង​ការណ៍​ដដែល​បន្ត​ថា​ រដ្ឋាភិបាល​ណូរូ​ «​លែង​​ទទួល​​ស្គាល់​​តៃវ៉ាន់ថា​​​ជា​​ប្រទេស​​ដាច់​​ដោយ​​ឡែក​ទៀត​ហើយ​ ប៉ុន្តែ​ទទួល​ស្គាល់​ថា​ វា​​​​​ជា​​ផ្នែក​​មួយ​​ដែល​​មិន​​អាច​​កាត់​​ផ្តាច់​​បាន​​នៃ​​ទឹក​ដី​​របស់​​ចិន​»​។


ការ​សម្រេច​ចិត្ត​នេះ​ ធ្វើ​ឡើង​ប្រមាណ​តែ​២​ថ្ងៃ​ប៉ុណ្ណេះ​ ​​ក្រោយ​​តៃវ៉ាន់​​​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធា​នាធិបតី​ថ្មី​ ​ហើយ​វា​នឹង​​ធ្វើ​ឱ្យ​កោះ​ដែល​ទាម​ទារ​ឯក​រាជ្យ​ផ្ដាច់​ពី​ចិន​មួយ​នេះ​ នៅ​សល់​​​សម្ព័ន្ធ​មិត្ត​ការ​ទូត​​ត្រឹម​តែ​​១២ ប្រទេស​​ប៉ុណ្ណោះ​។ 

ប្រទេស​ចិន​​បាន​សាទរ​នឹង​ការ​ណ៍​នេះ​​​ ដោយ​ក្រសួងកា​រ​បរទេស​ចិន​បាន​និយាយ​ថា​​៖ «​ការ​សម្រេច​ចិត្ត​រប​ស់​រដ្ឋាភិបាល​ណូរូ​ ​​ក្នុង​ការ​បន្ត​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ប្រទេស​ចិន​ បង្ហាញ​យ៉ាង​ពេញ​លេញ​ម្តង​ទៀត​ថា​ គោលការណ៍​ចិន​តែ​មួយ​ គឺ​ជា​ឆន្ទៈ​របស់​ប្រជាជន​ និង​និន្នាការ​​គ្រប់​​​សម័យ​កាល​»​។ 


ចំណែកឯ​មន្រ្តី​តៃវ៉ាន់​វិញ​ បាន​និយាយ​ក្រោយ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ណូរូ​ថា​៖ «ក្នុង​ពេលវេលា​​នេះ​ វា​មិន​ត្រឹម​តែ​ជាកា​រ​សង​សឹក​របស់​​ចិន​​ ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​​របស់​យើង​ប៉ុ​ណ្ណោះ​​ទេ​ ប៉ុន្តែ​វា​ក៏​ជាកា​រ​ប្រឈ​ម​ដោយ​ផ្ទាល់​ចំពោះ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ផង​ដែរ​»​។​

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​តៃវ៉ាន់ លោក​​ Tien Chung-kwang​ បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ ថា​បាន​ទាញ​យក​ផល​ប្រយោជន៍​ពី​របត់​នយោបាយ​​ថ្មី​ៗ​នៅ​​ណូរូ​ ដើម្បី​ទិញ​ទំ​នាក់​ទំនង​ជាមួយ​​​ប្រទេស​​នេះ​​ ដោយ​ប្រើ​ជំនួយ​ហិរញ្ញ​វត្ថុ​។​

លោក​ ​​Tien ​និយាយ​ទៀត​​ថា​៖ «​ចិន​គិត​ថា​ ខ្លួន​អាច​គាប​សង្កត់​តៃវ៉ាន់​ដោយ​ប្រើ​វិធីសាស្ត្រ​បែប​នេះ​ ខ្ញុំ​គិត​ថា​វា​ខុស​ហើយ​។​ ពិភព​លោក​បាន​កត់​សម្គាល់​ពី​ការ​អភិវឌ្ឍន៍​លទ្ធិ​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​។​ ប្រសិន​បើ​ ​[ចិន​]​ បន្ត​ប្រើ​វិធី​ដ៏​គួរ​ឱ្យ​ស្អប់​ខ្ពើម​បែប​នេះ​ដើម្បី​ដណ្តើម​ទំនាក់​ទំនង​ការ​ទូត​របស់​តៃវ៉ាន់​នោះ​ ប្រទេស​ប្រជាធិបតេយ្យ​ទូទាំង​ពិភព​លោក​នឹង​មិន​ទទួល​ស្គាល់ចិន​ឡើយ»​​។​​​

ទោះ​បែប​ណា​ក៏​ដោយ​ លោក Tien បន្ត​ថា​ តៃវ៉ាន់​នឹង​​នៅ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​ទប់​ទល់​នឹង​សកម្មភាព​របស់​ចិន​ ដែល​ព្យាយាម​ផ្ដាច់​កោះ​តៃវ៉ាន់​ឱ្យ​នៅ​ឯកោ​លើ​ឆាក​អន្តរជាតិ​។ ​
គួរ​​​បញ្ជាក់​ថា​ ​ប្រទេស​ចុង​ក្រោយ​ដែល​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​តៃវ៉ាន់​ គឺ​ប្រទេស​ហុងឌូរ៉ាស​​​​​។

ការ​សម្រេច​ចិត្ត​របស់​ហុងឌូរ៉ាស​ បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន​ ​ដោយ​បញ្ចប់​​ទំនាក់​ទំនង​ការ​ទូត​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​​ដែល​មាន​រយៈ​កាល​ប្រមាណ​ ៨២ ឆ្នាំ​។ ​

កន្លង​​មក​សម្ព័ន្ធ​មិត្ត​មួយ​ចំនួន​របស់​តៃវ៉ាន់​ បាន​និយាយ​ដោយ​បើក​ចំហ​ថា​ ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​គឺ​ផ្អែក​លើ​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​​មួយ​ភាគ​ធំ​។ ​​រដ្ឋ​មន្ត្រី​ការ​បរទេស​​ហុងឌូរ៉ាស​ បាន​និយាយ​នៅ​ពេល​កាត់​ផ្ដាច់​ទំនាក់​ទំនង​ពី​តៃវ៉ាន់​​​ថា​ ខ្លួន​កំពុង​ជួប​បញ្ហា​ផ្នែក​ហិរញ្ញ​វត្ថុ​ ហើយ​តៃវ៉ាន់​មិន​បាន​ឆ្លើយ​តប​សំណើ​ដើម្បី​ចរចា​ឡើង​វិ​ញពី​​បំណុល​​ ៦០០ លាន​ដុល្លារ​ ឬ​​បង្កើន​ជំនួយ​ហិរញ្ញ​វត្ថុ​នោះ​ទេ​។​

ងាក​ទៅ​មើល​ណូរូ​វិញ​ វា​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ដែល​កោះ​នេះ​បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​​ជាមួយ​តៃវ៉ាន់​។ នៅ​ឆ្នាំ​ ២០០២​ ណូរូ​​បាន​​បោះ​ជំហាន​​ការ​ទូត​ស្រដៀង​គ្នា​ដោយ​ងាក​ទៅ​រក​ប្រទេស​ចិ​ន​ ប៉ុន្តែ​ក្រោយ​មក​នៅ​ខែ​ឧសភា​ ឆ្នាំ​ ២០០៥ ណូរូ​ ក៏​បាន​ស្ដារ​ទំនាក់​ទំនង​ជាមួយ​តៃវ៉ាន់​ឡើង​វិញ​។ ​

អ្នក​​វិភាគ​យល់​ឃើញ​ថា​ ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​កោះ​ណូរូ​ មិន​មែន​ជា​រឿង​ដែល​មិន​គួរ​ឱ្យ​រំពឹង​ទុក​នោះ​ទេ​។ ​​បណ្ដាញ​ព័ត៌មាន​ BBC បាន​ស្រង់​សម្ដី​​លោក​ MihaiSora​អ្នក​ស្រាវ​ជ្រាវ​​អូស្រ្តាលី​ស្ដីពី​បណ្ដាញ​​កោះ​ប៉ាស៊ីហ្វិក​នៃ​វិទ្យាស្ថាន​ Lowy ​​​ថា​​៖ «​ប្រទេស​ចិន​តែង​តែ​ស្វែង​រក​ការ​លុប​បំបាត់​ឥទ្ធិពល​របស់​តៃវ៉ាន់​ ជា​ពិសេស​នៅ​ក្នុង​ប៉ាស៊ីហ្វិក​ ដែល​ប្រទេស​តូច​ៗ​ជា​ច្រើន​កំពុង​ស្វែង​រក​ផល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍន៍​»​។​

ចិន​ទាម​ទារ​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ ប៉ុន្តែ​កោះ​ដែល​ស្វ័យ​គ្រប់​គ្រង​មួយ​នេះ​ តែង​ប្រកែក​​ដាច់​អហង្ការ​។ លើស​ពី​នេះ​ទៀត​សោត​ ចិន​បាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ជាមួយ​បណ្ដា​កោះ​នៅ​​​​ប៉ាស៊ីហ្វិក​​ ដែល​ធ្វើ​ឱ្យ​​ប្រទេស​កោះ​ៗ​ក្នុង​តំបន់​​ ជាប់​គាំង​ក្នុង​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​មហាអំណាច​លោក​ខា​ង​លិច​ និង​ចិន​​៕