យន្តហោះ​ពីរ​គ្រឿង​ ដោយ​មួយ​ជា​គ្រឿ​ង​ជា​​កម្មសិទ្ធិ​​របស់​​​ក្រុម​​ហ៊ុន ​អាកាសចរណ៍ Korean Air នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​មួយគ្រឿង​ទៀត​មកពី​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific ​​មាន​មូល​ដ្ឋាន​នៅ​​ហុងកុង បាន​បុក​គ្នា​នៅ​អាកាសយានដ្ឋាន New Chitose ក្នុង​ទីក្រុង​ហុក​កៃ​ដូ ភាគខាងជើង​ប្រទេសជប៉ុន​​នៅ​ថ្ងៃ​ទី១៦ ខែមករា​នេះ​។

ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល ៥ និង​៣០​ នាទី​ល្ងាច​ម៉ោង​​ នៅ​តំបន់​កើត​ហេតុ​ ត្រូវ​នឹង​ម៉ោង​ប្រហែល​​៤និង​៣០​នាទី​ម៉ោង​នៅ​ប្រទេស​កម្ពុជា​។ 

Yahoo Japan បាន​រាយការណ៍​ថា មាន​អ្នកដំណើរ និង​នាវិក​​ចំនួន ២៨៩​ នាក់​នៅលើ​ជើងហោះហើរ Korean Air ដោយ​បន្ថែមថា​គ្មាន​នរណាម្នាក់​រងរបួស​នោះទេ ប៉ុន្តែ​​យន្តហោះ Cathay Pacific មិនមាន​អ្នកដំណើរ​នៅលើ​យន្តហោះ​នោះទេ។


ឧបទ្ទវ​ហេតុ​នេះ​កើតឡើង​ពីរ​សប្តាហ៍​បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​រវាង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន (JAL) និង​យន្តហោះ​​របស់​ឆ្មាំ​ឆ្នេរសមុទ្រ​នៅឯ​អាកាសយានដ្ឋាន Haneda ​ក្នង​ទីក្រុង​តូ​ក្យូ ដែលបណ្តាលឱ្យ​នាវិក​​​នៃ​យន្តហោះ​​ឆ្មាំ​សមុទ្រជប៉ុន៥នាក់​បានស្លាប់៕