ប្រជាជនដែលរស់នៅរដ្ឋ Iowa បានជំនះនូវអាកាសធាតុដ៏ត្រជាក់ ដើម្បីទៅប្រមូលផ្ដុំគ្នានៅសាលារៀននិងមជ្ឈមណ្ឌលសំខាន់ៗតាមសហគមន៍ និងតំបន់ប្រជុំជនផ្សេងទៀត ដើម្បីជ្រើសបេក្ខភាពពីគណបក្សសាធារណរដ្ឋ ដែលពួកគេពេញចិត្ត។ ទោះយ៉ាងណា លោក ដូណាល់ត្រាំ អតីតប្រធានាធិបតីអាមេរិកហាក់កំពុងមានប្រៀបជាងគេក្នុងចំណោមបេក្ខភាពឯទៀត។
បើទោះបីជាការអះអាងនេះមិនមែនជាលទ្ធផលផ្លូវការក៏ដោយប៉ុន្តែប្រជាជនដែលបានចូលរួមបោះឆ្នោតតាមតំបន់ប្រជុំជនក្នុងរដ្ឋ Iowa បាននិយាយថាលោកដូណាល់ត្រាំគឺជាបេក្ខភាពតែម្នាក់គត់របស់គណបក្សសាធារណរដ្ឋដែលអាចឆក់យកតំណែងប្រធានាធិបតីពីលោកចូបៃឌិនបាន។
យ៉ាងណាមិញការជួបប្រជុំគ្នាដើម្បីរើសបេក្ខភាពប្រធានាធិបតីចេញពីបក្សសាធារណរដ្ឋនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមករានាម៉ោង ៧ យប់ (ម៉ោងនៅសហរដ្ឋអាមេរិក) ដែលត្រូវនឹងថ្ងៃទី១៦ ខែមករា ម៉ោង ៨ ព្រឹកនៅកម្ពុជា។
តាមរយៈការបោះឆ្នោតស្ទង់មតិដំបូងគេក្នុងរដ្ឋ Iowa នេះសម្លេង ៤ ក្នុងចំណោម ១០ បានលើកឡើងពីបញ្ហាអន្តោប្រវេសន៍។ សម្លេង ៤ ទៀតបានលើកឡើងពីបញ្ហាសេដ្ឋកិច្ចដែលគួរជាបញ្ហាដែលទាមទារការដោះស្រាយនិងសម្លេង២ទៀតបានលើកឡើងពីគោលនយោបាយបរទេស។
មិនដូចការបោះឆ្នោតទូទៅនោះទេការបោះឆ្នោតនៅរដ្ឋ Iowa តម្រូវឱ្យអ្នកបោះឆ្នោតប្រមូលផ្ដុំគ្នាជាក្រុមតូចៗដើម្បីបោះឆ្នោតដោយសម្ងាត់ក្រោយពេលបេក្ខភាពនីមួយៗបានធ្វើយុទ្ធនាការឃោសនារួចហើយ។
រដ្ឋ Iowa នេះបានដើរតួនាទីជាប្រវត្តិសាស្ត្រ (ប្រមាណ ៥០ ឆ្នាំចុងក្រោយ) នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយសារតែរដ្ឋនេះ ជាទីចាប់ផ្ដើមដំបូងនៃយុទ្ធនាការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។
កាលពីដើមឡើយរដ្ឋនេះ ជាសម្លេងគាំទ្រដ៏សំខាន់មួយរបស់គណបក្សប្រជាធិបតេយ្យដែលកាលណោះមានលោកបារ៉ាក់អូបាម៉ាជាប្រធានាធិបតី។ប៉ុន្តែក្រោយមករដ្ឋនេះបានផ្លាស់ប្ដូរការគាំទ្រទៅខាងគណបក្សសាធារណៈរដ្ឋវិញម្ដង។
រហូតមកដល់ពេលនេះបេក្ខភាពប្រធានាធិបតីចេញពីគណបក្សសាធារណរដ្ឋចំនួន ៣ នាក់ ដែលមានភាពលេចធ្លោជាងគេគឺលោកដូណាល់ត្រាំលោក Ron DeSantis និងអ្នកស្រី Nikki Haley៕