​សហរដ្ឋអាមេរិក​បាន​អះអាងថា ក្រុម​សកម្មប្រយុទ្ធ​ហ៊ូ​ធី​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​ទៅលើ​នាវា​ដឹក​កុងតឺន័រ​គ្រប់គ្រង​ដោយ​អាមេរិក ដែល​កំពុង​រំកិល​ខ្លួន​ក្នុង​ឈូង​សមុទ្រ​អេ​ដេ​ន ក្បែរ​ប្រទេស​យេ​ម៉ែន ចំពេល​ដែល​ភាព​តានតឹង​ក្នុង​តំបន់​កើនឡើង​។

​បណ្ដាញ​ព័ត៌មាន BBC បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្ដី​របស់​បញ្ជាការ​យោធា​សហរដ្ឋអាមេរិក​សម្រាប់​មជ្ឈិមបូព៌ា (Centcom) ដែល​បាន​និយាយថា ការវាយប្រហារ​បានកើត​ឡើងលើ​នាវា​ឈ្មោះ Gibraltar Eagle ប៉ុន្តែ​មិន​បង្ក​ឱ្យ​នរណាម្នាក់​រងរបួស ឬ​ការខូចខាត​ធ្ងន់ធ្ងរ​នោះទេ​។ ក្រោយ​ការវាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ នាវា​ដែល​បំពាក់​ទង់ជាតិ​កោះ​ម៉ាស់​សាល​ដដែល នៅតែ​ធ្វើដំណើរ​ទៅមុខ​ធម្មតា​។​

​ក្រុមហ៊ុន​ដឹកជញ្ជូន Eagle Bulk Shipping ដែលជា​ម្ចាស់​នាវា បាន​និយាយថា មុនពេល​ក្រុម​ហ៊ូ​ធី​ផ្លោង​មី​ស៊ី​ល​ទៅ​ចំ​នាវា Gibraltar Eagle ដែល​កំពុង​ដឹក​ផលិតផល​ដែក​នោះ បាន​រំកិល​ខ្លួន​នៅ​រយៈ​ចម្ងាយ​ប្រហែល ​១៦០​ គីឡូម៉ែត្រ​ពី​ឆ្នេរ​​យេ​ម៉ែន​ក្នុង​ឈូង​សមុទ្រ​អេ​ដេ​ន ដែលជា​ផ្លូវទឹក​សំខាន់​ចេញ​-​ចូល​សមុទ្រ​ក្រហម​។​


​ក្រុម​សកម្មប្រយុទ្ធ​ហ៊ូ​ធី ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ បានធ្វើការ​​វាយប្រហារ​លើ​នាវា​ដឹកទំនិញ​កាត់​តាម​ច្រក​សមុទ្រ​ក្រហម​ចាប់តាំងពី​ខែវិច្ឆិកា​មក ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​ប៉ា​ឡេ​ស្ទី​ន ប្រឆាំងនឹង​សង្គ្រាម​កម្ទេច​ក្រុម​ហា​ម៉ាស់​របស់​អ៊ីស្រា​អែល​នៅ​តំបន់​ហ្គា​ហ្សា​។​

​ក្រុម​ហ៊ូ​ធី​ធ្លាប់បាន​ទទូចថា ខ្លួន​ដាក់​គោលដៅ​តែ​លើ​នាវា​ពាក់ព័ន្ធ​នឹងអ៊ី​ស្រា​អែល ឬ​ឆ្ពោះទៅ​ផែ​នៅ​អ៊ី​ស្រា​អែល​ប៉ុណ្ណោះ ហើយ​ថា នឹង​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​លុះត្រាអ៊ី​ស្រា​អែល​បញ្ឈប់​ការវាយប្រហារ​នៅ​ហ្គា​ហ្សា​ដែរ​។​


​នៅ​ចុង​សប្ដាហ៍​មុន អាមេរិក និង​សម្ព័ន្ធមិត្ត​អង់គ្លេស បានរួម​​ដៃ​គ្នា​វាយប្រហារ​លើ​ទីតាំង​យោធា​របស់​ក្រុម​ហ៊ូ​ធី នៅក្នុង​ប្រទេស​យេ​ម៉ែន ដើម្បី​កម្ទេច​ធនធាន​ដែល​ក្រុម​សកម្មប្រយុទ្ធ​មួយ​នេះ យកទៅ​វាយប្រហារ​នាវា​ដឹកទំនិញ​ក្នុង​តំបន់​។ ក្រុម​ហ៊ូ​ធី​ប្រតិកម្ម​ដោយ​និយាយថា ខ្លួន​ប្ដេជ្ញា​សងសឹក​ឱ្យ​ចាស់ដៃ ហើយ​វាយប្រហារ​តម្រង់​ចំ​គោលដៅ​។​

​ចំពោះ​ការ​ផ្លោង​មី​ស៊ី​ល​លើ​នាវា​កុងតឺន័រ Gibraltar Eagle កាលពី​ថ្ងៃ​ចន្ទ ក្រុម​ហ៊ូ​ធី បាន​ចេញមុខ​ទទួលខុសត្រូវ ដោយ​អ្នកនាំពាក្យ បាន​និយាយ​លើ​កញ្ចក់​ទូរទស្សន៍​យេ​ម៉ែន​នៅ​យប់​ថ្ងៃ​ចន្ទ​ថា​៖ «​កងកម្លាំង​ប្រដាប់​​អាវុធ​យេ​ម៉ែន ចាត់ទុក​នាវា និង​នាវាចម្បាំង​អាមេរិក និង​អង់គ្លេស​ទាំងអស់ ដែល​ចូលរួម​ក្នុងការ​​ឈ្លានពាន​ប្រឆាំងនឹង​ប្រទេស​របស់​យើង​»៕