​យោង​របាយការណ៍​រប​ស់​អង្គការ​​សហប្រជាជាតិ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៥ ខែមករា ឆ្នាំ​ ២០២៤ ក្រុមចោរ​បច្ចេកវិទ្យា​ (Hacker)​ របស់​កូរ៉េខាងជើង បាននិងកំពុង​សហកា​រ​ជាមួយ​អ្នកជួញដូរ​គ្រឿងញៀន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ប្រើប្រាស់​បណ្តាញ​សម្អាត​លុយ​តាមរយៈ​បណ្តាញ​ធនាគារ​ខុសច្បាប់​របស់​ពួកគេ​។​

​របាយការណ៍​នេះ​បាន​បង្ហាញថា កាស៊ីណូ និង​ការជួញដូរ​គ្រីប​តូ (Crypto)​ ដែលជា​ប្រាក់​អេឡិចត្រូនិក បាន​ក្លាយជា​វេទិកា​ចម្បង​សម្រាប់​សកម្ម​ភាព​ឧក្រិដ្ឋកម្ម​ដែល​ពួកគេ​កំពុង​ប្រតិបត្តិការ​។​

​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​របស់​អង្គការ​សហ​ប្រជា​​ជាតិ (UNODC) បាន​រកឃើញ​មាន​ករណី​មួយចំនួន​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ខុសច្បាប់​នៅ​តំបន់​មេគង្គ រួមមាន​ប្រទេស​មី​យ៉ាន់​ម៉ា ថៃ ឡាវ និង​កម្ពុជា​។ ក្នុងចំណោម​ជនអនាមិក​ដែល​ពាក់ព័ន្ធ​ទាំងនោះ​ក៏មាន​ក្រុម​ឡា​ហ្សា​រូស​ (Lazarus)​ របស់​កូរ៉េ​ខាងជើង​ផងដែរ ប៉ុន្តែ​ការិយាល័យ​នេះ​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែម​ជុំវិញ​ករណី​ទាំង​នោះឡើយ​។​


​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ខាងលើ​បាន​រកឃើញ​សកម្ម​ភាព​គួរឱ្យ​សង្ស័យ​ជាច្រើន​តាមរយៈ​ការវិភាគ​ទិន្នន័យ​ប្លុក​ឆេន​ (Blockchain) និង​ករណី​នីមួយៗ​ដែល​បាន​កើតឡើង​។

ពេល​មានការ​ទាក់ទង​ដើម្បី​សាកសួរ​ពី​របាយការណ៍​នេះ មន្ត្រី​កូរ៉េខាងជើង​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​១​រូប​ដែល​កំពុង​បម្រើការ​ប្រចាំ​នៅ​បេសកកម្ម​អង្គការសហ ប្រជាជាតិ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយ​ការណ៍​នេះ ជាពិសេស​អំពី​ក្រុម​ឧក្រិដ្ឋកម្ម​តាម​អ៊ីន​ធឺ​ណិ​ត​ឡា​ហ្សា​រូស ហើយ​បាន​ចោទប្រកាន់ថា របាយការណ៍​នេះ​គឺជា​ការសន្និដ្ឋាន​ផ្ដេសផ្ដាស និង​ជា​ព័ត៌មាន​មិន​ពិត​។​


​ក្រុម​ឡា​ហ្សា​រូស ត្រូវបាន​សហរដ្ឋ​​អាមេរិក​អះអាងថា ជា​ក្រុម​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ការិយាល័យ​ចារកម្ម​កូរ៉េខាងជើង​។ អាមេរិក​បាន​ចោទប្រកាន់ថា ក្រុម​នេះ​បាន​ចូលរួម​ក្នុងការ​វាយប្រហារ​តាម​អ៊ីន​ធឺ​ណិ​ត​ជាច្រើនលើក​មកហើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​កូរ៉េខាងជើង​ក្នុង​ការយកទៅ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន គឺ​បានមកពី​ប្រតិបត្តិការ​លួច​យក​មូលនិធិ​តាម​​អ៊ីនធឺ​ណិ​ត​ជាច្រើន​របស់​ក្រុម​ឡា​ហ្សា​រូស​នេះ​។​

​របាយការណ៍​ខាងលើ​បាន​បង្ហាញថា កាស៊ីណូ​នៅ​អាស៊ីអាគ្នេយ៍​តែងតែ​ជួយ​សម្រួល​ដល់​អ្នកមាន​ទ្រព្យសម្បត្តិ​រាប់លាន និង​សម្រួល​ដល់​ការជួញដូរ​រូបិយប័ណ្ណ​គ្រីប​តូ​ដោយ​មិន​មានការ​គ្រប់គ្រង​ច្បាស់លាស់​។ ដូច្នេះ កាស៊ីណូ​ហាក់​កំពុង​ក្លាយជា​ប្រព័ន្ធ​ធនាគារ​ខុសច្បាប់​ដែល​ប្រើប្រាស់​ដោយ​ឧក្រិដ្ឋជន​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​។​

​កាស៊ីណូ​ជា​កន្លែង​ដែលមាន​ជំនាញ​ក្នុងការ​ផ្លាស់​ទី​លុយកខ្វក់​ដោយ​សម្ងាត់​ក្នុង​ទំហំ​ច្រើន និង​បំប្លែង​រូបិយប័ណ្ណ​គ្រីប​តូ ក៏ដូចជា​សាច់ប្រាក់​តាមរយៈ​ការដាក់បញ្ចូល​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ទៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ផ្លូវការ​ដើម្បី​ក្លាយជា​លុយ​ស្របច្បាប់​៕