ប្រទេស​ចិន ​​ដែល​ជា​រឿយៗ​បង្ហាញ​អរិភាព​ជាមួយ​ហ្វីលីពីន​នៅ​ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ បាន​កោះហៅ​ជួប​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង ហើយ​បាន​ព្រមាន​ថា «សូមកុំ​លេង​ជាមួយ​ភ្លើង»។

ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​ហ្វីលីពីន​លោក ហ្វឺ​ឌី​ណាន់ ម៉ា​កូ​ស ​(Ferdinand Marcos Jr) បានចេញ​សារ​អបអរសាទរ​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​កោះ​តៃវ៉ាន់ លោក ឡៃ ឈីង​តេ (Lai Ching-te) ដែល​បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤​ថ្មី​ៗនេះ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​សម្តែង​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង និង​បានបង្ហាញ​ពី​គោលជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការលើកឡើង​របស់ លោក ម៉ា​កូ​ស ដែល​បាន​អបអរសាទរ​ចំពោះ​លោក ឡៃ​ហើយ​ថែមទាំង​បានចាត់ទុក​លោក ឡៃ ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​ថ្មី​របស់​តៃវ៉ាន់​ទៀតផង។


សុន្ទរកថា​របស់លោក​ប្រធានាធិបតី ម៉ា​កូ​ស បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​គោលការណ៍​ចិន​តែមួយ (One China Principle) និង​រំលោភ​លើ​ការប្តេជ្ញាចិត្ត​នយោបាយ​ដែល​ធ្វើឡើង​ដោយ​ហ្វីលីពីន​ចំពោះ​ប្រទេស​ចិន ក៏ដូចជា​ការជ្រៀតជ្រែក​ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ម៉ៅ នី​ង(Mao Ning)នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ។

លោកស្រី ម៉ៅ បាន​បញ្ជាក់ថា ៖«ចិន​ជំទាស់​យ៉ាង​ដាច់ខាត​ចំពោះ​ហ្វីលីពីន​ហើយ​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន ដើម្បី​ចូលមក​ពន្យល់​ប្រកបដោយ​ការទទួលខុសត្រូវ»។


លោកស្រី​បាន​បន្តថា ៖ «លោក​ប្រធានាធិបតី ម៉ា​កូ​ស គួរតែ​អាន​សៀវភៅ​ឱ្យបាន​ច្រើនជាង​នេះ ដើម្បី​បង្កើន​ការយល់ដឹង​អំពី​បញ្ហា​តៃវ៉ាន់ និង​ដើម្បី​ឈានដល់​ការសន្និដ្ឋាន​មួយ​ដ៏​ត្រឹមត្រូវ»។

យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ ក្រសួងការបរទេស​ហ្វីលីពីន​បាន​បង្ហាញថា​ខ្លួន​នៅ​គាំទ្រ​គោលនយោបាយ​ចិន​តែមួយ​របស់ខ្លួន ហើយ​បាន​ពន្យល់ថា សារ​របស់លោក ម៉ា​កូ​ស មាន​គោលបំណង​ទទួលស្គាល់​ពី​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ហ្វីលីពីន​និង​តៃវ៉ាន់ ជាពិសេស​សុខុមាលភាព​របស់​កម្មករ​ហ្វីលីពីន​ចំនួន ២ សែន​នាក់​ដែល​កំពុងធ្វើការ​នៅលើ​កោះ​ប្រជាធិបតេយ្យ​មួយ​នេះ។

សេចក្តីថ្លែងការណ៍​ដដែល​ខាងលើ​បាន​ពន្យល់ថា លោក ម៉ា​កូ​ស គ្រាន់តែ​បាន​ថ្លែងអំណរគុណ​ដល់​កោះ​តៃវ៉ាន់​សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ពលករ​ហ្វីលីពីន​និង​លើកសរសើរ​ដល់​ការរក្សាបាន​នូវ​ដំណើរការ​ប្រជាធិបតេយ្យ។ យ៉ាងណាក៏ដោយ​ហ្វីលីពីន​នៅតែ​ប្រកាន់​ជំហរ​រឹងមាំ​លើ​គោលនយោបាយ​ចិន​តែមួយ។

ការមិនសប្បាយចិត្តរ​បស់​ចិន​ចំពោះ​ការលើកឡើង​របស់លោក ម៉ា​កូ​ស គឺជា​ការដុត​កម្ដៅ​បន្ថែមទៀត​ទៅលើ​ជម្លោះ​ដែល​ប្រទេស​ទាំងពីរ​កំពុងមាន​ស្រាប់។ ភាព​តានតឹង​នេះ​កើតឡើង​ស្រប​ពេលដែល​ហ្វីលីពីន​កំពុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក រួមមាន​ការពង្រីក​កិច្ចព្រមព្រៀង​យល់ព្រម​ឱ្យ​យោធា​អាមេរិក​ចូល​ប្រើប្រាស់​មូលដ្ឋានទ័ព​ហ្វីលីពីន។

មេដឹកនាំ​ជាច្រើន​នៅលើ​ពិភពលោក រួមទាំង​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អាន់​តូ​នី ប្ល៊ីនកែន (Antony Blinken) និង​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោកស្រី យ៉ូ​កូ កា​មី​កា​វ៉ា (Yoko Kamikawa) បានចេញ​សារ​អបអរសាទរ​ចំពោះ​ជ័យជម្នះ​របស់លោក ឡៃ។ ពួកគេ​ក៏បាន​ជំរុញឱ្យមាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ភាព​តានតឹង​នៅ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់។

ដោយឡែក ក្រសួងការបរទេស​តៃវ៉ាន់​បាន​ថ្លែងអំណរគុណ​ដល់​លោក ម៉ា​កូ​ស ដោយបាន​លើកឡើង​ពី​ការសហការ​គ្នា​ដើម្បី​ការពារ​គុណ​តម្លៃ​រួម​គឺ សេរីភាព លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ។ តៃវ៉ាន់​ក៏បាន​បង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​ផងដែរ។

ហ្វីលីពីន​បាន​រក្សា​ទំនាក់ទំនង​ក្រៅផ្លូវការ​ជាមួយ​ទីក្រុង​តៃប៉ិ ដោយបាន​បង្កើត​ការិយាល័យ​សេដ្ឋកិច្ច​និង​វប្បធម៌ ដែល​បំពេញ​មុខងារ​ដូចគ្នា​នឹង​ស្ថានទូត​ជាក់ស្ដែង៕